ពលរដ្ឋត្អូញត្អែរពីការឡើងថ្លៃប្រេងឥន្ធនៈ​ បន្ទាប់ចុះថ្លៃបានមួយរយៈ

តារាងតម្លៃប្រេងសាំង (ណាត សុភាព)

ប្រជាពលរដ្ឋមួយចំ​នួននៅរាជធានីភ្នំពេញ បានត្អូញត្អែរពីការតំឡើងថ្លៃប្រេងឥន្ធនៈនៅកម្ពុជា ដោយថា​តម្លៃនេះ​ឡើង​លើសពីមុន​​ប្រហែល៥០០រៀលក្នុងមួយលីត្រ​ បើធៀបនឹងឆ្នាំ២០១៦។

នៅតាមស្ថានីយប្រេងឥន្ធនៈមួយចំនួនក្នុងរាជធានីភ្នំពេញ តម្លៃប្រេងឥន្ធនៈ(ប្រេងសំាង ម៉ាស៊ូត)ក្នុង​មួយ​លីត្រ​ជិត​៤០០០រៀល ដោយ​តម្លៃនេះ​ឡើង​លើសប្រហែល៥០០រៀល បើធៀបនឹងឆ្នាំ២០១៦ តម្លៃ​​ប្រហែល​៣១០០ទៅ៣៣០០​រៀល​ក្នុង​មួយ​លីត្រ​តែ​ប៉ុណ្ណោះ។

អ្នកនាង សឿ សារិទ្ធ មានប្រសាសន៍ថា ការឡើងថ្លៃប្រេងសំាងនេះ ជាចំណែកមួយដែល​ធ្វើឲ្យប៉ះពាល់ដល់ជីវភាព​ប្រជា​ពល​រដ្ឋ។ អ្នកនាងបន្តថា៖ «ពេលសំាងឡើងថ្លៃទៀត ហើយ​ពេលស្ទះ(ស្ទះចរាចរណ៍)ទៀត ដូចថាប្រជា​កសិករ​ដឹកអីវ៉ាន់មក​ពីក្រៅក្រុង មក​ចូលដល់ក្រុងវាពិបាក ហើយវាអស់ចំណាយ​កាន់តែច្រើន​ជាងមុន វាជាផ្នែក​មួយដែលធ្វើឲ្យប៉ះពាល់ដល់លើ​ជីវភាពមួយផងដែរ»។

បុគ្គលិកក្រុមហ៊ុន​ឯកជន លោក កែវ ចិន្តាតុលា បានត្អូញត្អែរថា សំាងឡើងថ្លៃជាដើមចមធ្វើឲ្យទំនិញ​ឡើង​ថ្លៃតាមនោះដែរ។ លោកថាករណីនេះធ្វើឲ្យគ្រួសារគាត់ជួបបញ្ហា​ប្រឈម ដោយសារ​ចំណាយ​ច្រើន​ជាង​ចំណូល​។លោកបន្ថែមថា៖ «ឥឡូវនេះការងារយើង ការរកស៊ីអីក៏វាមិនបាន រកប្រាក់ចំណូលបានច្រើន​ដូចប្រទេសគេជិតខាងដ៏ទៃ​ទៀត​ដែរ យើងរកចំណូលប្រាក់ខែបានតិច ឬក៏ប្រាក់ចំណូលបានតិចតែប៉ុណ្ណោះ បើសិនជា​សំាង​ឡើងថ្លៃបានន័យថាយើងត្រូវ​ចំណាយ ប្រាក់ចំណូលយើងបាត់​បង់មួយភាគទៅខាងសំាងទៅហើយ យើង​ពិបានធ្វើអ្វីមួយទៅថ្ងៃមុខ»។

លើស​ពីនេះទៀត លោក កែវ ចិន្តាតុលា ក៏បានបង្ហាញពីភាពធុញទ្រាន់ពេលធ្វើដំណើរក្នុង​រាជធានីភ្នំ​ពេញ​មានការកកស្ទះជារៀងរាល់ថ្ងៃ​ និងធ្វើឲ្យខាតបង់ពេលវេលា និងសំាងច្រើនផងដែរ។

បុគ្គលិកក្រុមហ៊ុនឯកជន កញ្ញា ហ៊ី ចាន់ថៃ ស្នើទៅរដ្ឋាភិបាលជួយអន្តរាគមន៍ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យពិនិ​ត្យ​ឡើង​វិញលើក្រុមហ៊ុន​ប្រេងសំាង ដោយថាឲ្យលក់តម្លៃសមរម្យ ដែលប្រជាពលរដ្ឋអាចទទួលយក​បាន។ កញ្ញាលើកឧទាហរណ៍ថា៖ «សុំស្នើឲ្យគាត់បញ្ចុះថ្លៃសំាងទៅ ព្រោះពួកខ្ញុំអ្នកធ្វើការ ដ៏ពេលចំណាយលើសំាងច្រើនពេកក៏អត់​មាន​លទ្ធភាពសម្រាប់ផ្គត់ផ្គង់ខ្លួនឯងដែរ និងគ្រួសារដែរ ៣០០០ជាងបានហើយ ៣២០០​ទៅ​៣៣០០​រៀល​​»​។​

អ្នកគ្រប់គ្រងនៅក្រុមហ៊ុនស្ថានីយប្រេងឥន្ធនៈ ភីធីធី(PTT) ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនប្រេងឥន្ធនៈផ្សេងទៀត លោក សាយ កុសល បានឲ្យដឹងថា ប្រេងសំាងឡើងថ្លៃនេះ ដោយសារប្រេងនៅអន្តរជាតិឡើងថ្លៃ​ ខណៈកម្ពុជានាំ​ប្រេង​ចូលពីអន្តរជាតិ។

យ៉ាងណាក៏ដោយលោក សាយ កុសល អះអាងថា ក្រុមហ៊ុន​លោកមិនមែនឡើងថ្លៃប្រេងសំាងតាម​តែការនឹកឃើញនោះទេ ដោយថាការតំឡើងតម្លៃធ្វើតាមការកំណត់របស់ក្រសួង រ៉ែ និង​ថាមពល។ លោកលើកឡើងថា៖ «មើលតាមវេបសាយរបស់ក្រសួង​[ក្រសួងរ៉ែ និងថាមពល​] យើងអនុវត្តទំាង​អស់គ្នា គ្រប់ស្ថានីយទំាងអស់ មិនមែនតែខាងខ្ញុំទេ»​។​

អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា មានប្រសាសន៍ថា ការឡើងថ្លៃប្រេងសំាងនេះ លោកថា ដោយសារចរន្តទីផ្សារអន្តរជាតិ មានការប្រែប្រួល​។ យ៉ាងណាក៏ដោយ​លោកថា ភាគីពាក់ព័ន្ធជាអ្នក​កំណត់តម្លៃជារៀងរាល់​១០ថ្ងៃម្តង​ ​ឲ្យក្រុមហ៊ុន លក់​ តាម​ការកណតនោះ។ លោកបញ្ជាក់ថា៖ «សូមកុំយកបញ្ហានេះ យកមក​បង្វិលថា ក្រសួងជាអ្នកតំឡើងថ្លៃ ឬបញ្ចុះតម្លៃ យើងមិនមែនជាអ្នកតំឡើងជាអ្នកបញ្ចុះទេ យើងជាអ្នកគណនានៅតម្លៃដំបូង ដែលមិនអាច​ឲ្យគាត់លក់​លើសនេះបាន បើគាត់(ម្ចាស់ក្រុមហ៊ុន)ចង់ប្រកួតប្រជែងគ្នា គាត់ចង់លក់ចុះក្រោមនេះ​បាន​[លក់ក្រោម​តម្លៃ​ក្រសួង​​កំណត់] ប៉ុន្តែគាត់លក់លើស គឺមិនបានទេ ដោយសារតែយើងយកតាមតម្លៃទី​ផ្សារ​​​អន្តរ​ជាតិ»

បើតាម លោក ឌិត ទីណា  បើក្រុមហ៊ុនប្រេងណាមិនគោរពតាមការណែនាំ នោះក្រសួងនឹងធ្វើការផាកពិន័យក្នុង​មួយថ្ងៃ៤លានរៀល។

យោងតាមតម្លៃប្រេងសាំងនៅតាមស្ថានីយប្រេងឥន្ធនៈមួយចំនួនក្នុងរាជធានីភ្នំពេញ បច្ចុប្បន្នតម្លៃប្រេងសាំងធម្មតា៣៧៥០រៀល ក្នុងមួយលីត្រ ប្រេងសាំងស៊ុបពែ៣៨០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត៣៤០០រៀលក្នុងមួយលីត្រ ប៉ុន្តែកាលពីមុនតម្លៃប្រេងឥន្ធនៈប្រហែល​៣១០០ទៅ៣៣០០​រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ