បទយកការណ៍ខ្នាតវែង៖ ពលរដ្ឋធ្វើចំណាកស្រុកនៅខេត្តបន្ទាយមានជ័យ រងគ្រោះ ដោយសារការធ្វើលិខិតឆ្លងដែនស្មុគស្មាញ

ដោយ លោក បូ សាវី​​ | ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 4:17 PM | បទយកការណ៍ | 0 | 1262 ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

ខេត្តបន្ទាយមានជ័យ: ឃុំពន្លៃ មានចំង៉ាយ ​ប្រហែលជាង៣០គូឡីម៉ែត្រ ពីស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ។ ឃុំនេះ មានភូមិចំនូន៦ភូមិ ដែលមាន​ពលរដ្ឋរស់នៅ៣ ១០៨គ្រួសារ។ ពួកគេ ប្រមាណ៦០ភាគរយ ​ជាពលករចំណាកស្រុកនៅប្រទេសថៃ ទាំងស្របច្បាប់ និងខុសច្បាប់។

ផ្លូវចូលទៅភូមិ កន្លែងខ្លះ ក្រាលដោយគ្រួសក្រ​ហម និងផ្លូវខ្លះទៀត មានការខូចខាតពិបាកធ្វើដំណើរ។ អ្នកភូមិខ្លះប្រើប្រាស់គោយន្ដ ជា​សម្ភារះសម្រាប់បង្កបង្កើនផលដំណាំកសិកម្ម។ ប៉ុន្ដែ បន្ទាប់ពីបញ្ចប់ការធ្វើស្រែចំការ ពលរដ្ឋភាគច្រើន បានទៅធ្វើការនៅតាមព្រំដែនកម្ពុជាថៃ និងធ្វើចំណាកស្រុកនៅក្រៅប្រទេស។

ពលរដ្ឋ «ត្រូវតែរើបំរះ រកខ្ចីអង្គការ ហើយកូនក៏ទៅដាំចេក កាច់ពោត នៅតាមជាយដែន! ទើបទៅបានប៉ុន្មានថ្ងៃនេះ អត់ទៅក៏រត់ទៅខ្ចីអង្គការ ខ្ញុំខ្ចី តែបីម៉ឺនបាត លក់អាកូនដីត្រពាំងនោះណាស់ យកទៅឲ្យគេ។ គេមិនដឹងទេ មកសព្វថ្ងៃនេះ គេថា កន្លះខែបាន។ ដល់សព្វថ្ងៃនេះ ដល់ពេលធ្វើទៅគេថៃ គេរវល់បិទមិនទាន់ចេញ បានទេបាទ»។

នេះ ជាការរៀបរាប់ពីការលំបាករបស់ពលរដ្ឋមួយចំនួន នៅឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្ដប​ន្ទា​​យមានជ័យនេះ ដែលបានជំពាក់បំណុលគេ ដោយសារ យកថវិកាទៅធ្វើលិខិតឆ្លង​​ដែន សម្រាប់ទៅរកការងារធ្វើនៅក្រៅប្រទេស។

អ្នក​ស្រី អ៊ុក ជួន មានអាយុ​៥៦ឆ្នាំ ហើយ គាត់​រស់នៅក្នុង​ភូមិពន្លៃ ជាមួយនឹង​កូន​ចំនួន៦នាក់។​ អ្នក​ស្រី អ៊ុក ​ជូន បាន​អះអាង​ថា​ គាត់បានខ្ចីលុយពីអ្នកស្រុក ជាង៦លានរៀល យកទៅធ្វើលិខិត​ឆ្លង​ដែន។ អ្នក​ស្រី ​ជួន​កាលរំលឹក​ឡើងវិញ​ ពី​ដំណើរការ​នៃការធ្វើលិខិតឆ្លង​ដែន​នេះ ថាមានរយៈពេលច្រើនខែ ប៉ុន្ដែមិនទាន់បានទទួលលទ្ធផលនោះឡើយ។

អ្នកស្រីបន្ដថា «ទៅ​ចង់ធ្វើ​ Passport! ធ្វើ Passport! ធ្វើតាំងពីខែ៣ រហូតដល់ពេលនេះ! គ្នាសួរទៅថា ២អាទិត្យគ្នា ក៏រង់ចាំ! ថៅកែ ហៅទៅបេះផ្លែឈើ ក៏មិនហ៊ានទៅ ត្រូវតែចាំ! លុះដល់សព្វថ្ងៃ មិនឃើញបាន»។

ស្ដ្រីសម្បុរខ្មៅ រូបនោះ បានឲ្យដឹងថា ការធ្វើការធ្វើលិខិតឆ្លងដែននេះ ​អ្នកស្រី បានខ្ចីលុយ​​ពីអ្នកស្រុកនៅតំបន់នោះ យកទៅឲ្យកូនពីរនាក់ ក្នុងតម្លៃប្រមាណជាង ៦លានរៀល តាមរយៈតំណាងក្រុមហ៊ុនមួយ គ្មានឈ្មោះ និងគ្មានអាស័យដ្ឋានច្បាស់លាស់។ អ្នកស្រីបន្ដថា ក្នុងមួយខែ អ្នកស្រី ត្រូវចំណា​យថ្លៃការប្រាក់ ប្រមាណ២០ម៉ឺនរៀល ដល់ម្ចាស់បំណុល។

អ្នកស្រីបន្ដថា «ខ្ចីអ្នកស្រុក គេយកកា​មួយខែ៤០បាត ក្នុងមួយពាន់បាត។ ចុះទៅ៦ខែ ពីខែមិនាមក។ ខ្ញុំចេះ តែពង្រឹងកូនអោយសួរថា ចាំមើលពីរអាទិត្យ ដល់ពេលសួរចុងក្រោយនេះ ថា Passport នៅក្រុមហ៊ុន នៅទូតថៃ មិនទាន់ធ្លាក់មកហើយ ទៅណោះហើយ ម៉េចធ្លាក់មក»។

អ្នកស្រី ហួន ផលឡែន ត្រូវជាកូនអ្នកស្រី អ៊ុក ជួន ក៏បានសម្ដែងការខក​ចិត្ដចំពោះក្រុមហ៊ុន ដែលបានទទួលថវិកាពីអ្នកស្រី និងស្វាមី ដោយមិនបានផ្ដល់លិខិតឆ្លងដែនតាមការកំណត់។ អ្នកស្រី បានបន្ដថា គ្រួសារគាត់បានចំណាយថវិកាជិត៥ម៉ឺនបាត ទៅឲ្យតំណាងក្រុមហ៊ុនមួយ បាននាំទៅធ្វើលិខិតឆ្លងដែននៅទីក្រុងភ្នំពេញ ប៉ុន្ដែអ្នកស្រីថា រូបគាត់មិនបានស្គាល់កន្លែង និងអាស័យដ្ឋានក្រុមហ៊ុននោះពិតប្រាកដទេ។ ក្រុមហ៊ុននោះ បានសន្យាថា តែរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ ប៉ុន្ដែជិត៦ខែហើយ មិនឃើញតំណាម្នាក់ទាក់ទងមកស្រីសោះ។

អ្នកស្រីបន្ដថា «ទេ មិនបានប្រាប់អីផង ទៅតាមក្រុមហ៊ុនទៅដល់បើកឡានគេយកយើងទៅដាក់នៅកន្លែងបេនឡានភ្នំពេញ រួចគេអោយយើងជិះម៉ូតូកង់បីទៅ ហើយធ្វើអីរួចគេនាំមកដាក់កន្លែងបេនឡាននោះវិញ ហើយគេឲ្យជិះឡានក្រុមហ៊ុន(ឡានក្រុង)នោះវិញ។ ប្អូនថ្លៃខ្ញុំ គេឲ្យទៅតាមខ្សែរយៈប៉ោយប៉ែតគេនាំទៅណាស់ ដែលវាធ្លាប់ធ្វើបានទៅធ្វើការហើយ»។

អ្នកស្រី ហួន ផលឡែន បានរៀបរាប់ទៀតថា ការធ្វើចំណាកស្រុកខុស វាប្រឈមគ្រោះថ្នាក់គ្រប់បែបយ៉ាង ទើបពួកគេសម្រេចធ្វើលិខិតឆ្លងដែន ប៉ុន្ដែផ្ទុយទៅវិញ បែជាមានបញ្ហាមិនប្រក្រីតីកើត​ឡើងចំពោះពួកគេទៅវិញ។ នៅពេលអ្នកស្រី សួរតំណាងក្រុមហ៊ុននោះ គេឆ្លើយថា មិនទាន់រួចរាល់ទេ ដោយសារក្រុមហ៊ុនទទួលធ្វើលិខិតឆ្លងដែនអោយពលករច្រើននាក់ ទើបមានការយឺតយ៉ាវ។

អ្នកស្រីបន្ដថា «តេទៅគាត់ថា  Passportមិនទាន់ធ្លាក់បើបានគាត់រត់ការឲ្យ វាច្រើនតាមលេខរៀង។ ម្នាក់ពីរម៉ឺនបាតប៉ុណ្ណឺង ឯងណា៥ពាន់ យើងដាក់ទៅហូបចុកខ្លួនយើងណាចា៎។ ប្រាក់ខែអី ដល់ខែគាត់ បើកអោយក្នុងមួយអាទិត្យបើកអោយ ១៥០០បាត។ ការងារមិនពិបាកទេ ប៉ុន្ដែ វាចេញចូលដើរទៅណាទៅវាពិបាក»។

កាលពីថ្ងៃទី៦កក្កដាឆ្នាំ២០១៧ ក្រសួងការបរទេសកម្ពុជា បានសេចក្ដីប្រកាសព័ត៌មាន ថា រដ្ឋាភិបាលបានដាក់ចេញវិធានការមួយចំនួន ដើម្បីធានាដោះស្រាយបញ្ហាពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ដែលពួកគេមិនមានលិខិតស្នាមត្រឹមត្រូវ ដើម្បីឲ្យបានស្នាក់នៅនិងធ្វើការបន្ដនៅទីនោះ។ បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេសកម្ពុជាថា ខ្លួនបានចាត់ឲ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយ និងពិភាក្សាបញ្ហានេះ ហើយថា ភាគីថៃក៏បានឆ្លើយតប ដោយពន្យារការអនុវត្តរាជ្យក្រិត្យប្រតិបត្តិរបស់ខ្លួន ក្នុងរយៈពេល ១៨០ថ្ងៃ ឬស្មើ នឹង៦ខែទៀត។ ក្រសួងការបរទេស ក៏បានណែនាំដល់អគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក និងស្ថានកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ដើម្បីបង្កើនការសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់បណ្ដាខេត្តកម្ពុជា ដែលជាប់ព្រំដែនជាមួយថៃ។

អតីតពលករមួយរូបគឺ លោក ឃ្លីញ ភក្ដ្រា បានឲ្យដឹងថា លោកត្រូវបាលក្រុមសមត្ថកិច្ច​ប្រទេសថៃ បណ្ដេញឲ្យត្រឡប់មកកម្ពុជាវិញ ខណៈដែលលោកឆ្លងដែនធ្វើពល​ករដោយខុសច្បាប់ តាមរយៈមេខ្យល់នៅតាមព្រំតាមដែនខ្មែរ ថៃ។ លោកបានវិលត្រឡប់មកកម្ពុជានាពេលនេះ ដើម្បីធ្វើលិខិតឆ្លងដែនស្របច្បាប់ តាមរយៈក្រុមហ៊ុននំាពលករមួយឈ្មោះ អ៊ែនជេស៊ី នៅរាជធានីភ្នំពេញ។ លោកថា មកដល់ពេលនេះ នៅទាន់មានទទួលឯកសារពីក្រុមហ៊ុននោះនៅឡើយទេ ដោយតំណាងក្រុមហ៊ុនសន្យា៤៥ថ្ងៃ។

សំឡេងលោកបន្ដថា «រឿង Passportនេះ វាស៊ីសង និងអាស្រ័យលើថៅកែយើងដែរ បើថៅកែយើង មានឯកសារដើររឿង​អោយគេគ្រប់គ្រាន់ គេជួយអោយយើងឆាប់បាន ទៅតែរយៈពេលតែ៤៥ថ្ងៃបាន។ ក្រុមហ៊ុនបងក្រុមហ៊ុនគេ តម្រូវអោយើង។ ធម្មតាក្រុមហ៊ុន មិនមែនសុទ្ធតែល្អទាំងអស់ទេ មានខ្លះបោកប្រាស់ តែក្រុមហ៊ុនខ្លះ គេធ្វើត្រឹមត្រូវ គេតម្រូវអោយយើងធ្វើ ហើយមានវីសារការងារត្រឹមត្រូវ ធម្មតាថៅកែ នៅថៃគេចង់ បានពលករស្របច្បាប់»។

បុរសវ័យ៣៦ឆ្នាំ សម្បុរសស្រអែមរូបនោះ បានបន្ដថា ពលករខ្មែរ ដែលធ្វើលិខិតឆ្លង​ដែន​ទៅក្រៅប្រទេស មានភាពស្មុកស្មាញច្រើន។ ចំណែកតម្លៃសេវាកម្មលិខិត​ឆ្លងដែន និងឯកសារផ្សងៗ មានតម្លៃខ្ពស់ ដោយលោកថា រហូតដល់ជិត ៣ម៉ឺនបាតក្នុងម្នាក់។

លោកភក្ដ្រាបន្ដថា «ខ្ញុំមកនេះ មកធ្វើPassport តែម្ដងតម្លៃ២ម៉ឺន៥០០០ពាន់បាត ម្នាក់មានវិសារ ការងារមានបៃរ៉ៃង៉ានតួ (លិខិតបញ្ជាក់ការងារ) មានគ្រប់យ៉ាងបានគេអនុញ្ញាអោយធ្វើការនៅប្រទេសថៃបាន។ ធ្វើការងារស្របច្បាប់ប្រទេសគេ បើថាយើងធ្វើលិខិតឆ្លងដែនទៅរដ្ឋាភិបាលកម្ពុជាត្រូវបញ្ជាក់ថា យើងជាពលករស្របច្បាប់ហើយស្ថានទូតថៃ គេអនុញ្ញាតអោយធ្វើការនៅក្នុងប្រទេសថៃ។ គេបញ្ជាក់ថា យើងជា ពលករឆ្លងដែន​ស្របច្បាប់ដែលទទួលស្គាល់ដោយរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជាគេអនុញ្ញាតអោយទៅ»។

ជំទប់ទី១ នៃឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យលោក ឆែម លឿត មានប្រសាសន៍ថា ពលរដ្ឋធ្វើចំណាកស្រុក នៅឃុំពន្លៃមានចំនួន១ ២៣៨នាក់ ។ តួលេខនេះ ចាប់ពីឆ្នាំ២០១៦ ដល់ខែសីហាឆ្នាំ២០១៧នេះ។ លោកទទួលស្គាល់ថា ការធ្វើចំណាកស្រុក​ខុសច្បាប់ ដោយសារពួកគេខ្វះខាតជីវភាពគ្រួសារ។ លោកបន្ដថា បន្ទាប់ពីការលំបាកនៃការធ្វើលិខិត​ឆ្លងដែន​ស្របច្បាប់ អាជ្ញាធរ បានបញ្ជាក់ពីទីលំនៅស្រប​ច្បាប់ដល់ពួកគាត់ ដើម្បីងាយស្រួលឲ្យក្រុមហ៊ុន ឬរដ្ឋាភិបាល ធ្វើសំណុំឯកសារ។ ប៉ុន្ដែលោកថា លោកមិនដឹងការធ្វើលិខិតឆ្លងដែន ជាមួយក្រុមហ៊ុនឬ ជាមួយ​មន្ដ្រីរដ្ឋាភិបាល ហើយក៏ធ្លាប់ឮ ពលរដ្ឋការចាញ់បោកពីក្រុមហ៊ុនណាមួយពីការធ្វើលិខិតនោះដែរ។

លោកបន្ថែមថា «ប៉ាស្ព័រគាត់មាន មេខ្យល់គាត់មាន មេខ្យល់គាត់រត់ការ​អោយ ប៉ុន្ដែក្រោយថ្មីៗនេះ គាត់ទៅផ្ទាល់ដោយបញ្ជាក់ពីឃុំបំពេញសុំបែបបទ ទៅគាត់ទៅធ្វើ ផ្ទាល់នៅទីក្រុងភ្នំពេញ»។

អាជ្ញាធរខេត្ដបន្ទាយមានជ័យ អោយដឹងថា ខេត្ដនេះ មានសាខាក្រុមហ៊ុនជ្រើសរើសពលករធ្វើការនៅក្រៅប្រទេសមានចំនួនបីក្រុមហ៊ុន រួមមានក្រុមហ៊ុន 168 Manpower Supply Co Ltd ក្រុមហ៊ុន SPTSE & C Cambodia Resources Co Ltd និងក្រុមហ៊ុន Anny Rita Best Manpower Co Ltd ។

មន្ដ្រីក្រុមហ៊ុនជ្រើសរើសពលករមួយរូបរបស់ក្រុមហ៊ុន 168 Manpower Supply Co Ltd ក្នុងចំណោមក្រុមហ៊ុនចំនួន៣ សាខាក្រុមហ៊ុន ក្នុងខេត្ដបន្ទាយមានជ័យលោក ឌុច សុភារិទ្ធ អោយដឹងថា ក្រុមហ៊ុនរបស់ទទួល​ពលករធ្វើការនៅប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងជប៉ុន ដោយស្របច្បាប់ ប៉ុន្ដែលោកមិនបានប្រាប់ពីតម្លៃនៃការធ្វើលិខិតឆ្លងដែននោះ។ លោកបន្ដថា ការធ្វើលិខិតឆ្លងដែនជូនពលករ ទាន់ពេល ដែលក្រុមហ៊ុនបានកំណត់រយៈពេល ប៉ុន្ដែការធ្វើឯកសារនោះ គឺធ្វើនៅទីក្រុងភ្នំពេញ។

សំឡេងលោកបន្ដថា ​«ទាន់ពេល គាត់ដាក់ពាក្យដាក់អី យើងប្រាប់ពីពេលវេលា នៃការដំណើរការ​ឯកសារទៅ យើងជម្រាប់គាត់ថា ឥឡូវដាក់ពាក្យនៅពេលនេះ​ ហើយនៅថ្ងៃនេះ ទើ​បគាត់បានចេញទៅធ្វើការ»។

សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការងារកម្ពុជា ផ្សាយនៅថ្ងៃទី៧ខែសីហាឆ្នាំ២០១៧ ឲ្យដឹងថា ពលករខ្មែរខុសច្បាប់ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ មានជាង៣០ម៉ឺន ប៉ុន្តែក្នុងរយៈពេលដែល តម្រូវចុះបញ្ជីទទួលភាពស្របច្បាប់ ចាប់ពីថ្ងៃទី២៤ខែកក្កដា ដល់ថ្ងៃទី៧ខែសីហាឆ្នាំ២០១៧ មានអ្នកចុះឈ្មោះបានតែ២០ម៉ឺននាក់ ​(២ ០៣ ៧៣២នាក់) នៅសល់ប្រមាណ ​១០ម៉ឺននាក់ទៀត។​

ពលករមួយរូបទៀត នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក អ្នកស្រី មិន ហឿត ដែលមានវ័យជាង៤០ឆ្នាំ បានសម្ដែងក្ដីបារម្ភ ពីការធ្វើលិខិតឆ្លងដែន ខ្វះការទទួលខុសត្រូវពីក្រុមហ៊ុនជ្រើសរើសពលករ និងរដ្ឋាភិបាល ដោយអ្នកស្រីប្រាប់ថា រូបគាត់ធ្លាប់ចាញ់បោកក្រុមហ៊ុនជ្រើសរើសពលករម្ដងរួចហើយ កាលពីឆ្នាំ២០១៤។ អ្នកស្រីបន្ដថា ក្រុមហ៊ុនខ្លះ ធានារាប់រងធ្វើលិខិតឆ្លងដែនឲ្យពលករ ប៉ុន្ដែបើពលករ មិនចូលធ្វើការតាមក្រុមហ៊ុននោះទេ គេបង្កកទុកលិខិតឆ្លងដែនរបស់ពួកគាត់។

អ្នកស្រី មិន ហឿត «ខ្ញុំទៅពីរនាក់ប្អូន បដិសេធមិនអោយទេ ទាល់ខ្ញុំជួលគេពីខ្មែរទៅ យក​ប្រាក់ពីប្រទេសថៃម្ចាស់ប៉ាស្ព័រនៅថៃតែគេអោយខ្ញុំចុះប៉ាស្ព័រ។ ប៉ុន្ដែខ្ញុំមកប៉ាស្ព័រម្នាក់ឯកទេ នៅ​ភ្នំពេញដល់មកម្នាក់ឯង ហើយគេអត់សុខចិត្ដគេថា ទាល់តែមានម្ចាស់ខ្លួនមក ហើយម្ចាស់ខ្លួន មិនបានមកទេមានវិក័យបត្រ តែវិក័យបត្រគេមិនយកខ្ញុំបើមិនយកចង់បានអីទៀត គេចង់អោយផ្ទេរសិទ្ធិ អោយផ្ទេរសិទ្ធិផ្ដិតមេដៃ ខ្ញុំជួលគេទៅអស់៦ពាន់បាត»។

ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្ដបន្ទាយមានជ័យ លោក រស់ សារុំ មានប្រសាសន៍ថា យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីរៈ ក្រុមហ៊ុនឯកជនជ្រើសរើសពលករ មានចំនួន៧៧ក្រុមហ៊ុន សម្រាប់ជ្រើសរើសពលករទៅក្រៅប្រទេសនៅទូទាំងប្រទេស ប៉ុន្ដែសម្រាប់នៅខេត្ដបន្ទាយមានជ័យ មានសាខាក្រុមហ៊ុនស្របច្បាប់ ចំនួន៣ក្រុមហ៊ុនប៉ុណ្ណោះ រួមមានក្រុមហ៊ុន Manpower Supply Co Ltd ក្រុមហ៊ុនSPTSE & C Cambodia Resources Co Ltd និងក្រុមហ៊ុន Anny Rita Best Manpower Co Ltd។

លោកបានបន្ដទៀតថា «ក្រសួងការងារលោក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ មេត្ដាប្រុងប្រយ័ត្ន ចំពោះជនខិលខូច ជនឆ្លៀតឱកាស ជាពិសេសក្រុមហ៊ុន និងអង្គការមួយចំនួនគ្មានឈ្មោះ ក្នុងតារាងខាងលើហើយធ្វើសកម្មភាពបោកប្រាស់ ក្រោមរួបភាពបណ្ដុះបណ្ដាលបញ្ជូនពលករខ្មែរ ទៅធ្វើការនៅបរទេសខុសច្បាប់»។

លោក រស់ សារុំ មានប្រសាសន៍បន្ដទៀតថា បើសិន​ក្រុមហ៊ុន បានទទួលថវិកាពីពលករ ធ្វើបំពេញសុំណុំឯកសារធ្វើការងារត្រឹមត្រូវហើយនោះ បែជាបោកប្រាស់ពលរដ្ឋវិញ លោកថា ពលរដ្ឋអាចដាក់ពាក្យប្ដឹងដល់មន្ទីរការងារនិងបណ្ដុះបណ្ដា​​​ល​តាមវិជ្ជាជីវៈ ដើម្បីអាជ្ញាធរមានចំណាត់ការ។

លោកបន្ដថា «ទាក់ទងទៅហ្នឹងទទួលថវិកាហើយ ទាក់ទងនិងផ្ដល់ជូននូវលិខិតស្របច្បាប់ និងផ្ដល់ការងារទៀតហើយក្រុមហ៊ុននោះ ធ្វើមិនបានច្រើនខែ ច្រើនថ្ងៃ យើងចង់និយាយចេះ ពលករត្រូវដាក់ពាក្យប្ដឹងមកមន្ទីរ ទើបមន្ទីរមានសិទ្ធិអញ្ជើញក្រុមហ៊ុន មកដោះស្រាយអោយភាគីទាំងពីរ ទទួលយកបានទៅវិញ»។

កាលពីខែកក្កដាកន្លងទៅ រដ្ឋាភិបាលថៃរៀបចំឲ្យពលករខុសច្បាប់ ដែលធ្វើនៅក្នុងប្រ​ទេ​សនេះ ទាំងអស់បំពេញលក្ខខណ្ឌដើម្បីទទួលបានភាពច្បាប់។ យោងតាមសេចក្ដីសម្រេចនោះអោយដឹងថា ​នីតិវិធីបំពេញលក្ខខណ្ឌមាន ៣ដំណាក់កាល គឺទី១ ថៅកែ​ថៃ ទៅចុះឈ្មោះពលករពីថ្ងៃទី២៤កក្កដា ដល់ថ្ងៃទី០៧សីហា ទី២ ពីថ្ងៃទី០៨សីហា ដល់ថ្ងៃទី០៩​កញ្ញា ពលករត្រូវទៅបង្ហាញខ្លួននៅការិយាល័យទាំង៩៧កន្លែង និង ចុងក្រោយពលករ ស្នើសុំ​លិខិត​ ស្នាក់នៅ និងបណ្ណការងារ ពីគណៈកម្មការផ្តល់ភាពស្របច្បាប់ និងមន្ត្រីអន្តោប្រទេសន៍ និងក្រសួងការងារថៃ។

អភិបាលខេត្ដបន្ទាយមានជ័យ លោក សួន បវរ លោកទទួលស្គាល់ថា ​ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានជនបទ ពិតជាមានការលំបាក ក្នុងការទំនាក់ទំនងស្វែងរកសេវា ធ្វើលិខិតឆ្លង​​ដែន ​និងវិសារការងារពិតមែន និងទទួលរងការចាញ់បោកពីតំណាងក្រុមហ៊ុននិងមេខ្សល់។ ជាមួយគ្នានោះ លោកថា តម្លៃក៏ថ្លៃ ដែលពួកគាត់គ្មានលទ្ធភាពធ្វើវា ទើបធ្វើចំណាកស្រុកខុសច្បាប់។

លោកបន្ដថា «ប៉ុន្ដែបញ្ហា វាកើតឡើង គឺទី១ តម្លៃថ្លៃ អ្នករត់ការ​យកសួយសារអាករថ្លៃពេក អ្នកខ្លះគាត់អត់មានលទ្ធភាព ធ្វើអោយគាត់ប្រថុយប្រាន ធ្វើចំណាកស្រុក​ខុសច្បាប់។ បញ្ហាទី២ មានខ្លះមិនមែនទូទៅទេ គឺចាញ់បោកគេ គឺឲ្យលុយទៅហើយ ទៅធ្វើអត់ទទួលបានប៉ាស្ព័រ ឬវីសារការងារ នឹងមកទេអត់បានទេ នេះជាបញ្ហា»។

ប៉ុន្ដែ លោក សួន បវរ បញ្ជាក់ថា​ រដ្ឋាភិបាលកំពុងរៀបចំមណ្ឌលសំចតមួយកន្លែង នៅក្រុងប៉ោយប៉ែត្រ ខេត្ដ​បន្ទាយមានជ័យ នៅពេលឆាប់ខាងមុខនេះ សម្រាប់សម្រួលធ្វើលិខិតឆ្លង និងវីសារការងារដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះថា លោ​ក​ថា អាជ្ញាធរនឹងរឹតបន្ដឹងតាមច្រករបៀ​ង​តាមព្រំដែន រវាងប្រទេសទាំងពីរគឺ ថៃនិងកម្ពុជា ​ឲ្យមានប្រសិទ្ធិភាព។

លោកបន្ដថា «ដូច្នេះ យើងឃើញថា បញ្ហានេះ ជា​ការលំបាកមួយ ដែលក្នុងនាមរដ្ឋបាលខេត្ដ សូមស្នើស្ថាប័នថ្នាក់ជាតិដើម្បីធ្វើយ៉ាងឲ្យសេវានេះ រំកិលមកគៀកនិងប្រជាពលរដ្ឋយើង ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យគាត់អាចធ្វើលិខិតឆ្លងដែននេះ ហើយនឹងទទួលវិសាការងារ បានដោយងាយស្រួល។ ហើយមណ្ឌលសំចតនៅប៉ោយប៉ែតនេះដែលយើងគ្រោងធ្វើគឺមានទីធ្លាធំទូលាយ ដែលអាចយន្ដការ បោះទីតាំងងាយស្រួលបំរើប្រជាពលរដ្ឋយើង»។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ការធ្វើលិខិតឆ្លងដែននៅកម្ពុជា មានតម្លៃថ្លៃនិងប្រើរយៈពេលយូរជាងនៅតាមបណ្ដាប្រទេសជិតខាងកម្ពុជា។ លោក ប្រៀបធៀបថា តម្លៃលិខិតឆ្លង​ដែននៅប្រទេស​កម្ពុជាតម្លៃជាង១០០ដុល្លា ប្រទេសឡាវមានតម្លៃ ៣៥ដុល្លា ប្រទេសថៃ ៣៥ដុល្លា ខណៈប្រទេសវៀតណាមតម្លៃជាង ៣០ដុល្លា។

លោក សន ជ័យ «ជាអំណាចប្រមូលផ្ដុំ ជាពិសេសសេវាប្រមូលផ្ដុំ នៅថ្នាក់ជាតិហ្នឹង។ របៀបនេះ ធ្វើអោយយឺយ៉ាវ អត់មានអីធ្វើអោយ គេកំណត់យូរ ហើយតម្លៃវាថ្លៃ។ តម្លៃនឹងយើងមើលទៅ សម្រាប់​ប្រជាពលរដ្ឋបង់អោយ ទៅការិយាល័យលិខិតឆ្លងដែន ហ្នឹងណាវាថ្លៃរួចទៅហើយ ​វាមិនទាន់គិតប្រជាពលរដ្ឋឡើងមកជិះតាក់ស៊ីជិះឡានក្រុង មកស្នាក់នៅមួយយប់ ហើយបានទៅវិញទៀតផង យើងចង់អោយធ្វើវិមជ្ឍការទៅដល់ថ្នាក់ខេត្ដ»។

ចំពោះ លោក មឿន តុលា នាយកនៃអង្គការសង់ត្រាល់ មានប្រសាសន៍ថា តាមការប៉ាន់ប្រមាណពលករខ្មែរ នៅក្រៅប្រទេស មានចំនួនប្រមាណ ១លាន៩សែននាក់ ក្នុងនោះ១លាន៦សែននាក់នៅក្នុងប្រទេសថៃ ដែលលោកថា អ្នកស្របច្បាប់មានចំនួន ៦០ភាគរយ និងអ្នកខុសច្បាប់ចំនួន៤០ភាគរយ។

លោកបន្ដថា «ហើយរងគ្រោះទី៣ យើងឃើញពលរដ្ឋយើងដែលទៅធ្វើការនៅថៃដោយខុសច្បាប់ហើយ។ហើយថៃបើកអោយចុះបញ្ជីឲ្យទៅជាពលករស្របច្បាប់អីហ្នឹងខាងរដ្ឋាភិបាលយើងចេញទៅធ្វើប៉ាស្ព័រចឹងមែនក៍ប៉ុន្ដែអ្នកដែលបានធ្វើប៉ាស្ព័រនៅក្នុងឆ្នាំ២០១៤ មកដល់ពេលនេះ អ្នកខ្លះមិនទាន់បានទទួលនៅឡើយទេ ហើយលុយគេបង់ហើយចឹងណា ប្រាក់ក៍បង់ថង់ក៍ដាច់ទាំងអស់នឹងជាចំណុចសំខាន់ៗនៃប៉ាស្ព័រនឹងបាទ»។

លោក មឿន តុលា មានប្រសាសន៍ទៀតថា ករណីនេះ ដោយសារការធ្វើលិខិតឆ្លងដែន មាននីតិវិធីវែងឆ្ងាយ។ លោក មឿន តុលា ផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលគួរបង្កើតកន្លែងធ្វើលិខិ​តឆ្លងដែ​ន នៅតាមច្រកចេញចូលតែមួយ  ក្នុងស្រុកក្រុង នៅតាមបណ្ដាខេត្ដឲ្យបានច្រើន ដែលលោកថា អាចជួយបង្កើនល្បឿន និងកាត់បន្ថយការចំណាយដល់ពលករ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ នៅខេត្ដបន្ទាយមានជ័យ ជាប់ព្រំដែនខ្មែរ ថៃ ក៏បានអំពាវនាវដល់រដ្ឋាភិ​បាល ស្នើឲ្យមានកន្លែងធ្វើលិខិតឆ្លងដែននៅទីតាំងជិតតំបន់ពួកគេរស់នៅ ដូចជានៅទីរួមខេត្ដ ហើយមានតម្លៃថោកនិងឆាប់រហ័ស ឲ្យដូចប្រទេសដ៏ទៃទៀត នៅក្នុងតំបន់អាស៊ានដូចគ្នា៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required