មនុស្សម្នារាប់សែននាក់ បានចូលរួមហែក្បួនសព លោកបណ្ឌិត កែម ឡី ចេញពីវត្តចាស់ក្នុងសង្កាត់ជ្រោយចង្វា ឆ្ពោះទៅកាន់ខេត្តតាកែវនៅព្រឹកថ្ងៃអាទិត្យនេះ។
ចាប់តាំងពីព្រលឹមស្រាងៗមក ប្រជាជនបាននាំគ្នាដាស់សមាជិកគ្រួសារឲ្យក្រោកពីដំណែក ដោយអ្នកខ្លះបាននាំយកទឹកសុទ្ធ ភេសជ្ជៈ និងម្ហូបអាហារទៅឈររង់ចាំតាមដងផ្លូវ សហព័ន្ធរុស្ស៊ី ផ្លូវព្រះមុនីវង្ស ដែលក្បួនសពត្រូវឆ្លងកាត់។
ប្រជាជនដែលចូលរួមខ្លះបានលើកទង់ជាតិខ្មែរ ខ្លះបានលើករូបថត លោក កែម ឡី ស្ថិតក្នុងទឹកមុខក្រៀមក្រំ។
នៅតាមដងផ្លូវសហព័ន្ធរុស្ស៊ី សមត្ថកិច្ចបានដាក់របាំងបិទទ្រូងផ្លូវមិនឲ្យឆ្លងកាត់ទទឹងផ្លូវបានឡើយ ។ ជាមួយគ្នានោះ ក៏មានរថយន្តដែលមានរបាំងដែកដាក់ត្រៀមនៅជិតវិមានស្តិភាពជាកន្លែងរបស់នាយករដ្ឋមន្ត្រីធ្វើការ ខណៈសមត្ថកិច្ចរាប់រយនាក់ បានឈរជើងនៅតាមគោលដៅរបស់ខ្លួន។
ទន្ទឹងការរិតបន្តឹងសន្តិសុខនេះ ស្ថានីយប្រេង និងផ្ទះលក់ដូរទាំងអស់នៅតាមដងផ្លូវដែលក្បួនហែសពឆ្លងកាត់ ត្រូវបានបិទ។
អ្នករាយការណ៍ព័ត៌មានវីអូឌី(VOD) ដែលតាមដានព្រឹត្តិការណ៍នេះដោយផ្ទាល់បានរាយការណ៍ថា ក្បាលក្បួនចេញមកដល់រង្វល់មូលជ្រោយចង្វាហើយ ប៉ុន្តែកន្ទុយក្បួននៅចេញមិនទាន់ផុតពីវត្តចាស់នៅឡើយ ដែលមានចំងាយប្រហែលជាង៤គីឡូម៉ែត្រ។
ក្រៅពីនោះ ប្រជាជនផ្សេងទៀត បានរង់ចាំម្តុំចោមចៅមានប្រហែលជាង៥០០០នាក់ និងនៅតាមដងផ្លូវរាប់រយនាក់ចាប់តាំងម្តុំមុខគណៈរដ្ឋមន្ត្រីដល់ចោមចៅ។
អ្នករាយការណ៍ព័ត៌មានVOD បានឲ្យដឹងថា នៅម៉ោងប្រហែល៨ព្រឹកនេះ មានការផ្ទុះធុងទឹករថយន្តដែលដឹកអ្នកសារព័ត៌មាន ប៉ុន្តែមិនបានធ្វើឲ្យមានការរងរបួសអ្វីឡើយ៕