រដ្ឋាភិបាលតម្រូវឲ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង់ពន្ធជូនរដ្ឋ ដើម្បីទទួលបានការធានារ៉ាប់រងពីរដ្ឋពេលពួកគេមានគ្រោះថ្នាក់។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ » នាថ្ងៃទី២៤ខែកក្កដានេះ លោក ហ៊ុន សែន ថ្លែងថា ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ជាផែនទីបង្ហាញផ្លូវរយៈពេលវែង ដោយថាដើម្បីកសាងប្រព័ន្ធគាំពារសង្គមមួយដែលមានប្រសិទ្ធភាព បម្រើគោលនយោបាយ កាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជនសំដៅលើកកម្ពស់សុខុមាលភាព។
លោក ហ៊ុន សែន ថ្លែងទៀតថា ក្របខណ្ឌគោលនយោបាយជាតិនេះ ក៏ត្រូវឲ្យអ្នករកស៊ីផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាប់កាតព្វកិច្ចបង់ពន្ធផងដែរ ដើម្បីបានការធានារ៉ាប់រងផ្នែកសុខភាព និងគ្រោះថ្នាក់ផ្សេងៗពីបេឡាជាតិរបបសន្តិសុខសង្គម។
លោកថា «វិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវមានកាតព្វកិច្ចចូលរួមបង់ភាគទាន ដើម្បីទទួលបានគាំពារសង្គមស្របតាមរបៀបរបបនៃការអនុវត្តជាអន្តរជាតិ»។
ទោះជាយ៉ាងណាលោក ហ៊ុន សែន មិនបានបញ្ជាក់ថា តើអ្នករកស៊ីផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះ នឹងត្រូវបង់ថវិកាចូលរដ្ឋក្នុងកម្រិតណានោះទេ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ សម្ដែងការសាទរ ដោយថា បេឡាជាតិរបបសន្តិសុខសង្គម កន្លងមក មានតែសម្រាប់កម្មករនៅក្នុងប្រព័ន្ធ សម្រាប់អ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធវិញមិនមានឡើយ។ លោកបន្តថា កន្លងមក លោកធ្លាប់ស្នើទៅក្រសួងការងារដែរ ប៉ុន្តែក្រសួងថា កម្មករក្រៅប្រព័ន្ធមិនអាចទទួលបានរបបការពារសន្តិសុខសង្គមនោះទេ។
លោកថា «អានេះជាចំណុចមួយដែលប្រសើរហើយ តែប្រសិនបើត្រូវបានច្បាប់ស្ដីពីរបបការពារសន្តិសុខសង្គមត្រូវបានធ្វើវិសោធនកម្មគ្រប់ដណ្ដប់ឲ្យកម្មករក្រៅប្រព័ន្ធទទួលបានបេឡាជាតិទាក់ទងរបបសន្តិសុខសង្គមគាត់មានហានិភ័យពេលមានគ្រោះថ្នាក់កើតឡើងនោះ»។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍ថា បេឡាជាតិរបបសន្តិសុខសង្គមនេះ គេតម្រូវឲ្យនិយោជកជាអ្នកបង់នៅក្នុងតម្លៃ០.៥%នៃប្រាក់ឈ្នួលកម្មករនិយោជិក ប៉ុន្តែអ្នកធ្វើការក្រៅប្រព័ន្ធ លោកក៏មិនដឹងថាពួកគេត្រូវបង់ក្នុងចំនួនប៉ុន្មាននោះទេ។
លោកថា «អ្នកក្រៅប្រព័ន្ធទាល់តែមានសិក្សាស្រាវជ្រាវឲ្យច្បាស់ណាមួយ ថាតើអ្នកហ្នឹងគួរតែបង់ប៉ុន្មាន ដើម្បីបានប្រយោជន៍ពីបេឡាជាតិហ្នឹង»។
អ្នកនាំពាក្យបេឡាជាតិ របបសន្តិសុខសង្គម លោក ជាវ ប៊ុនរិទ្ធ បដិសេធអត្ថាធិប្បាយដោយថាជាប់ប្រជុំ។
យ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើក្រុមប្រឹក្សាជាតិគាំពារសង្គមដែលទើបបង្កើតឡើង ត្រូវធ្វើការងារនោះឲ្យបានល្អ ដើម្បីជំរុញឲ្យការអនុវត្តមានប្រសិទ្ធភាពស្របតាមគោលដៅ ដែលបានដាក់ចេញនៅក្នុងឯកសារក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម៕