ពលរដ្ឋនៅសៀមរាបតវ៉ាបិទផ្លូវមុខប្រាសាទអង្គរវត្ត ខណៈអាជ្ញាធរចុះរុះរើផ្ទះសម្បែង

ពលរដ្ឋនៅសៀមរាបតវ៉ាបិទផ្លូវមុខប្រាសាទអង្គរវត្ត (បូ សាវី)

ពលរដ្ឋជាច្រើននាក់នៅខេត្តសៀមរាបបានប្រមូលផ្ដុំគ្នាតវ៉ាបិទផ្លូវមុខប្រាសាទអង្គរវត្ត ដោយថាអាជ្ញាធរបានអនុញ្ញាតឲ្យសាងសង់ ប៉ុន្ដែបែរជារុះរើផ្ទះរបស់ពួកគាត់វិញ ក្រោយដឹងលទ្ធផលបោះឆ្នោត។

នៅវេលាម៉ោងប្រមាណ៤និង៣០នាទីល្ងាចថ្ងៃសុក្រនេះ ក្រុមប្រជាពលរដ្ឋប្រមាណជាង២០០នាក់បានបិទផ្លូវធ្វើដំណើរនៅខាងមុខប្រាសាទអង្គរវត្ត ស្ថិតក្នុងសង្កាត់គោកចក ស្រុកសៀមរាប ក្រុងសៀមរាប ដោយមិនឲ្យមានការធ្វើចរាចរណ៍ឡើយ។

ការតវ៉ាបិទផ្លូវនេះ គឺក្រុមពលរដ្ឋអះអាងថា ពួកគេខឹងសម្បារនឹងអាជ្ញាធរអប្សរា ដែលថា មុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាជ្ញាធរបានបន្ធូរបន្ធយឲ្យប្រជាពលរដ្ឋសង់ផ្ទះឬសំណង់ប្រក់ស័ង្កសីផ្សេងៗតាមតម្រូវការ។ ប៉ុន្ដែក្រោយដឹងលទ្ធផលបោះឆ្នោត ពលរដ្ឋថា អាជ្ញាធរបានកែប្រែជំហរ ដោយចេញសេចក្ដីជូនដំណឹងធ្វើការរុះរើផ្តះសម្បែងរបស់ប្រជាពលរដ្ឋតែម្ដង។

មន្ដ្រីអាជ្ញាធរអប្សរាលើកឡើងថា ការរុះរើផ្ទះរបស់ប្រជាពលរដ្ឋ គឺដោយសារសំណង់ទាំងនោះគ្មានច្បាប់អនុញ្ញាត និងឋិតលើដីរបស់អាជ្ញាធរអប្សរាគ្រប់គ្រង។

សូមជំរាបថា កាលពីវេលាម៉ោង១២រសៀល ថ្ងៃស្រុកនេះដែរ ប្រជាពលរដ្ឋបានផ្ទុះការតវ៉ាបិទផ្លូវម្ដងហើយ ហើយក៏មានអាជ្ញាធរអប្សរាចុះមកអន្ដរាគមន៍ និងសន្យាដោះស្រាយ។

ក្រុមប្រជាពលរដ្ឋថាមិនទាមទារអ្វីច្រើនទេ គឺសុំត្រឹមឲ្យអាជ្ញាធរជួយរកដំណោះស្រាយសមរម្យ សម្រាប់ពួកគាត់ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ