ជំនួបសងសឹករវាងកីឡាករកម្ពុជា ព្រំ សំណាង និងកីឡាករជើងខ្លាំងមកពីប្រទេសថៃលោក Bou Ngen ត្រូវគេកត់សម្គាល់មានអ្នកជក់ចិត្តសម្រាប់ការប្រកួតរបស់អ្នកទាំងពីរយ៉ាងខ្លាំង កាលពីថ្ងៃអាទិត្យទី២៣ មេសា ឆ្នាំ២០១៧ នៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍។
អ្វីដែលធ្វើអោយអ្នកគាំទ្រពេញចិត្ត គឺកីឡាករកម្ពុជានៅតែរកឱកាសវាយអោយកីឡាករថៃសន្លប់ជាថ្មីបានដូចពីមុនក្នុងពេលដែលថៃបានសុំប្រកួតសងសឹក។
ក្នុងជំនួបលើកទី១របស់កីឡាករទាំងពីរ ជើងចាស់កម្ពុជា ព្រំ សំណាង គឺជាអ្នកមានសំណាងទទួលបានជ័យជម្នះ ដោយលទ្ធផលនោះក៏ត្រូវគេមើលឃើញថាបានទទួលដោយហេងស៊យប៉ុណ្ណោះ ដ្បិតថាមានលទ្ធផលនាំមុខជើងខ្លាំងថៃ។ ការប្រកួតនៅក្នុងពេលនោះ អ្នកទាំងពីរប្រើកម្លាំងបាយសឹងតែ៥ទឹកពេញ ដោយការប្រតាយប្រតប់យ៉ាងចាស់ដៃនៅនាទីចុងក្រោយ បានក្លាយទីកាត់ក្ដី ហើយនៅទីបំផុតកីឡាករថៃក៏ភ្លាត់ត្រូវមួយកែងពេញទំហឹងក្រោមការវាយលុករបស់កីឡាករកម្ពុជា បណ្ដាលសន្លប់ក្នុងទឹកទី៥។
កីឡាករថៃបានប្រកាសកើតទុក្ខមិនសុខចិត្ត ហើយសម្រេចចិត្តសុំសងសឹកភ្លាមៗ តែគណៈកម្មការរបស់ទូរទស្សន៍អស៊ីអាគ្នេយ៍មិនអាចរៀបចំអោយបាននោះទេ ដោយទើបតែឃើញរំលេចជំនួបរបស់ពួកគេជាលើកទី២ កាលពីថ្ងៃទី២៣ មេសា។
យ៉ាងណាមិញក្នុងការប្រកួតសងសឹកនោះ កីឡាករថៃមិនទទួលបានផ្លែផ្កានោះទេ ដោយសារតែខំចំណាយកម្លាំងវាយលុកបានល្អត្រឹមតែជាង១ទឹក ក៏ភ្លាត់ត្រូវមួយកណ្ដាប់ដៃចំគុម្ពថ្គាម ហើយបណ្ដាលអោយរាប់ដល់៨នៅទឹកទី២។ ទោះជាខំតស៊ូស្វិតស្វាញ ក៏ជំនួបទាំងមូលនៅតែត្រូវបញ្ចប់ក្នុងទឹកទី៣ ដោយសារតែកីឡាករ ព្រំ សំណាង វាយអោយរាប់៣លើកជាថ្មីម្ដងទៀតរហូតតម្រូវអោយលោកអាជ្ញាកណ្ដាលបញ្ឈប់លែងអោយប្រកួត។
កីឡាករ Bou Ngen ត្រូវកីឡាករ ព្រំ សំណាង វាយអោយដល់៤ដង អន់ជាងការប្រកួតក្នុងជំនួបកាលពីលើកទី១ទៅទៀត ទើបអ្នកណាៗក៏មើលឃើញថាការប្រកួតសងសឹកកាលពីថ្ងៃទី២៣ មេសា ២០១៧ គឺខាតមុខមាត់ជាងមុន ទាំងកេរ្តិ៍ឈ្មោះ និងក្រេឌីត។ ការប្រកួតលើកនេះ កីឡាករថៃនៅតែត្រូវមើលឃើញថាភ្លាត់ បើទោះជាគេអាចប្រើកណ្ដាប់ដៃបានល្អ ជាពិសេសគឺវ័ធកែងបានត្រូវគោលដៅ ដែលបិះនឹងធ្វើអោយកីឡាករកម្ពុជាសន្លប់វិញនៅទឹក២និងដើមទឹកទី៣។ អ្នកទស្សនាការប្រកួតច្រើននាក់សុទ្ធតែបានសរសើរថាគូនេះប្រកួតគ្នាបានល្អហើយស៊ីសង្វាក់ ដែលអាចនិយាយបានថាទម្រាំរកឃើញលទ្ធផលឈ្នះចាញ់ គឺពួកគេម្នាក់ៗសុទ្ធតែវាយគូប្រកួតអោយអ្នកទស្សនាផ្ដល់ចំណាត់ថ្នាក់ថាជក់ចិត្ត។
លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថាគូនេះជួបគ្នាជាលើកទី១កាលពីច្រើនសប្ដាហ៍មុន ដោយការប្រកួតកាលនោះ កីឡាករថៃភ្លាត់អោយសន្លប់ទាំងមិនអស់ចិត្តនៅទឹកទី៥ទើបគេប្រកាសសុំសងសឹក។ លោកថាទាំង ព្រំ សំណាង និងកីឡាករថៃ Bou Ngen សុទ្ធតែជាកីឡាករល្បីឈ្មោះដែលមានការងារសកម្មរៀងខ្លួននៅក្នុងវិស័យកីឡា ទើបការប្រកួតសងសឹករបស់កីឡាករទាំងពីរពិបាករកថ្ងៃអោយប៉ះប្រកួតគ្នាហួសពីការស្មាន ដោយទើបតែអាចកំណត់បានកាលពីថ្ងៃអាទិត្យទី២៣ មេសា។
អ៊ីចឹងហើយទើបលោកចាត់ទុកថាការប៉ះគ្នាសងសឹករបស់អ្នកទាំងពីរ គឺជាពេលវេលាអំណោយផលនិងកម្រសម្រាប់កីឡាករល្បីឈ្មោះទាំងពីរ។ លោកនិយាយថា «ខាងថៃហ្នឹងគ្រាន់តែចាញ់ ព្រំ សំណាង កាលពីលើកទី១ភ្លាម គឺសុំសងសឹកព្រោះវាមិនអស់ចិត្ត តែសងសឹកៗមិនមែនចេះតែនឹកឃើញដាក់បានទេ ដោយសារតែពេលវេលាកីឡាករថៃទំនេរខាងខ្មែរជាប់ប្រកួត ហើយបើខាងខ្មែរថាប្រកួតបាន ខាងណុះជាប់វិញ ដល់ចឹងពិបាករកពេលត្រូវគ្នា!»។
លោកថាកីឡាករថៃមិនទាន់មានការទាមទារសុំជួបសងសឹកជាថ្មីនោះទេ បន្ទាប់ពីបានសន្លប់ក្នុងការប្រកួតសងសឹកកាលពីថ្ងៃទី២៣ មេសា ដែលទើបបញ្ចប់។
លោកថាការប្រកួតប៉ះគ្នាក្នុងជំនួបលើកទី២ កីឡាករ ព្រំ សំណាង វាយម៉ាត់បានល្អទើបមានឱកាសវាយបំបុកត្រូវចំគោលដៅទៅកីឡាករថៃ ហើយធ្វើអោយថៃរាប់លើកទី១និងអាចបំបែកភាពខ្លាំងរបស់ថៃអោយរាប់ដល់ទី៤ដង ព្រោះតែការវាយសម្រុក។ លោកថាមួយគូនេះនឹងតម្រូវប៉ះប្រកួតគ្នាជាលើកទី៣ ប្រសិនបើកីឡាករថៃស្នើសុំអោយមានការប្រកួតសងសឹកជាថ្មីម្ដងទៀត។ លោកកថាកីឡាករ ព្រំ សំណាង ទទួលបានជោគជ័យក្នុងជំនួបសងសឹករបស់ថៃ គឺដោយសារតែគេកាន់តែស្គាល់ចំណុចខ្សោយរបស់កីឡាករថៃ Bou Ngen ប៉ុណ្ណោះដោយលោកប្រកាសថាបើផ្អែកតាមសមត្ថភាពរបស់កីឡាករថៃ គឺ ព្រំ សំណាង ក៏មិនងាយយកឈ្នះដែរ បើខ្វះបច្ចេកទេស និងគ្មានសំណាងបន្ថែមពីលើ។ លោកចាត់ទុក កីឡាករ Bou Ngen សន្លប់ក្នុងទឹកទី៣កាលពីថ្ងៃទី២៣ មេសា ជាលទ្ធផលយ៉ាប់ជាងមុន ប៉ុន្តែដោយសារតែភ្លាត់អោយរាប់មួយលើកដំបូង៕