វិភាគ៖ តើកម្ពុជាមានស្ថេរភាពនយោបាយទេបើការធ្វើច្បាប់ច្រានចោលសំឡេងភាគតិច?

រដ្ឋធម្មនុញ្ញបានចែងថា «ព្រះរាជជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ប្រជាពលរដ្ឋជាម្ចាស់វាសនានៃប្រទេស របស់ខ្លួន អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ»។

ក៏ប៉ុន្តែជាង ២០ឆ្នាំមកនេះ យន្តការដឹកនាំប្រទេស បែបសេរីពហុបក្ស ហាក់នៅឆ្ងាយពីស្មារតីនៃរដ្ឋធម្មនុញ្ញនៅឡើយ។

ការហ៊ានអះអាងបែបនេះ ដោយសាតែគេមើលឃើញថា ការធ្វើច្បាប់នានា ឬការអនុម័តកិច្ចការអ្វីមួយ ដែលរដ្ឋាភិបាលបានស្នើឡើង មតិជំទាស់ពីគណបក្សដែលមានសំឡេងភាគតិចនៅក្នុងសភា ត្រូវបានគណបក្សដែលមានសំឡេងភាគច្រើ ទាត់ចោលជាបន្តបន្ទាប់។

យើងសូមលើកយកឧទារណ៍មួយចំនួនមកបញ្ជាក់ថា «សេរីពហុបក្ស» ដូចមានចែកក្នុងរដ្ឋធម្មនុញ្ញមិនត្រូវបានយកមកអនុវត្ត។

គេនៅចាំបានថា នៅអាណត្តិទី៥នេះ តំណាងរាស្ត្រ ដែលមានសំឡេងភាគច្រើន មកពីបក្សកាន់អំណាច បានអនុម័តច្បាប់មួយចំនួនទាំងភាពចម្រូងចម្រាស់គ្មានការគាំទ្រពីតំណាងរាស្ត្រសំឡេងភាគតិច របស់គណបក្សប្រឆាំង និងរងការរិះគន់យ៉ាងកងរំពងពីក្រុមអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលធ្វើការលើកស្ទួយសិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិនយោបាយ។

ច្បាប់ទាំងនោះមាន ច្បាប់សហជីព ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ចំនួន៣ទៀត ទាក់ទិននឹងប្រព័ន្ធតុលាការជាដើម។

ពិសេសការអនុម័តច្បាប់ថវិការជាតិឆ្នាំ២០១៧ ក៏គ្មានការគាំទ្រពីតំណាងរាស្ត្រដែលមានសំឡេងភាគតិចដែរ ដោយថា ការដែលតំណាងរាស្ត្រសំឡេងភាគច្រើន យល់ព្រមឲ្យរដ្ឋាភិបាលមានលទ្ធភាពខ្ចីបុលលុយ ពីបរទេស រហូតដល់១០០០លានដុល្លារ ក្នុងមួយឆ្នាំនោះ ថាជាការលើកទឹកចិត្ត ឲ្យមានអំពើពុករលួយ ក្នុងស្រុក លើការប្រមូលពន្ធ និងថាបានដាក់បន្ទុកកាន់តែធ្ងន់ ដល់ក្មេងជំនាន់ក្រោយ ពីលទ្ធភាពរកប្រាក់ សងទៅបរទេសជាម្ចាស់បំណុលវិញ។

ម្យាងវិញទៀតបើគេពិនិត្យទៅលើពីចំនួន អាសនៈនៅក្នុងសភា ដែលគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច និងគណបក្សជាតិដែលជាបក្សប្រឆាំង  ចំនួនអាសនៈ៦៨ទល់នឹង៥៥។

ចំនួននេះគេអាចប៉ាន់ប្រមាណបានថា ចំនួនអ្នកបោះឆ្នោតគាំទ្រ គណបក្សទាំងពីរ វិញហាក់មិនចាញ់គ្នាដាច់ឆ្ងាយប៉ុន្មានទេ ក្នុងចំណោមពលរដ្ឋខ្មែរជិត១៥លាននាក់ ពោលគឺគណបក្សប្រឆាំង អាចមានអ្នកគាំទ្រ ជិតពាក់កណ្តាលប្រទេស ។

ចុះហេតុអ្វីបានរាល់ការធ្វើច្បាប់ និងការអនុម័តថវិការជាតិជាដើម តំណាងរាស្ត្រ របស់បក្សប្រកាន់អំណាចដែលមានសំឡេងភាគច្រើនក្នុងសភា តែងតែច្រានចោល មតិជំទាស់ពីសំឡេងភាគតិចជាបន្តបន្ទាប់។

បើយន្តការនេះនៅតែបន្ត តើកម្ពុជាមានស្ថេរភាពនយោបាយទេ?

សង្គមស៊ីវិល និងអ្នកវិភាគនយោបាយ លើកឡើងថា ការធ្វើការមិនស៊ីសង្វាក់គ្នា នៅក្នុងស្ថាប័នរដ្ឋសភានេះ ពួកគេថាជាសញ្ញាណអាក្រក់មួយ បង្កើតឲ្យមានវប្បធម៌លាភពណ៌គ្នា តាំងពីថ្នាក់កំពូល រហូតដល់មូលដ្ឋានពួកគេថា និងថាអាចនឹងជំរុញឲ្យមានអសេ្ថរភាពនយោបាយ និងបង្កឲ្យជាតិបែកបាក់ នៅពេលខាងមុខ បើអ្នកនយោបាយខ្មែរ មិនធ្វើកំណែទ្រង់ទាន់ពេល ងាកមកគោរពមរដ្ឋធម្មនុញ្ញឲ្យបានពេញលេញនោះ ។

អ្នកគ្រប់គ្រងការិយាល័យស៊ើបអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ភាពចម្រូងចម្រាស់នៃការអនុម័តច្បាប់នៅពេលនេះ លោកថា ដោយសាតែអ្នកនយោបាយខ្លួនឯង នាំគ្នា កែរដ្ឋធម្មនុញ្ញ ពី២ភាគ៣ មក៥០បូក១វិញ ដែលលោកថាធ្វើគណបក្សដែលមានសំឡេងភាគច្រើននៅក្នុងសភា ធ្វើឲ្យធ្វើច្បាប់ ការពារប្រយោជន៍បក្ស ច្រើនជាង ការពារប្រយោជន៍រួម។

ប៉ុន្តែលោក អំ សំអាត អះអាងថា ការបាត់ចោលសំឡេងភាគតិចទាំងស្រុង ធ្វើឲ្យការអនុវត្តច្បាប់បានទៅលើតែមនុស្សមួយក្រុម ហើយប៉ះពាល់ដល់ការជំរុញអភិបាលកិច្ច តាមបែបប្រជាធិបតេយ្យ។

លោកថា៖«បើសិនជាយើងមិនយក[សំឡេងភាគតិត]មកពិចារណា គណបក្សកាន់អំណាចដែលមានសំឡេងភាគច្រើន គិតតែពីសំឡេងគ្រប់គ្រាន់ អាហ្នឹងវាធ្វើឲ្យប៉ះពាល់ដល់តំណើរការប្រជាធិបតេយ្យ បានន័យថា មតិភាគតិច មិនត្រូវបានយកមកពិចារណា ដើម្បីធ្វើការថ្លឹងថ្លែងពិចារណានោះបាទ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា ភាពចម្រូងចម្រាសនៃការធ្វើការមិនចុះសម្រុងគ្នា នៅក្នុងស្ថាប័នច្បាប់មួយនេះ លោកវិភាគថា បើមើលពីសំបកក្រៅ លោកថាហាក់បង្ហាញថា ការជជែកគ្នានៅក្នុងសភាមានបែបប្រជាធិបតេយ្យ។ ប៉ុន្តែលោកថា ការធ្វើការមិនចុះសម្រុងគ្នានោះ អាចជាគំរូអាក្រក់មួយ ពង្រីកឲ្យមានវប្បធម៌លាភពណ៌គ្នាតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន ដែលលោកវិភាគថា វប្បធម៌នេះ បង្កឲ្យមានភាពផុយស្រួយនៃការបែកបាក់ជាតិ ។

លោកថា៖«ជាពិសេសសមាជិករដ្ឋសភាដែលអនុម័តច្បាប់អ្វីមួយ ដែលមិនឈរលើគោលការណ៍នៃផលប្រយោជន៍ជាតិនោះ វាឆ្លុះបញ្ចាំងថា មេដឹកនាំទាំងអស់នោះ បានបង្ហាញពីចំនុចខ្សោយ ទៅដល់បរទេស ។ហើយកន្លែងនេះហើយ ដែលធ្វើឲ្យបរទេសបន្តកេងចំណេញពីយើងបាននោះ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបទៀត គឺលោក ឯមសុវណ្ណារ៉ា លើកឡើងប្រហាក់ប្រហែលដែរថា ក្លឹមសារចែងក្នុងរដ្ឋធម្មនុញ្ញ ដែលចែងថា កម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស លោកវិភាគថា រដ្ឋាភិបាលហាក់មិនទាន់បានអនុវត្តឲ្យបានពេញលេញទេ ។ លោកថាបើអ្នកនយោបាយនៅតែបន្តខ្វែងគំនិតគ្នាបែបនេះលោកថាកម្ពុជា នឹងជៀសមិនផុត ពីអស្ថេរភាពនយោបាយនៅពេលខាងមុខ។

លោកថា៖«កាលណាកម្ពុជានៅបន្តអនុវត្តគោលការណ៍ដូចបច្ចុប្បន្នហ្នឹងទៀត  វាអត់បានបណ្តុះគំនិតសាមគ្គីភាព ឬក៏រួបរួមគ្នាស្អិតរមួត ដើម្បីរក្សាស្ថេរភាពនយោបាយ ទៅថ្ងៃអនាគតនឹង វាអត់មានលំនឹងទេ ។

អញ្ចឹងនៅក្នុងការដូរបត់មេដឹកនាំនយោបាយ ទៅថ្ងៃអនាគត វាអាចជួបបញ្ហាអស្ថេរភាពនយោបាយហ្នឹងហើយ ពីព្រោះ កម្ពុជាយើងបច្ចុប្បន្នកំពុងតែបណ្តុះគំនិត ប្រឈមដាក់គ្នា យកឈ្នះយកចាញ់ វាអត់មានយន្តការសម្របសម្រួល។ អញ្ចឹងកម្ពុជា ប្រឈមនឹងអស្ថេរភាព នៃការដូ របត់អ្នកនយោបាយខ្លះទៅថ្ងៃអនាគត»។

បើតាមលោក ឯម សុវណ្ណារ៉ា បើអ្នកនយោបាយគួរបណ្តុះគំនិត យោគយល់គ្នា បង្កើតវប្បធម៌ចេះធ្វើការរួមគ្នា ពីពេលនេះទៅ លោកថាកម្ពុជា និងគ្មានស្ថេរភាពនយោបាយទេ នៅពេលខាងមុខ ។

លោកថា៖«គេហៅថាចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក រវាងអ្នកនយោបាយនឹងអ្នកនយោបាយ កុំបណ្តុះនិន្នាការ ឬក៏មនោគមវិជ្ជា ប្រឈមមុខដាក់គ្នា អាហ្នឹងវាមានការផុយស្រួយ ដែលគេហៅថាបំបែបសង្គមពលរដ្ឋកម្ពុជាហ្នឹងវាអត់នូវមូលតែមួយទេ វាចេញជាច្រើនក្រុម បង្កើតនូវភាពផុយស្រួយស្ថេរភាពនយោបាយទៅថ្ងៃអនាគត»។

ទោះជាយ៉ាងនេះក្តី អ្នកវិភាគលើកឡើងថា ការដែលគណបក្សកាន់អំណាចដែលមានសំឡេងភាគច្រើន អនុម័តច្បាប់ ឬក៏ធ្វើអ្វីមួយ មិនទទួលយកមតិយោបល់ មតិភាគតិច របស់បក្សប្រឆាំង ពួកគេថា ជាយុទ្ធសាស្ត្រ របស់គណបក្សកាន់អំណាច ចង់បង្ហាញទៅសាធារណរជនថា កុំឲ្យខ្វល់ និងបក្សប្រឆាំង ដោយថា ពួកគេមិនអាចធ្វើអ្វីបានទេបើគ្មានកាយល់ព្រមពីបក្សកាន់អំណាចនោះ ។

ប៉ុន្តែពួកគេវិភាគថា ពលរដ្ឋបច្ចុប្បន្នបានតាមដានយ៉ាងយកចិត្តទុកដាក់ពីទង្វើរបស់អ្នកនយោបាយ ហើយថា ពលរដ្ឋនឹងមិនបោះឆ្នោតគាំទ្រ អ្នកនយោបាយណា ដែលមិនបានជំរុញគោលនយោបាយ របស់ខ្លួន ពីការលើកស្ទួយសិទ្ធិមនុស្ស បំបាត់ភាពក្រីក្រ អភិបាលកិច្ច និងការពារបូរណភាពទឹកដីនោះទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ