លោក ខៀវ​ សំផន ចោទបក្សកាន់អំណាចថាបើកដៃឲ្យវៀតណាមសម្រេចផែនការលេបទឹកដីកម្ពុជា

លោក ខៀវ សំផន នៅក្នុង​សវនាការ​នាពេល​កន្លង​ទៅ (រូប​ពី ECCC)

អតីតមេដឹកនាំខ្មែរក្រហមមួយរូបគឺ លោក ខៀវ​ សំផន បានទម្លាក់កំហុសទៅលើ​មេដឹកនាំបក្សកាន់​អំ​ណា​​​​​​​​​​ច​ថា បា​នបើក​ដៃឲ្យ​វៀ​​​​តណាមប្រើឥទ្ធិពលសម្រេចផែនការលេបទឹកដីកម្ពុជា។

ក្នុងសវនាការលើសំណុំរឿង០០២វគ្គ២ ដែលធ្វើ​ឡើ​ង​នៅ​​សាលាក្តីខ្មែរក្រហមនៅថ្ងៃទី២៤ខែមិថុនានេះ លោ​ក ខៀវ សំផន បានច្រានចោលថា របប​កម្ពុជា​ធិ​បតេយ្យរបស់លោកមិ​នបានសម្លាប់​​ពលរដ្ឋ​ខ្មែរស្លូ​ត​ត្រ​​ង់​​ និ​ង​ពលរដ្ឋវៀតណា​មដូចកា​រចោទ​ប្រកាន់ទេ។

ផ្ទុយទៅវិញ លោក ខៀវ សំផន ចោទថាបញ្ហាទាំងអស់នោះជាការប្រឌិតរបស់វៀតណាម ដែ​លលោ​កថាដើម្បីសម្រេចបំណងចង់លេបទឹកដីកម្ពុជា។

លោកថា៖ «តើវៀតណាម បានផលចំណេញយ៉ាងណាពីការឃោសនាមួលបង្កាច់នេះ? គឺគេអាចសម្រេច​បំណងវាទី​លេបទឹកដីកម្ពុជាបាន។ សព្វថ្ងៃវៀតណាមកំពុងតែកេងចំណេញពីទឹកដីកម្ពុជាទាំងគោ​គទាំងទន្លេបឹងបួទាំងសមុទ្ររួចទៅហើយ តាមរយៈការព្រមព្រាងរបស់មេដឹកនាំខ្មែ​រសព្វថ្ងៃនេះ។​ ប៉ុន្តែ​លើសពី​នេះទៅទៀត អាចនឹង​ទទួលបា​នអំ​ណោ​យ​​មួយ ដែលពួកគេមិនបានរំពឹងទុកជាមុន គឺដាក់ទោ​សខ្ញុំពី​ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ជន​​ជាតិ​វៀត​ណា​ម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ»។

លោក ខៀវ សំផន បានបង្ហាញការខកចិត្ត ដោយថា សាលាក្តីកូនកាត់មួយនេះ មិនអាចនាំមេដឹក​នាំវៀ​​ត​ណា​មមួយចំនួនមកតតាំងក្តីជាមួយលោកបា​ន។​

លោក ខៀវ សំផន លើកឡើងទៀតថា បើការពិតមិនត្រូវលាតត្រដាង លោកថាវៀតណាមនឹងថ្កោល​ទោ​ស​ក​ម្ពុជានៅថ្ងៃណាមួយពីអំពើប្រល័យពូជសាសន៍នេះ។

លោកថា៖ «បើប្រសិនជាអញ្ចឹងមែននោះ យើងនឹងមើលឃើញហេតុការណ៍ដ៏អាក្រក់គួឲ្យអាម៉ាស​កើតឡើង គឺថាវៀតណាមនឹងស្នើឲ្យអ្នកដឹកនាំដែលអនុញ្ញាតិឲ្យខ្លួនចូលមកគ្រប់គ្រងប្រទេសកម្ពុជារបស់យើង។ ពោលគឺបងធំជើងកាងទាំង៣របស់គណបក្សប្រជាជនកម្ពុជា ធ្វើការសុំទោសជាផ្លូវការ ក្នុងនាមកម្ពុជា ចំពោះអំពើប្រល័យពូជសាសន៍នៅកម្ពុជាលើជនជាតិវៀតណាម»។

អតីតមេដឹកនាំកំពូលៗ របស់ខ្មែរក្រហម៤នាក់ មាន នួន ជា, កាំង ហ្កេចអ៊ាវ ហៅឌុច, អៀង សារី, អ្នក​ស្រី ​អៀង ធារិទ្ធិ និងលោក ខៀវ សំផន ត្រូវសាលាក្តីខ្មែរក្រហមនាំខ្លួនមកកាត់​ទោសចោ​ទច្រើនប​ទ​​​ល្មើ​​ស​ រួម​ទាំ​ងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិផងដែរ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រតិកម្មដោ​យប្រើពាក្យ​ធ្ងន់ៗ វាយ​បក​ទៅ​លោ​ក ខៀវ សំផន វិញដូចនេះថា៖ «ខៀវ សំផន និយាយអញ្ចឹងបានគល់ឫស្សី មិនមែនកា​រកាត់ទោស​តា​មផ្លូវច្បា​ប់ទេ។ អ្នកណាក៏ដឹងដែរពលរដ្ឋរាប់លានាក់ ដែលទទួលមរណភាព ត្រូវវាយសម្លាប់ចោល ដោយ​​ស្រ​ស់​ៗអាហ្នឹងអ្នកណាអ្នកវ៉ៃសម្លាប់គឺពួកខ្មែរក្រហមក្បាលរឹងហ្នឹងហើយ ដែលមានបញ្ជាពី ប៉ុល ពត ខៀវ សំផន និង នួន ជា នឹងឯង»។

សាស្ត្រាចារ្យប្រវិត្តិសាស្ត្រ លោក វង់ សុធារ៉ា លើកឡើងថា ការលើកឡើងរបស់លោក ខៀវ សំផន លោក ថា ជាឧទាហរណ៍មួយមួយទៀត បង្ហាញពីទម្លាប់អាក្រក់របស់អ្នកនយោបាយខ្មែរ ដែលលោកថា មិនចេះ​ទទួល​ស្គាល់ការពិតកំហុសរបស់ខ្លួន។

យ៉ាងណាក៏ដោយ ក្នុងសវនាការសំណុំរឿង ០០២/០២ នៅថ្ងៃនេះ លោក ខៀវ សំផន បានសុំទោស ដល់​​ព្រ​លឹងអ្នកស្លាប់ អំឡុងទសវត្សរ៍៧០ ដែល​លោ​កបានកាន់អំណាចនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ