សុខ សោម៉ាវត្តី ប្រថុយជីវិត​​​​​​ក្នុងឈុត​ក្រឡាប់រថយន្ត

អ្នកនាង សុខ សោម៉ាវត្តី (ដោយ វង្ស សុម៉ាលីន)

យោងតាមការបញ្ជាក់របស់ផលិតកររឿង «បណ្ដឹងស្រីទាំង៥» បានអះអាងថា ក្នុងចំណោមតារាសម្ដែងស្រីចំនួន៥រូបដែលតម្រូវអោយសម្ដែងឈុតស្លាប់ផ្សេងៗគ្នានៅក្នុងខ្សែរឿង គឺមានតែអ្នកនាង សុខ សោម៉ាវត្តី ម្នាក់ប៉ុណ្ណោះ ដែលត្រូវសម្ដែងក្នុងភាពប្រថុយប្រថានជាងគេ។ អ្នកនាងត្រូវគេអះអាងថាតម្រូវឲ្យបើករថយន្តដាច់ហ្វ្រាំងពិតៗ ទៅបុកដើមឈើ ហើយដេកស្លាប់ក្នុងរូបភាពយ៉ាងរន្ធត់ខុសគេ ខណៈដែលប្លង់មួយនោះ គឺអ្នកដឹកនាំរឿងមិនតម្រូវឲ្យកាត់ត ដើម្បីឲ្យឃើញជាក់ស្ដែង។

អ្នកស្រី ពាន់ ភួងបុប្ផា ម្ចាស់ផលិតម្មផ្កា៥បានអះអាងថាខ្សែរឿង «បណ្ដឹងស្រីទាំង៥» ដែលបានសហការផលិតជាមួយផលិតកម្មមហាហង្ស បានថតបញ្ចប់ហើយ ដោយគ្រោងនឹងដាក់បញ្ចាំងនៅថ្ងៃទី៩ ខែវិច្ចិកា ខាងមុខ។

ថ្លែងក្នុងវេទិកាសន្និសីទកាសែតកាលពីថ្ងៃទី២១ ខែតុលា អ្នកស្រី ពាន់ ភួងបុប្ផា បញ្ជាក់ថានេះជារឿងខ្នាតធំមួយថ្មី ដែលអ្នកស្រីចាប់ផ្ដើមផលិតឡើងវិញ បន្ទាប់ពីបានផ្អាកផលិតអស់ច្រើនឆ្នាំ។ រឿងនេះ អ្នកស្រីថាផលិតកម្មផ្កា៥និងមហាហង្ស ចំណាយទុនដល់ទៅជាង១៥ម៉ឺនដុល្លារ ដោយក្រៅពីចំណាយលើការជ្រើសតួដែលសុទ្ធតែល្បីឲ្យចូលសម្ដែងរួមគ្នា គឺបានចំណាយខ្ពស់លើក្រុមបច្ចេកទេស និងលើការចំណាយរថយន្តពិតៗក្នុងឈុតបុកកម្ទេច។ រឿងនេះអ្នកស្រីថាអត់ប្រើបច្ចេកទេសគូស 3D ដើម្បីបន្លំភ្នែកមហាជននោះទេ ដោយអ្នកស្រីនិងលោក អ៊ិន សុភិន សម្រេចទិញរថយន្តទំនើបមកប្រើ ដើម្បីថតបុកកម្ទេចតែម្ដង ដើម្បីឲ្យមានភាពរស់រវើក។ ពីដំបូងអ្នកស្រីថា ត្រង់ឈុតក្រឡាប់រថយន្តនិងឈុត សុខ សោម៉ាវត្តី បុកដើមឈើធំមួយនោះ គឺគ្រោងជួលអ្នកជំនាញខាងគូស 3D មកពីខាងហូលីវូដឲ្យច្នៃនោះអោយប៉ុណ្ណោះ តែមកពីតម្លៃគូស 3D ៨ផ្ទាំងតម្លៃជិត៨ម៉ឺន ហើយសម្រុបទាំងការស្នាក់នៅ និងថ្លៃធ្វើដំណើររបស់ក្រុមបច្ចេកទេស បានកើនដល់រង្វង់១០ម៉ឺនដុល្លារ ទើបសុខចិត្តទិញរថយន្តថ្មី២គ្រឿងតម្លៃជាង៤ម៉ឺនដុល្លារមកបុកកម្ទេច ដើម្បីថតតែម្ដង។

អ្នកស្រីចាត់ទុកថាខ្សែរឿង «បណ្ដឹងស្រីទាំង៥» មានជោគជ័យ សម្រាប់ភាពយន្តខ្មែរ ដោយសារតែខ្សែរឿងនេះ ប្រជុំដោយតារាល្បីៗ ហើយជារឿងបែបស៊ើបអង្កេត និងឃាតកម្មដែលចំណាយខ្ពស់ និងពិបាកថត ដែលផលិតករខ្មែរធ្វើបាន។

ខ្សែរឿងនេះ អ្នកស្រីថាឆ្លុះបញ្ចាំងពីឃាតកម្មទៅលើនារីៗស្អាតចំនួន៥នាក់ ដែលសម្ដែងដោយអ្នកនាង សុខ សោម៉ាវត្តី, កញ្ញា នី មុន្នីនាថ, កញ្ញា ទឹម រដ្ឋា, កញ្ញា នេត សុចរិយា, និង កញ្ញា គៀត សុវណ្ណាឡាង ដោយសារតែប្រុសស្នេហ៍លោក យ៉ែម សំអូន កើតភ្លើងប្រច័ណ្ឌ។ អ្នកស្រីថា ក្នុងចំណោមតួសំខាន់ទាំង៥ ដែលត្រូវសម្លាប់មានតែតួអង្គអ្នកនាង សុខ សោម៉ាវត្តី ម្នាក់ប៉ុណ្ណោះ ដែលត្រូវសម្លាប់ក្នុងហេតុការណ៍ផ្ដាច់ហ្វ្រាំងរថយន្ត ដែលសូម្បីតែខាងផលិតករក៏ពិបាកនឹងថត ព្រោះឈុតនេះអត់គូស 3D។

លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្សបានអះអាងថា ឈុតឃាតកម្មដែលសម្ដែងដោយអ្នកនាង សុខ សោម៉ាវត្តី ជាឈុតដែលមានសភាពស្មុគស្មាញជាងគេទាំងអ្នកបច្ចេកទេសនិងក្រុមការងារ។ នោះគឺដោយសារទី១ តម្រូវកុំឲ្យថតខុស ដើម្បីកុំឲ្យខាតរថយន្តច្រើនគ្រឿង និងទី២គឺត្រូវប្រើគ្រប់មធ្យោបាយដើម្បីការពារអាយុជីវិតរបស់តួសម្ដែងកុំឲ្យគ្រោះថ្នាក់។ លោកថាឈុត សុខ សោម៉ាវត្តី ស្លាប់ក្នុងហេតុការណ៍បុករថយន្តនោះ អត់់មានកាត់តនោះទេ ទើបតម្រូវឲ្យនាងត្រូវថតទាំងប្រថុយមែនទែន ដើម្បីឲ្យដូចជាបុគ្គលដាច់ហ្វ្រាំងរថយន្តពិតៗ ក្នុងហេតុការណ៍គ្រោះថ្នាក់បុកដើមឈើ។

យ៉ាងណាមិញ លោកថានៅក្នុងឈុតនេះក៏ប្រើតួជំនួសតិចតួចខ្លះដែរ ជាពិសេសគឺអ្នកដែលហ៊ានកាន់ចង្កូតរថយន្តទៅបុកដើមឈើមួយទំហឹងពេញ ឲ្យសមនឹងគ្រោះថ្នាក់បុករថយន្តមែនទែន។

លោកនៅតែសរសើរថា សុខ សោម៉ាវត្តី មានស្មារតីនិងក្លាហានត្រង់ពេលបញ្ជារថយន្តដោយផ្ទាល់ដៃក្នុងល្បឿនលឿនឲ្យដូចរថយន្តដាច់ហ្វ្រាំងមែនទែន មុនទៅបុកនឹងដើមឈើ។ រឿងនេះលោករំពឹងពីជោគជ័យខ្ពស់លើសពីការផលិតរឿងមុនៗរបស់ផលិតកម្មមហាហង្ស ដោយអះអាងថាមុននេះបន្តិចគឺខាងទូរទស្សន៍ខ្សែកាបធំមួយរបស់សហរដ្ឋអាមេរិកបានប្រកាសសុំទិញ ដើម្បីយកទៅចាក់នៅក្នុងទីផ្សារអាមេរិក។

លោកបានថ្លែងក្នុងវេទិកាសន្និសីទកាសែតថា ក្រុមហ៊ុនខ្សែកាបអាមេរិកយល់ព្រមទិញក្នុងចន្លោះពី២០ទៅ៣០ម៉ឺនដុល្លារ ទើបលោកនិងអ្នកស្រី ពាន់ ភួងបុប្ផា ត្រូវចំណាយទុនបន្ថែមទៀត ផលិតសាច់ភ្លេង មិនចម្លងពីគេសូម្បីមួយប្លង់ ដើម្បីកុំឲ្យការចរចាបរាជ័យ។ សម្រាប់ទីផ្សារក្នុងស្រុក ក៏លោករំពឹងថានឹងកើបចំណូលបានច្រើនណាស់ដែរ ដោយសារតែរឿងមួយនេះត្រូវដាក់បញ្ចាំងតាមរោងកុននៅអំឡុងបុណ្យឯករាជ្យជាតិនិងបុណ្យអំុទូក។

យ៉ាងណាមិញ លោកថាអ្វីៗគឺស្ថិតក្នុងការរំពឹងប៉ុណ្ណោះ ប៉ុន្តែចំណេញឬមិនចំណេញ ស្ថិតនៅលើការគាំទ្ររបស់មហាជនឯណោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ