តុលាការកោះហៅលោក ជា មុនី ជាលើកទី២​ឲ្យឆ្លើយបំភ្លឺជុំវិញបណ្តឹងញុះញង់

អតីតប្រធាន​សហជីព​សេរី​កម្មករលោក ជា មុនី ​នា​ពេល​កន្លង​មក​

សាលាដំបូងរាជធានីភ្នំពេញ បាន​ចេញ​ដីកា​កោះហៅអតីតប្រធានសហជីពសេរីកម្មករ លោក ជា មុនី ឲ្យចូលទៅបំភ្លឺជាលើកទី២នៅតុលាការជុំវិញសំណុំរឿងដែលសហជីពក្រុម​ផ្សេង​ទៀត​បាន​ប្តឹងពីបទញុះញង់។

កាលពីចុងឆ្នាំ២០១៧ លោកមេធាវី ដារ៉ា សុបញ្ញា និងលោក កេតុ សុណ្ណឌី ដែលអះអាងថា តំណាងឲ្យសហជីពចំនួន១២០ស្ថាប័ន បានប្តឹងលោក ជា មុនី ដោយចោទថា បាន​ញុះញង់ឱ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា។​

កាលពីថ្ងៃទី១៩ ខែធ្នូ តុលាការបានកោះហៅឲ្យចូលបំភ្លឺម្តងរួមមកហើយគឺកំណត់ឲ្យចូលបំភ្លឺនៅថ្ងៃទី២២ខែមករា  ប៉ុន្តែ លោក ជា មុនី មិនបានចូលតាមការបង្គាប់ឡើយ។

ក្នុងដីកាកោះចុះថ្ងៃទី២៣មករាឆ្នាំ២០១៨ តំណាងអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅ លោក ជា មុនី ឲ្យចូលបំភ្លឺជាលើកទី២ក្នុងនាមជនសង្ស័យនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈវេលាម៉ោង៩ព្រឹក។

វិអូឌីមិនសុំការឆ្លើយបំភ្លឺពីលោក ជា មុនី បានទេជុំវិញការកោះហៅឲ្យចៅលបំភ្លឺជាលើកទី២នេះ ដោយទូរសព្ទហៅចូលគ្មានអ្នក ទទួល។

លោក ជា មុនី ត្រូវបានក្រុមសហជីព​ ដែលគេមើលឃើញថា មានទំនោរគាំទ្ររដ្ឋាភិបាលប្តឹង ដោយចោទពីបទញុះញង់ បន្ទាប់ពីលោកបានធ្វើបទសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរីកាលពីចុងឆ្នាំ២០១៧ ដែលសហជីពទាំងនោះថា បានអំពាវនាវឲ្យ   សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាក្រោយរំលាយបក្សប្រឆាំង។

អតីតប្រធានសហជីពសេរីកម្មកររូបនេះ មិនបានចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កានៅថ្ងៃរំឭកខួប ​នៃការបាញ់សម្លាប់ បងប្រុសរបស់គាត់ គឺលោក ជា វិជ្ជា ទេ កាលពីថ្ងៃទី២២មករានេះ ដោយសារតែរងបណ្តឹងនៅតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ