វិភាគ៖ តើ​យុទ្ធនាការ​ចុះ​សួរ​សុខ​ទុក្ខ​កម្មករ​ពី​សំណាក់​លោក ហ៊ុន សែន អាច​ជួយ​ស្ដារ​ប្រជាប្រិយភាព​បក្ស​កាន់​អំណាច​បាន​ទេ?

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 10:12 AM | បទវិភាគ | 0 | 3920 លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជួបកម្មករកម្មការិនីរោងចក្រ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​​ជាង ៤​ពាន់​នាក់ មក​ពី​បណ្ដា​រោងចក្រ​នានា​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ វា​ជា​ការ​ពិត​ថា នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​លោក​ ហ៊ុន សែន បាន​ជួប​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ អំឡុង​ពេល​លោក​ដឹកនាំ​ប្រទេស​នៅ​ក្នុង​រយៈ​ពេល​ជិត ៣​ទសវត្សរ៍​ចុង​ក្រោយ​មក​នេះ។

ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា​នោះ លោក ហ៊ុន សែន បាន​កំណត់​ពេល​ជាក់​លាក់​ដល់​ទៅ​ពីរ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ដោយ​លោក​ថា លោក​កំណត់​ជួបសំណេះ​សំណាល​ក្រុម​កម្មករ​កម្មការិនី​នៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ ​ហើយ​នឹង​ចុះ​​សួរ​សុខ​ទុក្ខ​ពួកគេ​នៅ​តាម​រោង​ចក្រ​ដោយ​ផ្ទាល់​នៅ​រៀង​រាល់​ថ្ងៃ​ពុធ។ ដូច​បាន​គ្រោង​ទុក​មែន មក​ដល់​ថ្ងៃ​ពុធ​នេះ លោក ហ៊ុន សែន បាន​ចុះ​ទៅ​ជួប​ក្រុម​កម្មករ​កម្មការិនី​ដោយ​ផ្ទាល់ នៅ​តាម​រោងចក្រ​​នានា ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នៅ​ជាយ​រាជ​ធានី​ភ្នំពេញ។

ខណៈ​ដែល​យុទ្ធនាការ​នេះ​បាន​ចាប់​ផ្ដើម​នោះ សំណួរ​មួយ​បាន​ចោទ​សួរ​ថា តើសកម្មភាព​របស់​លោក ហ៊ុន សែន អាច​នឹង​ជួយ​ស្ដារ​ប្រជា​ប្រិយភាព​​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ទទួល​បាន​ជ័យ​​ជម្នះ​ជា​ថ្មី​ទៀត នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​​ឬ​ទេ?

នៅ​ត្រង់​សំណួរ​នេះ វា​ពិបាក​ដឹង​ច្បាស់​លាស់​ណាស់​ថា តើ​សកម្មភាព​ស្និទ្ធ​ស្នាល​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជាមួយ​ក្រុម​កម្មករ​កម្មការិនី អាច​នឹង​ជួយ​ស្ដារ​ប្រជា​ប្រិយភាព​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ក៏​ជួយ​ឲ្យ​បក្ស​កាន់​អំណាច​នៅ​បន្ត​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​នេះ។ ប៉ុន្តែ អ្វី​ដែល​គេ​ដឹង​ច្បាស់​នោះ​គឺ​ថា យុទ្ធនាការ​នេះ គឺ​ដើម្បី​ស្វែង​រក​គាំ​ទ្រ​ពី​មហាជន ដូច​ទៅ​នឹង​អ្វី​ដែល​លោក ហ៊ុន សែន បាន​បញ្ជាក់​​ត្រង់ៗ​ អំឡុង​ពេល​លោក​ថ្លែង​ក្នុង​វេទិកា​ជាតិ​លើក​ទី១ ស្ដី​ពី​ការការពារ​បរិស្ថាន និង​អភិរក្ស​ធនធាន​ធម្មជាតិ កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា​ឆ្នាំ​មុន​​ដូច្នោះ​ដែរ។

ដោយ​និយាយ​ចំពោះ​តែ​កម្មករ​កម្មការិនី នេះ​ពិត​ជា​លើក​ដំបូង​ហើយ ប៉ុន្តែ បើ​និយាយ​ទូទៅ​វិញ​នោះ លោក ហ៊ុន សែន បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចុះ​ជួប​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​ចាប់​តាំង​ពី​ខែ​កក្កដា​ឆ្នាំ​មុន​មក​ម៉្លេះ ដោយ​ចាប់​ពី​ពេល​នោះ​មក លោក​បាន​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ​ទូទៅ ក្រុម​អាជីវករ មន្ត្រី​រាជ​ការ​សាធារណៈ និង​កង​កម្លាំង​ប្រដាប់​អាវុធ នៅ​រាជ​ធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​នានា។ ដូច្នេះ លោក​ ហ៊ុន សែន គ្រាន់​តែ​បន្ត​ផ្នែក​មួយ​ទៀត​នៃ​យុទ្ធនាការ​របស់​លោក ក្នុង​ការ​ចុះ​ជួប​សួរ​សុខ​ទុក្ខ​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ ដើម្បី​ស្វែង​រក​ការ​គាំ​ទ្រ​ពី​មហាជន​ទូទៅ។

បើ​ពិនិត្យ​មើល​ឲ្យ​បាន​ទូលំ​ទូលាយ​ទៅ​លើ​​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង និង​ដែល​គ្រោង​នឹង​កើត​ឡើង​នោះ យុទ្ធនាការ​ចុះ​ជួប​​មហាជន​និយាយ​ជា​ទូទៅ ឬ​ជួប​សួរ​សុខ​ទុក្ខ​ក្រុម​កម្មករ​កម្មការិនី​ និយាយ​ដោយ​ចំពោះ មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ។ យុទ្ធនាការ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​​បន្ទាប់​ពី​គណបក្ស​កាន់​អំណាច បាន​បាត់​បង់​សំឡេង​គាំ​ទ្រ​ដល់​ទៅ ២២​អាសនៈ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣។

បើ​ទោះ​បី​ជា​បក្ស​កាន់​អំណាច​អាច​រក្សា​បាន​សំឡេង​ភាគ​ច្រើន ដែល​អាច​ឲ្យ​បន្ត​ដឹកនាំ​រដ្ឋាភិបាល​ក្ដី ប៉ុន្តែ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ បាន​បន្សល់​ទុក​នូវ​ភាព​ចម្រូង​ចម្រាស់ ដែល​បាន​កើត​ឡើង​ស្រប​គ្នា​ទៅ​នឹង​ចលនា​របស់​ក្រុម​កម្មករ​កម្មការិនី​បាន​ផ្ទុះ​ឡើង​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល​នា​ពេល​នោះ រហូត​ដល់​មាន​ការ​បង្ក្រាប​យ៉ាង​បង្ហូរ​ឈាម​ទៅ​លើ​ពួកគេ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​នៅ​តាម​ដង​ផ្លូវ​វេង​ស្រេង នៅ​ដើម​​ខែ​មករា ឆ្នាំ​២០១៤​កន្លង​មក។

បើ​យើង​ពិនិត្យ​​មើល​បន្ថែម​ទៀត យុទ្ធនាការ​​ចុះ​ជួប​សួរ​សុខ​ទុក្ខ​ក្រុម​​កម្មករ​កម្មការិនី​ពី​សំណាក់​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​កើត​ឡើង​ក្រោយ​ពី​គណបក្ស​របស់​លោក​បន្ត​បាត់​បង់​ការ​កាន់​កាប់​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាច្រើន​ទៅ​ខាង​បក្ស​ប្រឆាំង នៅ​ក្នុង​ការ​​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន កាល​ពី​ខែ​មិថុនា​កន្លង​មក​ថ្មីៗ​នេះ។ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​នេះ បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់​បង់​ការ​គ្រប់​គ្រង​ឃុំ​សង្កាត់​ដល់​ទៅ​ជិត ៥០០​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស ទៅ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ។

ម្យ៉ាង​វិញ​ទៀត យុទ្ធនាការ​នេះ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ មិន​មែន​ចៃដន្យ​ដោយសារ​តែ​វា​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ចុះ​ជួប​មហាជន​ទូទៅ ដែល​ចាប់​ផ្ដើម​តាំង​ពី​ខែ​កក្កដា​ឆ្នាំ​២០១៦​មក​ម៉្លេះ ក្រោយ​ពី​ការ​ស្ទង់​មតិ​​សាធារណជន​មួយ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​​កាល​ពី​ខែ​ឧសភា​ម្ដង និង​នៅ​ក្នុង​ខែ​កញ្ញា​ម្ដង​ទៀត។ ការ​ស្ទង់​មតិ​នោះ​ ត្រូវ​រៀបចំំ​ឡើង​ដោយ​ក្រុមហ៊ុន​រៀបចំ​យុទ្ធសាស្ត្រ​នយោបាយ​ឈ្មោះ​ថា SHAVIV Strategy & Campaign ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​។ អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ទម្លាយ​ថា ការ​ស្ទង់​មតិ​នោះ​ត្រូវ​បាន​រៀបចំ​ដោយ​សម្ងាត់​ពី​សំណាក់​គណបក្ស​កាន់​អំណាច។

លទ្ធផល​នៃ​ការ​ស្ទង់​មតិកាល​ពី​ខែ​ឧសភា​​នោះ បាន​រក​ឃើញ​ថា អ្នក​ឆ្លើយ​តប ៥៥​ភាគរយ បាន​ប្រាប់​ថា ចូល​ចិត្ត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​តួលេខ​អ្នក​ចូល​ចិត្ត​លោក ហ៊ុន សែន បាន​ធ្លាក់​ចុះ​មក​ពី​ត្រឹម ៤០​ភាគរយ​ប៉ុណ្ណោះ នៅ​ក្នុង​ការ​ស្ទង់​មតិ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៦។

ចំណែក​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី មាន​អ្នក​ចូល​ចិត្ត​ដល់​ទៅ ៥៨​ភាគ​ទៅ​វិញ មុន​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៤៦​ភាគរយ នៅ​ក្នុង​ការ​ស្ទង់​មតិ​នៅ​ខែ​កញ្ញា​ដូច​គ្នា។ សម្រាប់​មេដឹកនាំ​បក្ស​ប្រឆាំង​បច្ចុប្បន្ន លោក កឹម សុខា មាន​អ្នក​ចូល​ចិត្ត​ដល់​ទៅ ៥០​ភាគរយ នៅ​ក្នុង​ការ​ស្ទង់​មតិ​នៅ​ខែ​កញ្ញា​នោះ។

បើ​គេ​ពិនិត្យ​មើល​ទៅ​ខាង​មុខ គេ​នឹង​បាន​ឃើញ​ថា យុទ្ធនាការ​ចុះ​ជួប​សួរ​សុខ​ទុក្ខ​ក្រុម​កម្មករ​កម្មការិនី​នេះ បាន​កើត​ឡើង​​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ។ ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​នេះ ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​នយោបាយ និង​សង្គម​កម្ពុជា​ចាត់​ទុក​ជា​ការ​ប្រកួត​ប្រជែង​ដ៏​តឹង​តែង​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង។

បើ​និយាយ​ចំពោះ​ក្រុម​កម្មករ​កម្មការិនី​នៅ​ក្នុង​វិស្ស័យ​កាត់​ដេរ វា​ជា​លើក​ដំបូង​សម្រាប់​លោក ហ៊ុន សែន ដែល​បាន​ចុះ​ជួប​ផ្ទាល់​ជាមួយ​ពួកគេ ប៉ុន្តែ លោក​បាន​បោះ​ជំហ៊ាន​ក្រោយ​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ទៅ​វិញ​ទេ។ អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​ចុះ​ជួប​ជាមួយ​ក្រុម​កម្មករ​តាំង​ពី​ប្រហែល ២០​ឆ្នាំ​មុន​ម៉្លេះ ជា​ពិសេស​នៅ​ពេល​ក្រុម​កម្មករ​កម្មការិនី បាន​ចេញ​តវ៉ា​ទាមទារ​ការ​អនុវត្ត​សិទ្ធិ​របស់​ពួកគេ។

បើ​និយាយ​អំពី​ក្រុម​កម្មករ​កម្មការិនី​នៅ​ក្នុង​វិស័យ​កាត់​ដេរ ពួកគេ​មាន​ចំនួនប្រហែល ៧០​ម៉ឺន​នាក់ ដែល​ប្រមូល​ផ្ដុំ​ទៅ​មនុស្ស​មាន​វ័យ​ក្រោម ៣៥​ឆ្នាំ។ ពួកគេ​ត្រូវ​បាន​ក្រុម​សហជីព​អះ​អាង​ជា​រឿយៗ ប្រឈម​មុខ​នឹង​លក្ខខ័ណ្ឌ​ការងារ​លំបាក ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព ការ​ដួល​សន្លប់ ទទួល​បាន​ប្រាក់​ឈ្នួល​ទាប និង​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ។

ទោះបី​គ្មាន​ការ​វាយ​តម្លៃ​ច្បាស់​លាស់​ថា យុទ្ធនាការ​ចុះ​ជួប​កម្មករ​កម្មការិនី​ពី​សំណាក់​លោក ហ៊ុន សែន នឹង​ជួយ​ស្ដារ​ប្រជា​ប្រិយភាព​បក្ស​បាន​កម្រិត​ណា​ក៏​ដោយ ប៉ុន្តែ ចង់​មិន​ចង់ សកម្មភាព​នេះ​អាច​លួង​លោម​ដល់​ទឹក​ចិត្ត​របស់​ពួកគេ​បាន​ខ្លះ។ ពួកគេ​អាច​ទទួល​បាន​អារម្មណ៍​ថ្មី​ថា ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ជាង​មុន បូក​រួម​ទាំង​ការ​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ផ្ដល់​អត្ថប្រយោជន៍​​ផ្សេងៗ​នា​ពេល​ថ្មីៗ​នេះ​ពី​សំណាក់​លោក​នាយករដ្ឋ​មន្ត្រី​ផ្ទាល់​តែ​ម្ដង។

មួយ​វិញ​ទៀត លើស​ពី​ការ​លួង​លោម​ទឹក​ចិត្ត​ពួកគេ លោក ហ៊ុន សែន ក៏​អាច​ដណ្ដើម​យក​ទីតាំង​មួយ​ដែល​លោក សម រង្ស៊ី ធ្លាប់​ឈរ​ទៅ​ជិត​ក្រុម​កម្មករ​កម្មការិនី​អស់​រយៈ​ពេល​មិន​តិ​ជាង ២០​ឆ្នាំ​មក​ហើយ​ដែរ។ ក្រុម​កម្មករ​កម្មការិនី អាច​បាន​មើល​ឃើញ​ថា ជា​ក្រុម​មាន​សក្ដានុពល​ទៅ​លើ​​ពលរដ្ឋ​រាប់​លាន​នាក់​​ផ្សេង​ទៀត​នៅ​តាម​តំបន់​ជន​បទ ជាពិសេស​ឪពុក​ម្ដាយ​របស់​ពួកគេ​តែ​ម្ដង៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required