វិភាគ៖ អ្វីនៅពីក្រោយការចោទថាអាមេរិកចង់ធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា?

អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា​ លោក​ ឈាង វុន

មន្ដ្រីជាន់ខ្ពស់ និងជាតំណាងរាស្ត្រ គណបក្សកំពុងគ្រប់គ្រងអំណាច លោក ឈាង វុន កាលពីថ្ងៃ​ទី២៣​ឧ​ស​ភា បាន​ធ្វើបទបង្ហាញមួយ នៅមន្ទីររដ្ឋសភា ទាក់ទិននឹងប្រធានបទ «បដិវត្តន៍ពណ៌ និង វិនា​ស​កម្មនៃ​សង្គ្រា​ម»។

ពេលធ្វើបទបង្ហាញនោះ លោក​ ឈាង វុន បានចោ​ទ​​ប្រកា​​​ន់ចំៗទៅសហរដ្ឋអាមេរិក​ថា មានចេតនាច​ង់ផ្តួ​ល​រំលំរដ្ឋា​ភិបាលកម្ពុជា តាមរយៈបង្កើតឲ្យមាន​ចលនា «បដិ​វត្តពណ៌»។

បើទោះបីជាក្នុងបទបង្ហាញនោះ លោក ឈាង វុន មិនបានបង្ហាញភស្តុតាងរឹងមាំ ការចោទ​ប្រកា​ន់រប​ស់​លោ​​​ក​ក៏ដោយ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចរូបនោះ បាន​ការពារ​ការចោទប្រ​កាន់​របស់ខ្លួនថា ស​ហ​​​រ​ដ្ឋអាមេរិកចង់បង្កើតចលនាបដិវត្តពណ៌ តាមរយៈផ្តល់មូលនិធីគាំទ្រអង្គ​ការសង្គ​មស៊ីវិលជាតិនិង​អន្តរជាតិនៅកម្ពុជា។

លោក ឈាង វុន បាននិយាយថា ស្ថាប័នទាំងនោះមាន វិទ្យាស្ថានជាតិ​ដើម្បីលទ្ធិប្រ​ជាធិបតេយ្យ (NDI) វិទ្យាស្ថានសាធារណរដ្ឋអន្ដរជាតិ (IRI) វិទ្យាស្ថាន Freedom House និងអង្គស​ង្គ​មស៊ី​វិ​លក្នុ​​ង​ស្រុ​ក មួយចំនួនទៀត រួមទាំងប្រព័ន្ធផ្សព្វផ្សាយល្បីៗនៅកម្ពុជាផងដែរ។

បើទោះបីជា លោក ឈាង វុន បានប្រើប្រាស់មន្ទីររដ្ឋ ធ្វើបទបង្ហាញ​ ចោទ​ប្រកាន់ចំៗ ទៅលើប្រ​ទេសម​ហាអំណា​​ច ដែ​លប្រកាន់លទ្ធិប្រជាធិបតេយ្យ និងសង្គមស៊ីវិ​លមួយចំនួន​ដែលកំពុងធ្វើស​កម្មភាពលើ​កស្ទួយ​សិទ្ធិម​នុស្ស​ថា មានបំណងមិនល្អ​ នឹងរដ្ឋាភិបាលក៏ដោយ ប៉ុន្តែបើគេពិនិត្យពីខ្លឹម​សារនៃ​បទ​បង្ហាញ​នេះ មិនមែន​ជា​​រឿងថ្មីទេ។

កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់រិះគន់អាមេរិក ពីការទម្លាក់គ្រាប់បែកនៅកម្ពុជា ពីសម័​យស​ង្គ្រាមអតីតកាល និងធ្លាប់ព្រមានអ្នកធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនេះដែរ ដោយលោក ហ៊ុន សែន បារម្ភថាចលនានេះអាចនឹងឈានទៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោកនៅពេលខាងមុខ។ តែ​​សង្គម​​ស៊ីវិល ចាត់ទុកថា សារព្រមាននេះ ជាការភ័យខ្លាចស្រមោលខ្លួនឯង នៅពេលកាន់​អំណាចយូ​បញ្ហាចាក់ស្រះដោះស្រាយមិនចេញ។​

ប៉ុន្តែសារព្រមាន របស់នាយករដ្ឋមន្ត្រីនេះ មិនយូប៉ុន្មាន សមត្ថកិច្ច​ឈាន​ទៅចាប់ខ្លួន និស្សិត គង់ រ៉ាយ៉ា ដែលបានអំពាវឲ្យចូលរួមធ្វើបដិវត្តពណ៌ តាមបណ្តាញសង្គម និងករណីដាច់ដោយឡែកមួយទៀត គឺ ចាប់​ខ្លួនសកម្មជនដីធ្លី នៅតំបន់បឹងកក់ អ្នកស្រីទេព វន្នី ដែលស្ត្រីរូបនោះ តែងតែសកម្មចេ​ញធ្វើយុទ្ធនា​ការថ្ងៃចន្ទ​ពណ៌ខ្មៅ ជំរុញឲ្យរដ្ឋាភិបាលដោះលែង អ្នកការពារសិ​ទ្ធិ​មនុ​ស្ស​នៅសមាគមអាដហុក និង​ទាមទា​​​​រឲ្យវែកមុខអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី ម​កផ្តន្ទាទោស។

នេះ​មិនទាន់រាប់បញ្ជូនទៅនឹងការចាប់ឃាត់ខ្លួន មន្ត្រីការពារសិទ្ធិមនុស្សនៅអង្គការលីកាដូ និងនាយកប្រ​តិបត្តិ​​នៅសមាគមធាងត្នោត លោក អ៊ី សារុម ដែលពេលនេះកំពុងនៅក្រៅប្រទេសនៅឡើយ។

បញ្ហាទាំងនេះត្រូវបានចោទជាសំនួរថា តើអ្វីនៅពីក្រោយការចោទកាន់​ថា សហរដ្ឋអាមេរិក​ ច​ង់​​បង្កើត​ឲ្យ​មា​ន​​ច​លនាប​​​ដិ​វត្តពណ៌ ផ្តួលរំលំរដ្ឋាភិបាលនៅកម្ពុ​ជា?

អ្នកជំនាញនយោបាយយល់ឃើញផ្សេងគ្នា។សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា វិភា​គថា ចលនាបដិវត្តពណ៌បែបហិង្សាចង់ផ្តួលរំលំរដ្ឋាភិបាលលោកថា នឹងមិនអាចកើត​ឡើងទេ​នៅ​កម្ពុជា​ ដោយលោកវិភាគថា មេបញ្ជាការធំៗរបស់កងម្លាំងប្រដាប់អាវុធទាំងអស់នៅពេលនេះ បានបង្ហាញ​ភាពជឿជាក់លើកការដឹកនាំ របស់លោក ហ៊ុន​ សែន ហើយបក្សប្រឆាំងវិញក៏គ្មានលទ្ធភា​ពអូសទាញ​កង​កម្លាំ​ង​ទាំ​ងនេះឲ្យគាំទ្រខ្លួនដែរ ។

លោក ឯម សុវណ្ណារ៉ា លើកឡើងទៀតថា ជាទូទៅប្រទេសលោកសេរី រួមទាំងអាមេរិកផង ដែលបានផ្ត​ល់​មូល​​នីធិដល់អង្គការក្រៅរដ្ឋាភិបាល ឲ្យធ្វើសកម្មភាពសិទ្ធិមនុស្សលោកវិភាគថា ជាយន្តការជំរុ​ញលទ្ធិប្រជា​ធិ​ប​តេយ្យនៅកម្ពុជា។ លោកថា ការលើកឡើង របស់មន្ត្រីបក្សកាន់អំណាចនៅពេលនេះ ជាការភ័យខ្លា​ច​បាត់​បង់អំ​ណាច តាមរយៈការបោះឆ្នោត ដោយថាពេលនេះរ​លកប្រជាធិបតេយ្យកំពុងងើបឡើង។

លោកថា៖ យន្តការនេះធ្វើឲ្យប៉ះពាល់ដល់បក្សកាន់អំណាច អាចទាមទារឬចង់បានឲ្យប្រជាពលរដ្ឋគាំទ្រខ្លួន តាមរយៈបំភ័យថា កាលណាមានបដិវត្តពណ៌ទៅ ធ្វើឲ្យមានសង្គ្រាម ធ្វើឲ្យមានអស្ថេរភាពសង្គម អានេះដែលជាការលើកឡើង ហើយដែលខ្ញុំគិត»។

ក្រោយកាបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រឆាំង ដែលធ្លាប់រិះគន់រដ្ឋាភិបាលពីការរំលោភសិទ្ធិមនុស្ស អំ​ពើ​​​ពុ​ករលួយ និងការរំលោភដីធ្លីជាដើមនោះ បានកើនសំឡេងបាន៥៥អាសនៈ ក្នុងចំណោ​មអាស​នៈស​រុប​១២៣ក្នុងសភា។

ជា​មួយ​គ្នានោះដែរ គណបក្សកាន់អំណាច ដែលធ្លាប់គ្រប់គ្រងកៅអីក្នុងសភា៩០អាសនៈនោះ បានធ្លាក់​ចុះ​ត្រឹម៦៨វិញ ពោលគឺបាត់បង់អស់២២អាសនៈ។

លោក ឯម សុវណ្ណារ៉ា វិភាគដែរថា ការចោទប្រកាន់សហរដ្ឋអាមេរិកចំៗនេះ ​ក៏បានបង្ហាញផងដែរថា ប​ក្ស​កាន់​អំណា​ច កំពុងមានទំនោខ្លាំងទៅកាន់មហាអំណាច​ចិន។ ប៉ុន្តែលោកវិភាគថា ជម្រើសយកចិនតែ​មួ​យ ​អា​ចធ្វើឲ្យ​កម្ពុជាខាតបង់។

លោកថា៖ «ជម្រើសដ៏ល្អរដ្ឋាភិបាលកម្ពុជាត្រូវប្រកាន់ជំហអព្យាក្រឹត​ អាហ្នឹងទើបទាក់ទងមហាមិត្ត ឬមិត្តនានានៅលើ​សកលលោកបានច្រើន បើសិនជាយើងបង្ហាញជំ​ហយើងច្បាស់លាស់ទៅ​ខាងភាគីណា​មួយ គឺយើងពិបាកនឹងការទាញយកពិសកលលោកបាន។ ហេតុអីបានខ្ញុំលើកពីលក្ខណនេះ ពីព្រោះ​កម្ពុជាមិនពឹង​ផ្ទែកលើតែប្រយោជនចិនទាំងស្រុងទេ កម្ពុជា​ពឹ​ងផ្អែកទៅលើផលប្រយោជន៍ ទីផ្សារអ៊ឺរុប និងអាមេរិកច្រើន នៅក្នុងកា​រនាំចេ​ញផលិត​ផលសំ​លៀកបំ​ពាក់ឬ​ក៏ផលិ​តផលផ្សេងៗ ព្រោះទីផ្សារអឺរុប និងអាមេរិកបានផ្តល់កម្រៃពលកម្មខ្លាំង ច្រើន​ជាងទីផ្សារចិន»។

បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក សុខ​ ទូច លើកឡើងថា ការដែលមន្ត្រីរដ្ឋា​ភិបាល​លើកឡើ​ងបែ​ប​នេះ  លោកវិភាគថា មិនមែនរដ្ឋាភិបាលបារម្ភ ពីរលកប្រជាធិបតេយ្យនៅកម្ពុជាទេ លោក​វិភាគថា​ ការកើន​សំ​​ឡេងរបស់បក្សប្រឆាំងនៅពេលនោះ មកពីមន្ត្រីបក្សកាន់អំ​ណាច បានសា​ងកំហុសច្រើននៅថ្នាក់ក្រោម​។

បើតាមលោក សុខ ទូច ការលើកឡើង របស់លោក ឈាង វុន ទំនង​​ជា បារ​ម្ភថា អាមេ​រិកនឹ​ងធ្វើ​ឲ្យមានប​ដិវត្តពណ៌ដូ​ចនៅមជ្ឈិមបូព៌ា មាននៅ​អ៊ុយក្រែនជាដើម ដែ​​​ល​លោ​ក សុខ ទូច ថាចល​នាប្រ​ឆាំ​ង​រដ្ឋាភិបា​លអ៊ុ​យក្រែនពេលនោះ លោកថាបានផ្តួច​ផ្តើមដោយសហរដ្ឋអាមេរិក។

លោកថា៖ «សហរដ្ឋអាមេរិកចូលទៅដល់ហ្នឹងគឺបង្កើតអង្គការក្រៅរដ្ឋាភិបាល។ ហើយអង្គការ​ក្រៅរដ្ឋាភិបា​លហ្នឹងគឺជាភ្នាក់ងា បង្កើតឲ្យមានការបំពាក់ពណ៌ និងធ្វើឲ្យផ្ទុះឡើង។ អាហ្នឹងនៅក្នុងប្រទេសហ្នឹង ហើយប្រហែ​លជាលោក[ឈាង វុន] គិតទៅអញ្ចឹងទេមើលទៅ​ខ្ញុំមិនដឹងទេ។ បដិ​វត្តពណ៌វាមិ​នចេញម​កពី​ខា​ងហ្នឹ​ង​ទេ ប៉ុន្តែវាចេញមកពីអ្នកដែលផ្កាប់មុខ និមួយៗ»។

អ្នក​ស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា ការធ្លាក់ចុះ​ប្រជាប្រិ​យភា​ព​យ៉ាងគំ​ហុក របស់បក្សកាន់អំណាច នៅឆ្នាំ២០១៣ លោកថា រដ្ឋាភិបាលពិតជាដឹងពីភាព​មិនច្បា​ស់​លា​ស់នៃ​​ការប​​ន្តកាន់អំណាចរបស់ខ្លួន ក្រោយបោះឆ្នោតឆ្នាំ២០១៨។

លោក មាស នី វិភាគថា ការដែលមន្ត្រីបក្សកា​ន់អំណាច បានសន្និដ្ឋានទុកមុនថា ក្រុមនេះឬក្រុមនោះ មា​​ន​​​​បំ​​​​​​ណ​ងមិនល្អជាមួយបក្សកាន់អំណាច លោកថាអាចជាយុទ្ធ​សាស្ត្រគំរាមមួយមុន​ការបោះ​ឆ្នោតម​ក​ដល់ ថាពួកគេគ្មានថ្ងៃចាញ់ ។

លោកថា៖ «ស្ថានការបោះឆ្នោតនៅឆ្នាំ២០១៣ក៏បានបង្ហាញថាកម្លាំងនៃការផ្លាស់ប្តូរហ្នឹង វាមានក​ម្រិតធំធេងណាស់ ដែលយើងគិតថាឡើងពី២០ជាងកៅអីឡើងមកដល់៥៥គឺសម្បើម ហើយប​ក្សកា​ន់​អំ​​ណាច​ធ្លាក់ពី៩០កៅអីមក៦៨នេះធ្លាក់ធ្ងន់ណាស់ បើយើងនិយា​យមែនទែនទៅ។ អ្នកឡើងក៏ឡើងខ្លាំង អ្នក​ធ្កាក់ក៏​ធ្លាក់ធ្ងន់ដែរ។ អញ្ចឹងសរុបសេ​ចក្តីទៅមន្ត្រីរដ្ឋាភិបាលមានមូលហេតុគ្រប់គ្រាន់ ដើម្បីធ្វើការ​សន្និដ្ឋានថា ការផ្លាស់ប្តូរវានឹង​អា​ច​​កើ​តមា​ន។ អញ្ចឹងទៅបើសិនជាមានការតវ៉ា អញ្ចឹងលទ្ធភាពថា​បង្ក្រាបបដិវត្តពណ៌​អីហ្នឹង គេ​នឹង​ប្រើនៅ​ពេ​លហ្នឹងហើយ»។

សរុបសេចក្តីទៅ ទាំងអ្នកវិភាគ ទាំងអ្នកតាមដានសង្គមឲ្យយោបល់ថា កម្ពុជាគួរប្រកាន់ជំហរ អព្យាក្រឹត មិនចំ​ណុះឲ្យមហាអំណាចណាមួយ នោះទើបជំរុញនាវាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន និងថាវិ​ធានកា​រណា​​​ទាំ​ងឡាយណា ដែ​លមិនឆ្លើយតប​នឹងកង្វល់ របស់ពលរដ្ឋ ដូចការរំលោភសិទ្ធិមនុស្ស ការប​ន្តឃុំខ្លួ​ន​ម​ន្ត្រីសិទ្ធិមនុស្ស​ ការប្រើសារគំរាម ពី​កា​​រកើ​តសង្គ្រាមក្តី ពួកគេថា ជាការខាតបង់ របស់​បក្ស​កា​ន់អំ​ណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ