ILO ថាសេចក្ដីព្រាងច្បាប់របស់រដ្ឋាភិបាលនឹងរិតត្បិតមិនឲ្យតវ៉ាបញ្ហាប្រាក់ឈ្នួល

កម្មកររោងចក្រ

អង្គការអន្ដរជាតិមួយ បានរិះគន់សេចក្ដីព្រាងច្បាប់របស់រដ្ឋាភិបាល ដោយថានឹងរិតត្បិតដល់សិទ្ធិសេរីភាពបញ្ចេញមតិ និងហាមឃាត់កម្មករមិនឲ្យតវ៉ាទាមទារបញ្ហាប្រាក់ឈ្នួល។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី២២ខែសីហាម្សិលមិញ ការិយាល័យអង្គការអន្ដរជាតិផ្នែកការងារប្រចាំនៅប្រទេសថៃ កម្ពុជា​ និងឡាវ របស់អង្គការការងារ ILO បានសាទរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកំណត់ប្រាក់ឈ្នួលថ្មី ដល់កម្មករផ្នែកវិស័យកាត់ដេរ វាយនភ័ណ្ឌ និងស្បែកជើង។

ប៉ុន្ដែអង្គការអន្ដរជាតិមួយនេះ លើកឡើងថា សេចក្ដីព្រាងច្បាប់ ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្នើធ្វើវិសោធនកម្មនោះ ហាក់មានភាពមិនច្បាស់លាស់ និងរារាំងដល់សិទ្ធិបញ្ចេញមតិ ពាក់ព័ន្ធនឹងបញ្ហាទាមទារតម្លើងប្រាក់ឈ្នួលរបស់កម្មករ។

បើតាមសេចក្ដីប្រកាសព័ត៌មាន អង្គការពលកម្មអន្ដរជាតិពន្យល់ថា ភាពស៊ីចង្វាក់គ្នារវាងសេចក្ដីព្រាងច្បាប់នេះ និងច្បាប់ការងារ ឆ្នាំ១៩៩៧ នៅមានភាពមិនច្បាស់លាស់ និងថា ​មាត្រា៣២ នៃពង្រាងច្បាប់នោះ កំណត់ថា «រាល់បទបញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងច្បាប់នេះ ត្រូវចាត់ទុកជានិរាករណ៍»។ ត្រង់ចំណុចនេះ អង្គការ ILO រិះគន់ថា ការមិនកំណត់ជាមុននូវអ្វីដែលជា «ភាពផ្ទុយគ្នា»  អាចនឹងបង្កហានិភ័យផ្សេងៗ និងបញ្ហាក្នុងការអនុវត្តច្បាប់ជាក់ស្ដែង។

អង្គការនេះលើកឡើងទៀតថា បទបញ្ញត្តិមួយចំនួនក្នុងពង្រាងច្បាប់ នឹងរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងការតស៊ូមតិ ពាក់ព័ន្ធនឹងបញ្ហាប្រាក់ឈ្នួលអប្បបរមា​ ទាំងក្នុងនិងក្រៅក្រុមប្រឹក្សាជាតិ។

VOD មិនអាចទាក់ទងសុំការពន្យល់ពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ។​

ប៉ុន្ដែក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីប្រាក់ឈ្នួលអប្បបរមា កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង អះអាងថា ច្បាប់នេះមានគោលបំណង លើកកម្ពស់ជីវភាពរស់នៅ បង្កើតឱកាសការងារ និងបង្កើនផលិតភាពការងាររបស់កម្មករនិយោជិតមួយកម្រិតថែមទៀត។

ក្រសួងការងារថា បច្ចុប្បន្នខ្លួនកំពុងប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ទាក់ទងនឹងការធ្វើសេចក្ដីព្រាងច្បាប់នេះ។​

អតីតប្រធានសហជីពសេរីកម្មករ លោក ជា មុនី មើលឃើញថា ច្បាប់នេះ មិនសូវជាបម្រើផលប្រយោជន៍ដល់ក្រុមកម្មករប៉ុន្មានទេ ដោយថា វាធ្វើឡើងតាមបញ្ជារបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងគោលបំណងបំបិទសំឡេងប្រឆាំង ឬការតវ៉ាទាមទារណាមួយ។

លោករិះគន់ថា ច្បាប់នេះក៏មានចេតនារារាំងសកម្មភាពរបស់សហជីព នៅពេលកម្មករចង់ពឹងពាក់ឲ្យតំណាងពួកគេ ដើម្បីចរចាជាមួយម្ចាស់ថៅកែរោងចក្រ ឬការទាមទារតម្លើងប្រាក់ឈ្នួល។

អង្គការពលកម្មអន្ដរជាតិក៏ទទូចឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្ដកិច្ចពិភាក្សាត្រីភាគី ជាមួយនិយោជក កម្មករនិយោជិក និងភាគីពាក់ព័ន្ធ ទាក់ទងនឹងសេចក្ដីព្រាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមានេះ ស្របតាមបទដ្ឋានជាតិ និងអន្ដរជាតិ។

ចាប់ពីឆ្នាំ១៩៩៧ ដល់ ២០១៧ ប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង បានកើនពី ៣០ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៧ ដល់ ១៥៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧។

បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបជាមួយកម្មករ កាលពីថ្ងៃទី២០សីហា បានឲ្យដឹងថា នៅដើមឆ្នាំ២០១៨ កម្មករនឹងទទួលបានប្រាក់ឈ្មួលអប្បរមាចំនួន១៦៨ដុល្លា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ