លោក​ ហ៊ុន សែន ថាការអភិវឌ្ឍនៅតំបន់ត្រីកោណ បាន​ពង្រីក​មិត្ដភាពនិងមានកំណើនសេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន  ថ្លែងថា គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណរវាងប្រទេសកម្ពុជា ឡាវ វៀតណាម គឺបានបង្ហាញទំនាក់ទំនងមិត្ដភាព វិស័យសេដ្ឋកិច្ច កាត់បន្ថយរត់ពន្ធមនុស្ស និងការប្រើប្រាស់គ្រឿងញៀន។

ថ្លែងបើកកិច្ចប្រជុំ រវាងប្រទេសកម្ពុជា វៀតណាម ឡាវ ស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV) នៅរសៀលថ្ងៃទី២៣ខែវិច្ឆិកា នៅខេត្ដសៀមរាប នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងតាមរបាយការណ៍ថា តាមការអភិវឌ្ឍជាក់ស្ដែងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ តំបន់អភិវឌ្ឍន៍ត្រីកោណ បានក្លាយជាតំបន់កសិឧស្សាហកម្មដ៍ធំមួយតាមរយៈការវិនោគពីបរទេសនិងក្នុងស្រុក ហើយតំបន់នោះដែរ ក៏បានក្លាយគោលដៅទេសចរណ៍ធម្មជាតិគួរឲ្យទាក់ទាញនិងបានទទួលភ្ញៀវទេសចរណ៍ជាបន្ដបន្ទាប់ផងដែរ។

លោកបន្ដថា សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានធ្វើឲ្យប្រជាជននៅតាមតំបន់នោះមានជីវភាពប្រសើរឡើងគួរឲ្យកាត់សំគាល់ផងដែរ។

លោកថា៖ «ជាមួយនឹងវត្ដនៈដ៍ល្អប្រសើរខាងលើ ខ្ញុំយល់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ ដែលជាតំបន់ពោរពេញសក្ដានុពលដ៍ធំធេង នៅពុំទាន់ប្រើប្រាស់ឲ្យអស់លទ្ធភាពលើគ្រប់វិស័យនៅឡើយយើងខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពន្លឿនការអនុវត្ដកិច្ចព្រមព្រៀងទ្វេរភាគី និងពហុភាគីក្រុមក្របខ័ណ្ឌត្រីកោណអភិវឌ្ឍន៍នេះ »

លោកនាយករដ្ឋមន្ដ្រីបន្ដថាការតភ្ជាប់សកម្មភាពសេដ្ឋកិច្ចការធ្វើហិរញ្ញប្បទាន និងការបន្ដបរិស្ថានអំណោយផលសម្រាប់វិនីយោគ និងជួយជម្រុញឲ្យតំបន់ត្រីកោណមានកំណើនសេដ្ឋកិច្ចខ្ពស់និងការធានាបាននូវសុខសន្ដិភាព សុវត្ថិភាពយូអង្វែង។

ការអភិវឌ្ឍ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) គឺមានពលរដ្ឋជាប់ព្រំដែន នៃខេត្ត ចំនួន១៣បានទទួលផងប្រយោជន៍ រួមមាន៤ខេត្តរបស់កម្ពុជា ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ៤ខេត្តរបស់ឡាវ គឺខេត្តអាត់ តាពី សាឡាវ៉ាត់ សេកុង និងខេត្តចំប៉ាសាក់ និងខេត្តចំនួន៥របស់វៀតណាម គឺខេត្តកន់ទំ យ៉ាឡាយ ដាក់ឡាក់ ដាក់ណុង និង ខេត្តប៊ិញហ្វឿក។

កិច្ចប្រជុំថ្នាក់តំបន់នេះ មានរយៈពេលពីថ្ងៃគឺចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

កិច្ចប្រជុំពីរថ្ងៃនេះ បានផ្តោតទៅលើការអនុវត្តផែនការមេក្នុងការអភិវឌ្ឍតំបន់ត្រីកោណពីឆ្នាំ២០១០ដល់ឆ្នាំ២០២០ លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការសម្របសម្រួលនៃប្រទេសទាំងបីកាលពីឆ្នាំ២០១៥ និងលទ្ធផលនៃកិច្ចប្រជុំលើកទី៨ កាលពីឆ្នាំមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ