គ្រួសារលោកកែម ឡីបារម្ភពីសុវត្ថិភាពប្អូនដែលបង្កើតគណបក្សទាំងអាថ៌កំបាំង

លោក កែម រិទិ្ធសិត ប្អូនប្រុសបង្កើត​សពលោក​បណ្ឌិត កែម ឡី (រូបភាពពីអាសីុសេរី)

ម្តាយនិង បងស្រីលោក កែម​ ឡី ថ្លែងថា ពួកគាត់កំពុងព្រួយបារម្ភពីសុវត្ថិភាពលោក កែម រិទ្ធិសិត ​ខណៈដែលលោក​ប្រកាសថា​នឹងបង្កើតបក្សនយោបាយថ្មីមួយទាំងអាថ៌កំបាំង ដោយដាក់ឈ្មោះ«គណបក្ស​​កែម ឡី»

ក្នុងសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក កែម រិទិ្ធសិត ប្អូនប្រុសបង្កើត​សពលោក​បណ្ឌិត កែម ឡី បានប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយដែលមានឈ្មោះថា គណបក្ស កែម ឡី ដើម្បី​ចូលរួមការបោះឆ្នោតខាងមុខនេះ។

វីអូឌីមិនទាន់អាចសុំការបញ្ជាក់ពីលោក កែម រិទ្ធិសិត បាននោះទេ ដោយទូរសព្ទមិនអាចទាក់ទងបាន។

ទាក់ទងនិងការគ្រោងបង្កើតបក្សនេះ បងស្រីលោកបណ្ឌិត កែម ឡី អ្នកស្រីកែម ថាវី លើកឡើងទាំងអួលដើមកនៅថ្ងៃនេះ ថាអ្នកស្រី​និង​ម្ដាយរបស់​អ្នកស្រី មិនបានដឹង ថាប្អូនចង់បង្កើតបក្សនោះទេ ហើយអ្នកស្រីមិនចង់ឲ្យប្អូនប្រុសចូលរួមក្នុង​សកម្មភាព​នយោបាយ​ទេ ដោយថា​ព្រួយ​បារម្ភពីសុវត្ថិភាព។

អ្នកស្រី កែម ថាវី លើកឡើងបន្តថា អ្នកស្រីបានបាត់បង់ប្អូនប្រុសម្នាក់គឺលោក បណ្ឌិតកែម ឡី ហើយ ដោយរកឃាតក មិនទាន់ឃើញផង ដូច្នេះអ្នកស្រីមិនចង់ឲ្យប្អូនប្រុសពៅធ្វើសកម្មភាពនយោបាយនោះទេ។

អ្នកស្រីបន្តថាលោក កែម រិទ្ធិសិតបានចេញពីផ្ទះតាំងពីយប់ម្សិលមិញដោយមិនបាននិយាយអ្វីទាំងអស់ ហើយមកទល់​នឹង​ម៉ោងជិត ៣ រសៀលនេះ អ្នកស្រី មិនទាន់អាចទាក់ទងប្អូនប្រុសដើម្បីសួរនាំពីបញ្ហានេះនៅ​ឡើយទេ ដោយ​ទូរស័ព្ទ​មិនអាចទាក់ទងបាន។

ទោះបីជាយ៉ាងណាក្នុងសេចក្តីប្រកាសព័ត៌មានដែលមានឈ្មោះ និង​ហត្ថលេខា លោក កែម រិទ្ធិសិតនោះ បាន​លើកឡើង​ថាការបង្កើតគណបក្ស កែម ឡី គឺមានគោលបំណង​យក​ទស្សន​ទានល្អៗ របស់លោកបណ្ឌិត​ទៅ​បន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

ក្នុងសេចក្ដីថ្លែងការណ៍នោះក៏លើកឡើងដែរថា ការបង្កើតគណបក្សនេះ ស្របតាមច្បាប់គឺ​ដើម្បីទប់ស្កាត់​ដល់ ក្រុមជ្រុលនិយមមួយចំនួនតែងតែយកឈ្មោះលោកបណ្ឌិត កែម ឡី ទៅធ្វើជាឧបករណ៍កេង​ចំណេញ​នយោបាយ​ដើម្បីបម្រើមហិច្ឆតារបស់ពួកគេជារៀងរាល់ថ្ងៃ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ