មិនគួរជឿ! កីឡាករល្បីឈ្មោះ ធា នុរាជ ធ្លាក់ហាលអាវក្រោមដៃគូប្រកួតវ័យក្មេង

ការប្រកួត​​​ក្នុងសប្ដាហ៍ទី​​៤នៅក្នុងព្រឹត្តិការណ៍​​ប្រដាល់​​​ដណ្ដើម​​ជើងឯកនៅប៉ុស្ដិ៍លេខ​​​៥​កាលពី​​​ល្ងាចថ្ងៃទី​​​​២៣ ​កញ្ញា បានធ្វើ​អ្នកស្នេហាវិស័យប្រដាល់​មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារ​​កីឡាករជើងខ្លាំង ​ធា នុរាជ ដែល​​កាលពីមុនមានឈ្មោះដើមថា​ សូយ ភារម្យ ហើយក៏ជា​​កីឡាក​​រ​ល្បីឈ្មោះមួយរូបផង​ស្រាប់តែ​មកធ្លាក់ក្នុងជុំទី​១​​​​​​​ក្នុងវគ្គប្រកួតចាញ់ធ្លាក់​​​ក្រោម​​ដៃកីឡាករ​​វ័យក្មេង​ជាគូប្រកួត។

ការ​បរាជ័យរបស់លោក​មិនត្រឹមតែធ្វើ​​​អោយកីឡាករ​រូបនេះ​បាត់បង់​ឱកាស​ឡើងប្រកួត​​ក្នុងវគ្គ​បន្ទាប់​​របស់​​ប៉ុស្ដិ៍លេខ៥ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវ​បាក់មុខ​មិនតិច​​ដែរ  ​​ក្នុងពេលដែលលោក​មាន​ប្រវត្តិវាយឈ្នះទាំងកីឡាករ​របរទេស​​រាប់មិនអស់​​ផង ​ស្រាប់តែឡើងប្រកួត​​​​ចាញ់ឆ្លាក់ត្រឹមជុំទី​១​សោះ ក៏ធ្លាក់ហាល​អាវ​។

​​យោងតាមលទ្ធផលដែលបានស្ដែងឡើង​​ការ​បរាជ័យរបស់កីឡាករ ធា នុរាជ មិនមែនជារឿងស៊យ ឬជា​រឿងភ្លាត់ស្នៀតនោះទេ តែជារឿងបច្ចេកទេស​​​១០០​ភាគរយតែម្ដង ​​​​​​ក្នុងពេលដែល​​​​​​​កីឡាករ​​ជាគូប្រកួតរបស់លោក​​ហាក់មាន​​​​​​បច្ចេកទេសល្អជាងក្នុងកា​រវាយ​លុក​។ លោកប្រកួតជាមួយ​កីឡាករ​​​​​​​​ គឹម វាសនា មកពីក្លិប​​​​កងពល​​តូច​​ឆ័ត្រយោង​​​៩១១ ​ដែលកីឡាករ​រូប​នេះ​​ក្រៅពី​​​​​​មិនសូវមានអ្នកស្គាល់ ក៏មានប្រវត្តិប្រកួត​​បាន​តិចជាងលោក​​ដល់ទៅ​​​​ពាក់កណ្ដាល​ផងដែរ ទើបអ្នកណាៗ​​ក៏ចង់ស្រឡាំង​​នៅពេលការប្រកួតជាក់ស្ដែង​ស្រាប់តែសិស្ស​ច្បង​​ល្បីឈ្មោះ  ទៅមិនរួចជាមួយ​​កីឡាករ​​ជំនាន់ក្រោយ​។ ​​

ឆ្លងកាត់ការប្រកួតបាន​​​ច្រើនជាង​​៩០ដង កីឡាករ​ ធា នុរាជ ហាក់វាយ​មិនបែក​​ទៅលើគូប្រកួត​នោះឡើយ ជាពិសេសនៅពេលដែលលោក​​​​ខំប្រឹងបញ្ចេញក្បាច់នាគ​វ័ធកន្ទុយ ប៉ុន្តែ​​​​​​ត្រលប់មកវិញរមែងទទួលបានការ​វាយ​បក​​​ពី​សំណាក់កីឡាករ​​​ គឹម ​​​វាសនា ដែល​​ភាគច្រើន​គេច​ផុតពីស្នៀតដ៏​​សាហាវនោះ។ ​មានការលើកឡើងថានាគលេងទឹករបស់លោក ​​​បាក់មុខ​​សម្រាប់ការប្រកួតជម្រុះ​​នោះយ៉ាងខ្លាំង ដោយសារតែ​​​​​​​​​​​​​​​ក្រៅពីធ្វើអីមិនកើត​​ទៅលើគូប្រកួតហើយ​នោះ ក៏ត្រូវ​​គូប្រកួត​​ទាត់​សង និងឡើងជង្គង់ផង ​ក្នុងពេលដែល​​​ក្បាច់​​នាគ​វ័ធកន្ទុយរបស់លោក​បាត់ជំហរ​។ ​​​​ពេញរយៈពេល​​​៣​​ទឹក ​​គេ​​ឃើញកីឡាករ​​ ធា នុរាជ​ ប្រឹង​បញ្ចេញ​ក្បាច់​ប្លែកៗដើម្បី​​វាយ​​សំឡុតគូប្រកួតយ៉ាង​ខ្លាំង ​​ប៉ុន្តែលទ្ធផលគឺមាន​​​តិច​​ណាស់ដែល​​ស្នៀតទាំងនោះ​​​​​វាយ​​​ត្រូវចំ​​គូប្រកួត។

ក្រឡេកទៅមើលកីឡាករ​​ គឹម វាសនា លោក​ហាក់មិន​​ប្រើការវាយសម្រុកខ្លាំង​​​​​ទៅលើរៀមច្បងនោះទេ ប៉ុន្តែលោក​​​ពូកែខាងគេច​​ហើយឆ្លាតខាងវាយ​សង​ ទើបធ្វើអោយការប្រកួត​ដែលបានធ្វើឡើងគឺលោកឈ្នះ​ពេញ​​២ទឹកតែម្ដង ក្នុងចំណោម​៣ទឹកដែលកំណត់កាត់ក្ដី។ ​

​​លោក​​​សេង កដិកា អ្នករៀបចំការប្រកួតនៅ​​ប៉ុស្ដិ៍លេខ​៥បាន​បង្ហាញការភ្ញាក់ផ្អើល ​នៅពេលបញ្ចប់ការប្រកួត​​​ស្រាប់តែ​កីឡាករ​​​រៀមច្បង​​​ ធា នុរាជ ​​​ក្លាយជាអ្នកចាញ់ទៅវិញ។ លោកថា​​​រវាងកីឡាករទាំងពីរ​ បើនិយាយពីបទពិសោធន៍គឺខុស​គ្នាពាក់កណ្ដាល ប៉ុន្តែមកពីកីឡាករ​​ខុស​​​ជំនាន់ទាំងពីរមាន​​​គីឡូប៉ុនគ្នា ​និងហ៊ាន​ប្រកួត​គ្នា ទើបខាងគណកម្មការ​​​​សម្រេច​ចិត្ត​​​​ដាក់អោយ​ប្រកួត​​ក្នុងការដណ្ដើមជើងឯក​​​​​​​​​​​រួមគ្នា។ ​​

លោកថា​ការប្រកួត​ក្នុងសប្ដាហ៍ទី​​​៤​​កាន់តែមាន​សមាសភាព​កីឡាករ​​​ខ្លាំងៗ និង​ល្បីឈ្មោះនៅក្នុងពិភព​ប្រដាល់​​បង្ហាញខ្លួន​ច្រើន​ឡើង ដោយសារតែ​ក្នុងចំណោម​​​កីឡាករ​ចំនួន​​៣២រូប​​​ដែល​ខាងគណកម្មការ​ជ្រើសអោយឡើងប្រកួតគ្នា គឺ​​មានលាយលំទាំងកីឡាករ​​ល្បីៗ​​​​​នៅក្នុងពិភព​​ប្រដាល់ និង​​កីឡាករវ័យក្មេងមួយៗ។ យ៉ាងណាមិញ លោកថា​​បើទោះជាក្នុងចំណោម​​​​​សមាសភាពដែល​​ចូលរួមប្រកួត​​ប្រជែង​​  មាន​កីឡាករមួយចំនួន​វ័យ​ក្មេង និងមាន​បទពិសោធន៍​តិចជាង​​​កីឡាករៗ​ជើងចាស់ ​តែលោក​​​ប្រកាសថាគឺសុទ្ធតែជាកីឡាករដែលមានសមត្ថភាព​ ​ដូចជាករណីកីឡាករ ​គឹម វាសនា និង​កីឡាករ​​ជើងចាស់​​ ធា នុរាជ ប៉ះគ្នា ហើយចុងក្រោយ​កីឡាករ​​ គឹម វាសនា ជាអ្នកទម្លាក់កីឡាកររៀមច្បង​អោយធ្លាក់​​ហាល​អាវ​ជាដើម​។

លោកថាកីឡាករល្បីឈ្មោះ ហើយឆ្លងកាត់ការប្រកួតបាន​​ច្រើន មិនប្រាកដថា​អាចមើលស្រាលកីឡាករ​​វ័យក្មេង ដែល​​​ទើបឈានឡើងបានទេ ដោយសារតែ​ក្នុងពេល​​ប្រកាសជ្រើស​​រើស​គឺលោក និង​គណកម្មការ​សុទ្ធតែ​បាន​​​​​​​កត់សម្គាល់ពីបច្ចេកទេស និងភាពក្លាហានរបស់​​កីឡាករ​​​ទាំង​​​៣២រូប​។

លោកថានេះព្រឹត្តការណ៍​​​ដែលប៉ុស្ដិ៍លេខ​​៥ ​បាន​​​​​ប្រកាសធ្វើឡើងនៅរៀងរាល់ល្ងាច​ថ្ងៃសៅរ៍ នៅសង្វៀនព្រែកកំពិស ​​​​ខណៈដែលរូបមន្តដែលបានធ្វើឡើងក៏ត្រូវ​​​លោកប្រកាស​ថា​មិនមាន​ប៉ុស្ដិ៍​ផ្សេង​​​ធ្វើបាន ដោយសារតែ​​​​ការប្រកួត​ម្ដងៗគឺត្រូវការជ្រើសរើស​​កីឡាករដែលមាន​​សមត្ថភាព និងគីឡូអោយត្រូវ​គ្នារហូតដល់​​​​​​៣២​រូបមកពីក្លិប​​ផ្សេងគ្នា ហើយតម្រូវអោយប្រកួតចាប់​គូគ្នា​ប្រកួតចាញ់ធ្លាក់ៗ ដែលលោក​​បាន​ហៅ​រូបមន្ត​​​របៀប​នេះ​ថា​ចំណាយ​ធនធាន​កីឡាករ​​ច្រើន និង​​​​មិន​​​ផ្ដល់​ឱកាសអោយ​​​កីឡាករ​​​​​​ដែល​​ចាញ់​មួយលើក​បាន​​​បន្ត​​​។

លោកនិយាយថា​​ប្រកួតក្នុង​រូប​មន្ត​នេះ ​​​​​​​​​ធ្វើអោយលោក​​​​ពេញចិត្ត​លទ្ធផល ដោយសារតែកីឡាករម្ខាងៗសុទ្ធតែប្រឹង​ប្រកួតអស់​​ដៃ​ ​​​​​​​​​ដែល​​អាចនិយាយបានថា​អ្នក​ចាញ់ធ្លាក់​ និងអ្នក​បានឡើង ធ្វើអោយ​​​អ្នកគាំទ្រអស់ចិត្តមិនខុសគ្នា។ លោកថាឆ្លងផុតការប្រកួតសប្ដាហ៍​ទី​​៤ ​គឺក្នុងចំណោមសមាសភាព​ទាំង​​​៣២រូប ​បាន​​ឡើងទៅវគ្គ​ទី​​២ចំនួន​​​៨រូប​ និងធ្លាក់​​​៨រូប​​ហើយ បន្ទាប់ពី​​សមាសភាពចំនួន​​​​ពាក់​​កណ្ដាល​​​​​បានឡើងប្រកួតគ្នា។ លោកថានៅសល់តែ៤សប្ដាហ៍ទៀត​​​ប៉ុណ្ណោះ ការប្រកួត​​ក្នុងជុំទី១នៅត្រូវបញ្ចប់​​ហើយ​​​កីឡាករដែលបាន​ឡើង​​​ចំនួន​​​១៦នាក់ នឹងបន្តប្រកួត​គ្នាចាញ់ធ្លាក់ៗបែបហ្នឹងបន្តទៀត ដើម្បី​​​​​​​​​​​ជម្រើស​យក​តែ​​​៨នាក់ក្នុងជុំទី​​៣ និង​​​បន្តប្រកួត​គ្នាចាញ់ធ្លាក់​​បែបហ្នឹង​បន្តទៀត រហូតនៅ​សល់តែម្នាក់ ដើម្បី​​អោយក្លាយជាម្ចាស់ពាន។

ក្រៅពី​កីឡាករ ​​គឹម វាសនា នៅក្នុងការប្រកួត​កាលពី​​ថ្ងៃសៅរ៍ទី​​២៣ ​កញ្ញា ​កីឡាករ ​រិន ​សារដ្ឋ មកពីក្លិប​កងទ័ពជើង​​ទឹក ក៏​​ឈ្នះការប្រកួត​ហើយបាន​ឡើង​អង្គុយកៅអី​​​១៦នាក់ក្នុងជុំទី​១នោះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ