វិភាគ៖ ចំណាត់ការលើព្រះសង្ឃដែលបង្ហាញកាំភ្លើងជ័រឆ្លុះបញ្ចាំងដូចម្តេចពីការអនុវត្តន៍ច្បាប់?

អតីតព្រះសង្ឃ ហន សុផាន្នី (រូបភាពពីហ្វេសប៊ុក)

អាជ្ញាធរខេត្តបាត់ដំបងបានចាប់ផ្សឹក ហើយវាយខ្នោះព្រះសង្ឃមួយអង្គនៅវត្តមួយក្នុងខេត្តបាត់​ដំបង ​កាលពីថ្ងៃពុធ បន្ទាប់ពីព្រះសង្ឃដែលជាសមាជិកបណ្តាញព្រះសង្ឃឯករាជ្យនោះ បានបង្ហោះ​រូប​ថត​កាំភ្លើងមួយដើមនៅលើហ្វេសប៊ុក។

ព្រះសង្ឃ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បី​យុត្តិ​ធម៌​សង្គម មាន​សង្ឃដីកាថា កាំភ្លើងនោះជាកាំភ្លើងជ័រ មិនគួរណាអាជ្ញាធរខេត្តបាត់ដំបង​ចោទ​ប្រកាន់​ពីបទ​ប្រើ​ប្រាស់​អាវុធ​ខុសច្បាប់នោះទេ។

នៅតាមបណ្តាញសង្គមវិញ ក៏មានរិះគន់ជាច្រើនទៅលើ​ចំណាត់​របស់​តុលាការ​ខេត្ត​បាត់​ដំបង​ចំពោះ​ព្រះសង្ឃ ព្រះនាម ហន សុផាន្នី គង់នៅវត្តដំរីស។

មានសំណួរជាច្រើនត្រូវបានលើកឡើងនៅតាមបណ្តាញសង្គម ដោយ​ចំអកទៅលើការ​ចោទ​​ប្រកាន់នេះ។ ចំអកនៅត្រង់ថា ប្រសិនបើយក​កាំភ្លើងជ័រមកលេង ហើយអាជ្ញាធរចោទថា ប្រើ​ប្រាស់​អាវុធ​ខុសច្បាប់នោះ ចុះអ្នករកស៊ីលក់​កាំភ្លើងជ័រពាសពេញផ្ទៃប្រទេសខុសច្បាប់ឬទេ? លើស​ពី​នេះ ការបង្ហាញអាវុធជ័រដោយ​ព្រះសង្ឃដែលធ្លាប់រិះគន់ លោក ហ៊ុន សែន នោះត្រូវបានគេប្រទះឃើញ តាំងពីអំឡុងពីរឬបីខែមុន នៃការ​ចាប់​ខ្លួនទៅទៀត។

ចំណាត់ការប្រឆាំងព្រះសង្ឃអង្គនេះ ត្រូវបានព្រះតេជគុណ ប៊ុត ប៊ុនតិញ ភ្ជាប់​ទៅ​នឹង​រឿង​នយោបាយ ដោយសារតែ​ព្រះសង្ឃអង្គនេះបានចូលរួមសង្កេតការណ៍​បោះ​ឆ្នោតនៅ​សង្កាត់​​អូចា​ខេត្ត​បាត់​ដំបង។ សង្កាត់អូចា ត្រូវបានគេស្គាល់​តាមរយៈ​ កញ្ញា ស៊ិន ពៅរ៉ូហ្សិត ជា​បេក្ខនារីចៅសង្កាត់ជាប់​ឆ្នោត​របស់គណបក្សសង្រ្គោះជាតិ។

បើសិនជាការបង្ហាញរូបអាវុធនៅ​​លើ​ហ្វេសប៊ុក ជាអំពើ​ខុសច្បាប់មែននោះ មានសំណួ​រជាច្រើន​ត្រូវបានមហាជនចោទ​ឡើង​ដោយ​ប្រៀបធៀបនឹង​ករណី ដែលអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ថត​វីដេអូបង្ហាញកាំភ្លើងពិត ដោយមានគ្រាប់ គំរាមបាញ់សម្លាប់មេដឹកនាំគណបក្សសង្រ្គោះជាតិកន្លងមក។ ប៉ុន្តែករណីទាំងអស់នោះ មិនត្រូវបានអាជ្ញាធរឬតុលាការ​ចាប់ពួកគេ​ទៅ​ដាក់​ទោសឡើយ។

ព្រះតេជគុណ បណ្ឌិត ហុក សុវណ្ណ គង់នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា មាន​ថេរដីកាទាក់ទង​នឹង​ករណីព្រះសង្ឃនៅខេត្តបាត់​ដំបងនេះថា ឆ្លុះបញ្ចាំងឲ្យពីសមត្ថភាពរបស់​សមត្ថកិច្ច​ដែលអនុវត្ត​បទ​បញ្ជានោះគឺជាមនុស្សមិនចេះច្បាប់។

ព្រះអង្គថា «អាជ្ញាធរអត់អង្កេតឲ្យច្បាស់លាស់ តើកាំភ្លើងនោះពិតឬមិនពិត? មុនចាប់លោក​ត្រូវ​ពិចារណាឲ្យច្បាស់លាស់។ សូម្បីសន្តិសុខក្តី តុលាការក្តី គេមុនកាត់ទោស​មនុស្ស​គេ​ត្រូវ​អង្កេត​ឲ្យ​ច្បាស់លាស់ជាមុន។តើលោកកាន់កាំភ្លើងអី? កាំភ្លើងឈើ ទៅចាប់លោក! អាហ្នឹងជា​ការ​ខុស​ច្បាប់របស់អាជ្ញាធរខ្មែរ ត្រូវរៀនច្បាប់ម្តងទៀត អត់ចេះច្បាប់​ហើយ​មកធ្វើអាជ្ញាធរ»។

ក្រុមអ្នកតាមដានករណីនេះលើកឡើងថា កំហុសរបស់ព្រះសង្ឃ ហន សុផាន្នី គឺត្រឹមតែ​គណៈសង្ឃ​ហៅទៅអប់រំគឺវាគ្រប់​គ្រាន់ហើយតាមផ្លូវវិន័យព្រះពុទ្ធសាសនា ពោលមិនមែនជាទោស​កំ​ហុសដែលត្រូវចាប់​ផ្សឹកវាយខ្នោះទៅដាក់គុក ដូចអ្វីដែលអាជ្ញាធរខេត្តបាត់ដំបងអនុវត្តនោះទេ​។

ព្រះតេជគុណ បណ្ឌិត ហុក សុវណ្ណ មានថេរដីកាទៀតថា អាជ្ញាធរត្រូវមាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​មុន​នឹង​មានចំណាត់​ការ​ប្រឆាំង​នឹងព្រះសង្ឃ ដោយថាព្រះសង្ឃជាតួអង្គមួយដែល​មនុស្ស​ផង​ទាំងពួង​ រួមទាំងព្រះមហាក្សត្រផង គោរព ថ្វាយបង្គំ។

ព្រះអង្គបន្តថា «អាជ្ញាធរហ្នឹងកុំឲ្យធ្វើអំពើអាក្រក់ហ្នឹងតទៀត រំលោភស្ថាប័នពុទ្ធសាសនា។ បើ​មិន​ឈប់ទេ គេកាត់ទោសនឹងសន្លឹក​ឆ្នោត២០១៨។ សន្តិសុខអីមើលមុខព្រះសង្ឃដូចជាសត្រូវ​នឹងគ្នាពីពេលណាចឹង?…ថ្ងៃណាមួយអ្នកឯងមានទោសគេធ្វើចឹងដែរតើអ្នកឯងគិតថាម៉េច?..»។

ករណីចាប់វាយខ្នោះព្រះសង្ឃនៅខេត្តបាត់ដំបងនេះ នៅមិនទាន់ឃើញ​មន្រ្តីរដ្ឋា​ភិបាល​​ចេញ​មុខ​បក​ស្រាយយ៉ាងណានោះទេ ខណៈដែលមានការរិះគន់​យ៉ាងកង​រំពង​នោះ​។ ប៉ុន្តែ​រាល់​ចំណាត់​កន្លងមកប្រឆាំងនឹងមន្រ្តីសិទ្ធិនិងមន្រ្តីគណបក្សប្រឆាំង មន្រ្តីរ​ដ្ឋាភិបា​ល​តែង​តែ​អះ​អាង​ថាជាចំណាត់ផ្លូវច្បាប់ឬហៅម្យ៉ាងថាជាប្រទេសនីតិរដ្ឋ។

អង្គការ​សង្គម​ស៊ីវិល ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​ បានកត់សំគាល់ថា កម្ពុជាកំពុងមាន​បញ្ហា​​ចាក់​ស្រេះដែលពិបាកដោះស្រាយ គឺ​អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោស​ចំពោះ​អ្នក​ប្រព្រឹត្តិ​​បទល្មើស ហើយ​តែង​រួច​ខ្លួន​ពី​ច្បាប់ចំពោះអ្នកមានអំណាចមួយចំនួន។ ចំណែក​អ្នកទន់​ខ្សោយ​ឬ​​អ្នក​មិនគាំទ្ររដ្ឋាភិបាល ច្រើនតែទទួលការដាក់ទោសទណ្ឌដោយ​ចំណាត់ការ​តុលា​ការ។ អ្នក​វិភាគ យល់ថា អំពើ​និទ្ទណ្ឌភាព​នេះ គឺ​ជា​មូលហេតុ​ចម្បង​ដែល​ប៉ះពាល់​ទៅ​ដល់​ឯករាជ្យ​ភាព​នៃ​​ប្រព័ន្ធ​តុលាការ។

អង្គការសិទ្ធិមនុស្សក៏ធ្លាប់ចេញរបាយការណ៍ថា បណ្តឹងរបស់ពលរដ្ឋប្រឆាំងនឹង​ការប្រើហិង្សា​ពីសំណាក់អាជ្ញាធរច្រើនតែត្រូវបានតុលាការទុកចោលមិនចាត់ការឡើយ។ ប៉ុន្តែបណ្តឹងខ្លះទៀតដែលអ្នកមានអំណាចឬមន្រ្តីរដ្ឋាភិបាលប្តឹងប្រឆាំងនឹង​អ្នកការពារ​សិទ្ធិ​មនុស្ស អ្នក​នយោ​បាយ​បក្ស​ប្រឆាំង សកម្មជន​ការពារ​បរិស្ថាន និង​ក្រុម​អ្នក​តស៊ូ​មតិ គឺ​តុលាការធ្វើការទាំង​ថ្ងៃ​ឈប់​​សម្រាក​ដូចជាសំណុំរឿងមន្រ្តីអាដហុកជាដើម។

ក្រុមអង្គការសង្គមស៊ីវិលតែងតែលើកឡើងថា ការអនុវត្តច្បាប់នៅកម្ពុជាមានស្តង់​ដាពីរ។​ស្តង់​ដាពីរ​ដោយក្រុមអ្នកតាមដានសង្គមមើលឃើញថា ប្រសិនបើអ្នកប្រព្រឹត្តបទល្មើស​ជា​មនុស្ស​​គាំទ្ររដ្ឋាភិបាលគឺកម្រមានទោសណាស់ ប៉ុន្តែបើបុគ្គលនោះ មិនគាំទ្ររដ្ឋាភិបាល​ឬ​បើ​​ពួកគេជាអ្នកចេញមុខគាំទ្រគណបក្សប្រឆាំងផងនោះ គឺចំណាត់ការ​ផ្លូវ​​ច្បាប់​ត្រូវបាន​អនុ​វត្ត​​​ភ្លាមៗ បើទោះជាសំណុំរឿងខ្លះអាចដោះស្រាយបាននៅក្រៅប្រព័ន្ធតុលាការក៏ដោយ។

កាលពីពេលថ្មីៗនេះ បុរសម្នាក់ជាប៉ូលីសចរាចរណ៍និងជាកូនប្រុស​រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​ផង​នោះ បានដកកាំភ្លើងបាញ់គំរាមទៅលើភាគីម្ខាងទៀត ក្នុងជម្លោះ​ចរាចរណ៍។ ​ក្រោយ​ពីមានការរិះគន់យ៉ាងចាស់ដៃពីបណ្តាញសង្គមហ្វេសប៊ុក ក្រសួងមហាផ្ទៃបានត្រឹម​​​​បន្ថយ​​ស័ក្ត​ប៉ូលីសរូបនោះ តែមិនបានចោទប្រកាន់ពីករណីបាញ់បោះដោយ​ខុស​ច្បាប់​ឡើយ។

អ្នកប្រើប្រាស់ហ្វេសប៊ុក នាំគ្នាបន្ទោសថា ការអនុវត្តន៍ច្បាប់​នៅកម្ពុជាមានស្តង់ដារ បើ​ប្រៀប​ធៀប​ករណី ព្រះសង្ឃលេង​កាំភ្លើងជ័រ នៅខេត្តបាត់ដំបង នឹងករណី ប៉ូលីស លឹម ចំណាន នាយ​រងការិយាល័យចរាចរណ៍ជើងគោក។ នេះគ្រាន់តែករណីមួយក្នុងចំណោម​ករណី​ជាច្រើនទៀត។

អ្នកប្រើប្រាស់​ហ្វេសប៊ុកក៏នាំគ្នាបប្រៀបធៀប ​ករណី អ្នកប្រើហ្វេសប៊ុក ឈ្មោះ ផេង វណ្ណៈ និង​ឈ្មោះ ខាន់ ចាន់សុផល ដែលតែងតែបង្ហាញរូបកាំភ្លើងពិត និង​គំរាមបាញ់​សម្លាប់ លោក កឹម សុខា និង​សកម្មជនខ្លះរបស់​គណបក្ស​ប្រឆាំងនោះ គឺមិនត្រូវបានអាជ្ញាធរ​ចាប់ទៅកាត់ទោស​ដូច​​ករណី ​ប៉ូលីសម្នាក់​នៅក្រសួងមហាផ្ទៃដែលសមត្ថកិច្ច​ចាប់ខ្លួនទៅដាក់គុក​កាលពីពេល​ថ្មីៗ​នេះ ដោយចោទថា ប្រមាថ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះឡើយ​។

ក្រុមអ្នកវិភាគ និយាយថា ការដែលអនុវត្តច្បាប់មានស្តង់ដាពីរនេះហើយ អាចជា​មូល​ហេតុ​ចំបង​មួយ​ក្នុង​ចំណោម​បញ្ហាជាច្រើនទៀតដែល​ធ្វើគណបក្សកាន់​អំណាចបន្តធ្លាក់ចុះ​ការគាំ​ទ្រ​តាំង​​ពី​បោះ​ឆ្នោតជាតិ​ឆ្នាំ២០១៣​រហូតដល់ការ​បោះឆ្នោត ​ឃុំ សង្កាត់ កាលពីថ្ងៃទី៤មិថុនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ