លោក សម រង្ស៊ី ថាបើប្រទេសសេរីមិនគាំទ្រលទ្ធផលបោះឆ្នោត បក្សកាន់អំ​ណាចនឹ​ងក្ស័យធន

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស បានបន្តរិះគន់ ​ប​ក្ស​កា​​ន់​អំណាច ដោយថា បើប្រទេសលោកសេរីមិនគាំទ្រលទ្ធផលបោះឆ្នោតកើតចេញពីកា​រប្រកួត​មិនស្មើ​ភា​ពគ្នា​​​​នោះ លោកថាបក្សកាន់អំណាចនឹងក្ស័យធនឬបញ្ចប់ជីវិតនយោបាយដោយខ្លួនឯង។

ការលើកឡើងរបស់លោក សម រង្ស៊ី​ នេះធ្វើឡើងបន្ទាប់ពីសហគន៍ជាតិនិងអន្តរជាតិ ចេញសេចក្តី​ថ្លែង​ការ​ណ៍​ជាបន្តបន្ទាប់ បង្ហាញពីការព្រួយបារម្ភថា​ ច្បាប់គណបក្សនយោបាយថ្មី ដែលតំណា​ងរាស្ត្រប​ក្សកា​​ន់អំ​ណា​ចទើបនឹងអនុម័តថ្មីៗ បានផ្តល់អំណាចលើសលប់ដល់រដ្ឋាភិបាល អាចរំលាយគ​ណបក្សជា​ដៃគូ​ប្រកួ​តបា​​នតាមរយៈក្រសួងមហាផ្ទៃនិងតុលាការកំពូល។

នៅលើហ្វេសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី នាថ្ងៃទី២៣ ខែកុម្ភៈ សរសេរថា ប៉ុន្មា​នថ្ងៃចុ​ងក្រោ​យនេះ តំណាងរាស្ត្រសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប បានបញ្ជាក់យ៉ាងច្បាស់ថា បើគូប្រកួតដ៏ធំជា​ងគេរ​ប​ស់គណបក្សប្រជាជន ត្រូវបានគេរំលាយមុនថ្ងៃបោះឆ្នោត លោកថា​ការបោះឆ្នោតទាំ​ងមូ​លមិ​នមាន​ភាពស្រ​​បច្បា​ប់ទេ។

លោក សម រង្ស៊ី បន្តទៀតថា «បើរដ្ឋាភិបាលបាត់បង់ភាពស្របច្បាប់ គឺមិន​អាចផ្តល់​ការ​ធានា​ដូចមុ​ន​បានទៀតទេ ពីព្រោះ រដ្ឋាភិបាលនោះ មិនមែនជាតំណាងស្របច្បាប់នៃប្រទេសកម្ពុជាទៀតទេ។ រដ្ឋាភិបាលនោះ ក៏មិនអាចដើរខ្ចីលុយគេ ក្នុងនាមប្រទេសកម្ពុជា បានដូចមុនទៀតឡើយ។ ដូច្នេះ បើកា​របោះ​ឆ្នោតខាងមុខមិនត្រូវបានទទួលស្គាល់ដោយអន្តរជាតិទេ រដ្ឋាភិបាលណា ដែលចង់​នៅ​ក្រាញ​អំ​ណាច​​​ដោយខុសច្បាប់ នឹងប្រឈមវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងក្ស័យធនជាមិនខាន គឺ​ចប់​ជី​វិត​ ន​យោបាយតែម្តង»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានច្រានចោលការលើកឡើងនេះ ដោយអះ​អាងថា ភាពត្រឹមត្រូវនៃការបោះឆ្នោតមិនស្ថិតលើមាត់លោក​ សម រង្ស៊ី ទេ។ លោកថា អ្នកដែលកាត់ក្តីពីភា​ពត្រឹ​​មត្រូវនៃលទ្ធផលបោះឆ្នោត គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

លោកថា៖ «គាត់និយាយផ្ទុយហើយ គាត់ចង់លើកឥទ្ធិពលគាត់ថាដូចគ្រាន់បើជាងគេពេលហ្នឹងណា។ ឥឡូវ សម រង្ស៊ី មាននៅស្រុកឯណា នៅក្រៅប្រទេស៣ឆ្នាំហើយ ម៉េចបានគេរស់បាន ម៉េចបានគេ​មានការរី​ក​ច​ម្រើន យើងគិតមើលបណ្ណឹងបានហើយ។ ហើយអន្តរជាតិបានតែហេកហកទេ ហើយ សម រង្ស៊ី កុំភ្លើតភ្លើ​ន គ្មា​​ននណាទៅកាន់ជើង សម រង្ស៊ី ឯងដែលខុសច្បាប់ទេ»។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយ ហៅ NICFEC លោក សំ គន្ធាមី លើកឡើងថា សហ​គមន៍​អន្តរជាតិនឹងដាក់សម្ពាធជំរុញឲ្យកម្ពុជាគោរពយន្តការប្រជាធិបតេយ្យ ដែលមានចែ​ងក្នុងរដ្ឋធម្ម​នុញ្ញ ​តាម​រ​យៈនៃការផ្តល់ជំនួយ ប៉ុន្តែលោកថា ការផ្តាច់ជំនួយទាំងស្រុង ទំនងជាមិនអា​ចទៅរួចទេ។

សម្រាប់អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គមលោក ប៊ូ បញ្ញា ​វិញលើកឡើងថា ប្រទេសលោកខាងលិច នឹងព្រួ​តគ្នា​ដា​ក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា បើអាមេរិកដាក់កម្ពុជាក្នុងបញ្ជីខ្មៅ ចំពោះការដើរចេញពី​គ​ន្លង​ប្រ​ជា​​ធិ​ប​តេយ្យពិតមែននោះ។

លោកថា៖ «បើកាលណាអាមេរិកដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចហើយ មានន័យថាម៉េច ប្រទេសផ្សេងៗជាដៃគូ ដូចជាជប៉ុន មានកូរ៉េខាងត្បូងអីជាដើមហ្នឹង និងលោកសេ​រីមួយចំនួ​ននៅអាស៊ីហ្នឹង ក៏មិននៅសុខដែរ។ ដូចនេះរដ្ឋាភិបាលកម្ពុជា នឹងមិនមើលរំលងទេ បើទោះបីជា​ស​ព្វ​ថ្ងៃនេះ ចិនកំពុងតែមានឥទ្ធិពលលើកម្ពុជាក៏ដោយ»។

ទោះជាយ៉ាងណា លោក សម រង្ស៊ី បានបញ្ជាក់លើបណ្តាញសង្គមថា ភាពស្រ​បច្បាប់​របស់រដ្ឋា​ភិបា​លតា​មលក្ខណៈប្រជាធិបតេយ្យ ក៏ជាការចាំបាច់មួយទៀត ដើម្បីឲ្យកម្ពុជា​ទទួលបាន​ទាំងជំនួយ ទាំងវិនិ​យោគ​ និងទាំ​​ងទីផ្សារ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចប្រទេសកម្ពុជានិងជីវភាពប្រជារាស្ត្រខ្មែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ