ការបន្ថែម​ផ្កាយដល់ស្នងការនគរបាលរាជធានីរងការរិះគន់

លោក ជួន សុវណ្ណ ស្នងការនគរបាល​រាជធានី​ភ្នំពេញ

រដ្ឋាភិបាលបានដំឡើង​ឋានន្តរសក្ដិដល់មន្ត្រី​នគរបាល​ជាតិចំនួន៦​រូប​ពី​ថ្នាក់ឧត្ដមសេនីយ៍ឯក(ផ្កាយ៣)ទៅ​ជា​នាយ​ឧត្ដមសេនី​យ៍(ផ្កាយ៤) ក្នុងនោះក៏មានលោក ជួន សុវណ្ណ ស្នងការនគរបាល​រាជធានី​ភ្នំពេញ​ផងដែរ​។ ប៉ុន្តែមន្រ្តីសង្គមស៊ីវិលបានរិះគន់ចំពោះការបំពាក់ផ្កាយបន្ថែមដល់លោក ជួន សុវណ្ណ។

នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត (STT) លោក អ៊ី សារុំ កត់សម្គាល់​ថាក្រោយការ​បោះឆ្នោតឆ្នាំ២០១៣ លោក ជួន សុវណ្ណ ជាមនុស្សលេចធ្លោជាងគេ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បញ្ជា​ឲ្យបង្ក្រាប​ដោយ​ហិង្សា​ទៅលើ​ក្រុម​បាតុករ​តវ៉ាទាមទារដីធ្លី​និងជម្រក​សមរម្យ។ លោកយល់ថាស្នងការនគរបាលរូបនេះ​មិនបានជួយបម្រើ​ប្រយោជន៍ប្រជាពលរដ្ឋបានច្រើននោះទេ។​​

លោកមានប្រសាសន៍ថា៖ “តួនាទីរបស់លោក ជួន សុវណ្ណ កន្លងមកនេះហាក់ដូចជាមិនបានបង្ហាញពីការគោរពសិទ្ធិមនុស្ស ការគោរពច្បាប់ ក៏ដូចជាការបម្រើ​ពីផលប្រយោជន៍ប្រជារាស្ត្រ ប៉ុន្តែផ្ទុយទៅវិញគាត់ប្រើអំពើ​ហិង្សាមកលើប្រជាពលរដ្ឋដែលលោកតវ៉ាដើម្បីយុត្តិធម៌ ដើម្បីទាមទារនូវអ្វីដែលខ្លួនបាត់បង់ទៅ

នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោតបានប្រៀបធៀបលោក ជួន សុវណ្ណ ទៅនឹងអតីត​ស្នងការ​នគរបាលរាជធានីភ្នំពេញទៅ លោក ហេង ពៅ និងលោក ​ទូច ណារ៉ុថ។ ប៉ុន្តែលោកថាក្នុង​ចំណោម​នោះគឺលោក ទូច ណារ៉ុថ បាន​​បើកចិត្តទូលាយជាងគេក្នុង​ការជួបសង្គមស៊ីវិលស្តាប់​មតិ ប៉ុន្តែលោកថារាល់ការ​សម្រេចកិច្ចការអ្វីគឺត្រូវ​ឆ្លងកាត់​​ថ្នាក់លើជាអ្នកសម្រេចដដែល។

ប្រធានលេខាធិការដ្ឋាននៃ​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅឋានលោក សៀ ភារម្យ យល់ឃើញប្រហាក់ប្រហែលនឹង​លោក សារុំ ដែរ។ ប៉ុន្តែលោកបន្ថែមថាក្នុងពេលលោក ជួន សុវណ្ណ កាន់តំណែង​ស្នងការនគរបាលរាជធានីភ្នំពេញ ​បទល្មើសឆក់ ប្លន់ នៅតែបន្តកើតឡើង​ច្រើន​។ លោកយល់​ថាបើទោះជាដំឡើង​ឋានន្តរសក្ដិឬតែងតាំងស្នងការ​នគរបាលថ្មីក៏ដោយក៏មិនអាច​ជួយឲ្យ​ប្រជាពលរដ្ឋរងគ្រោះដីធ្លីនិង​អ្នករងគ្រោះបញ្ហា​ផ្សេងៗ​ទទួលបាន​ភាពយុត្តិធម៌នោះទេ។​

លោកបញ្ជាក់​ថា៖ “បើសិនជាយើងអាចផ្លាស់ប្តូរប្រព័ន្ធហ្នឹងបានប្រហែលជាមានអ្នកផ្សេងដែលគាត់ចង់ធ្វើល្អដែរតាមការពិតបុគ្គលទំាងអស់ហ្នឹងគាត់មានក្រុមគ្រួសារមានបងប្អូនគេមិនចូលចិត្តដែរ ប៉ុន្តែធ្វើម៉េចបើគាត់នៅក្នុងប្រព័ន្ធហ្នឹងហើយ បើគាត់មិនធ្វើតាមប្រព័ន្ធហ្នឹងទេ គឺថាគាត់ត្រូវបាត់ផលប្រយោជន៍ បាត់បង់មុខតំណែង បាត់បង់អីទៅ គាត់ត្រូវតែទ្រំាធ្វើដើម្បីផលប្រយោជន៍ដើម្បីលាភសក្ការៈដែរ

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស​របស់​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុកលោក ណៃ វ៉ង់ដា មើលឃើញពីចំណុច​វិជ្ជមាននិងចំណុច​អវិជ្ជមានរបស់ស្នងការនគរបាលរូបនេះ។ លោកកត់សម្គាល់​ថា៖កន្លែងខ្លះជាការអនុវត្តមួយល្អប្រសើរដែរដូចជាករណីការអនុវត្តរបស់សមត្ថកិច្ចប៉ូលិសនៅក្រុងភ្នំពេញយើងពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងស្រវឹង ការពិនិត្យគ្រឿងស្រវឹង ហើយការរឹត​បន្តឹងនូវច្បាប់ចរាចរណ៍ថ្មី យើងឃើញថាមានការអនុវត្តល្អគួរសមដែរ ប៉ុន្តែទាក់ទងទៅនឹងការប្រើប្រាស់កម្លាំង​ក្នុងការបង្ក្រាបបាតុកម្ម ក្នុងការដោះស្រាយជាមួយបាតុករ យើងឃើញថាអត់មានការល្អទេ

VODមិនទាន់សុំការឆ្លើយតបពីលោក ជួន សុវណ្ណ បានទេ​។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​លោក ស ខេង បានថ្លែងប្រាប់អ្នកព័ត៌មានពេលចេញពីសន្និបាតបូកសរុបការងារក្រសួង​មហាផ្ទៃកាល​ពីថ្ងៃទី២៣ ខែកុម្ភៈ​ថាលោកសុំឲ្យសង្គមស៊ីវិលកុំមើលតែមួយ​ជ្រុង​តូចដោយលោកថាការ​ដំឡើង​តំណែងតួនាទីនិងឋានន្តរស័ក្តិដល់លោក ជួន សុវណ្ណ ដោយសារមន្ត្រីរូប​នោះបានបម្រើ​ជាតិ​ស្ទើរ​តែ​ពាក់កណ្តាលជីវិតទៅ​ហើយ។

ក្រោយការ​បោះឆ្នោតឆ្នំា២០១៣មន្រ្តីសង្គមស៊ីវិលកត់សំគាល់ថាលោក ជួន សុវណ្ណ ជាមនុស្សលេចធ្លោជាងគេ​ជាប់​ពាក់ព័ន្ធ​នឹង​​ការ​បញ្ជា​ឲ្យបង្ក្រាប​ដោយ​ហិង្សា​លើអ្នក​តវ៉ាដីធ្លីនៅមុខសាលារាជធានីនិងការ​បង្រ្កាបនៅម្តុំស្ពាន​អាកាស​ក្បាលថ្នល់ស្ពាន​ស្ទឹងមាន​ជ័យនិងការបង្រ្កាបអ្នកតវ៉ានៅ​លើ​ផ្លូវ​វ៉េងស្រេងដែល​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​​ស្លាប់៥នាក់​និង​របួសជិត៤០នាក់​។

លោក​ឧត្តម​សេនីយ៍ ជួន សុវណ្ណ ជាអគ្គស្នង​ការ​រងនគរបាល​ជាតិត្រូវ​បានរដ្ឋាភិបាល​បន្ថែមតួនាទី​មួយទៀតកាលពីចុងឆ្នាំ២០១២ជាស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញជំនួស​លោក ទូច ណារ៉ុថ ដែលត្រូវ​​ផ្ទេរ​ទៅ​ជា​ប្រធាន​នាយក​ដ្ឋាន​អង្គ​រក្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ