ឥណ្ឌូនេស៊ីជម្លៀសប្រជាជនរាប់ម៉ឺននាក់ចេញពីតំបន់ភ្នំភ្លើងលើកោះបាលី

សេចក្ដីរាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ឥណ្ឌូនេស៊ី​ជាង ៣​ម៉ឺន ៤​ពាន់​នាក់ បាន​ភៀស​ចេញ​ពី​តំបន់​ភ្នំ​ភ្លើង​នៅ​លើ​កោះ​បាលី ខណៈ​ដែល​កម្រិត​ញ័រ​រញ្ជួយ​កាន់​តែ​ខ្លាំង​ឡើង ដែល​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​ថា វា​អាច​នឹង​ផ្ទុះ​ជា​លើក​ដំបូង​នៅ​ក្នុង​រយៈ​ពេល​ជាង ៥០​ឆ្នាំ​មក​នេះ។

ដោយ​បាន​ដក​ស្រង់​ព័ត៌មាន​របស់​ទីភ្នាក់ងារ​បញ្ចៀស​មហន្តរាយ​ឥណ្ឌូនេស៊ី ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះ​ផ្សាយ​ថា ចំនួន​មនុស្ស​ដែល​គេច​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​នៅ​ជុំ​វិញ​ភ្នំ​ភ្លើង​នោះ បាន​កើន​ឡើង ៣​ដង ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​កន្លង​មក ចំ​ពេល​មាន​ការ​ព្រមាន​កាន់​តែ​ខ្លាំង​ថា ភ្នំ Agung អាច​នឹង​ផ្ទុះ​នៅ​ពេល​ណា​មួយ។

អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ​បញ្ចៀស​មហន្តរាយ​ឥណ្ឌូនេស៊ី លោក Sutopo Purwo Nogroho ត្រង់​បាន​ដក​ស្រង់​សម្ដី​ដែល​និយាយ​ថា ដំណើរការ​ជម្លៀស​ប្រជាជន​កំពុង​ប្រព្រឹត្ត​ទៅ ហើយ​គេ​រំពឹង​ថា ចំនួន​ជន​ភៀស​ខ្លួន​នឹង​បន្ត​កើន​ឡើង។

ភ្នំ​ភ្លើង​នេះ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៧៥​គីឡូ​ម៉ែត្រ​ពី​មណ្ឌល​ទេសចរណ៍ Kuta នោះ បាន​កំរើក​ចាប់​តាំង​ពី​ខែ​សីហា​មក​ម៉្លេះ។

ក្រុម​មន្ត្រី​ប្រកាស​ថា ការ​ព្រមាន​ក្នុង​កម្រិត​ខ្ពស់​បំផុត​កាល​ពី​យប់​ថ្ងៃ​សុក្រ​នោះ បាន​កើត​ឡើង​ក្រោយ​ពី​ភ្នំ​ភ្លើង​នោះ​កំរើក​កាន់​តែ​ខ្លាំង ហើយ​អាជ្ញាធរ​បាន​ជំរុញ​ទៅ​ប្រជាជន​ឲ្យ​ស្ថិត​ក្នុង​ចម្ងាយ​យ៉ាង​តិច ៩​គីឡូ​ម៉ែត្រ​ពី​ភ្នំ​ភ្លើង​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ