ស៊ីម៉ាក់រកឃើញគ្រាប់បែកគីមីរបស់អាមេរិកទម្លាក់នៅកម្ពុជាក្នុងខេត្តស្វាយរៀង

គ្រាប់បែកគីមីរបស់អាមេរិកទម្លាក់នៅកម្ពុជាក្នុងខេត្តស្វាយរៀង (ហ្វេសប៊ុក ស៊ីម៉ាក់)

មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា “ស៊ីម៉ាក់” ឲ្យដឹងថា អាជ្ញាធរខេត្តស្វាយរៀងបានប្រទះឃើញគ្រាប់បែកគីមីគ្រោះថ្នាក់បំផុត ដោយថា សហរដ្ឋអាមេរិកជាអ្នកទម្លាក់មកលើប្រទេសកម្ពុជាក្នុងសម័យសង្គ្រាម ។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានឲ្យ VOD ដឹងថា កាលពីថ្ងៃទី១៧ មករាអាជ្ញាធរបានរកឃើញគ្រាប់បែកផ្ទុកជាតិគីមីគ្រោះថ្នាក់បំផុតរបស់អាមេរិកចំនួន២គ្រាប់ ដែលបានទម្លាក់តាមយន្ដហោះមកលើប្រទេសកម្ពុជា នៅសាលាបឋមសិក្សាគគីរ និងវត្តគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

លោក ហេង រតនា អះអាងថា គ្រាប់បែកគីមីទាំងនោះជាគ្រាប់បែកប្រភេទ​ Chlorobenzalmalononitrile (CS) មានចំណុះជាង ២០០គីឡូក្រាមក្នុងមួយគ្រាប់។ លោកបន្ដថា គ្រាប់បែកទាំងនោះត្រូវបានពលរដ្ឋយកទៅកប់ចោលក្បែរសាលាឆាន់កាលពីខែកុម្ភៈ ឆ្នាំ១៩៧០​ បន្ទាប់ពីយន្ដហោះអាមេរិកបានទម្លាក់ចំនួន២គ្រាប់ចំសាលាឆាន់ និង២គ្រាប់ទៀតមិនទាន់ផ្ទុះដល់សព្វថ្ងៃ។ លោកថាអាជ្ញាធរគ្រោងកម្ទេចគ្រាប់បែកនោះចោលនៅដើមខែកុម្ភៈខាងមុខនេះ។

បើតាមអាជ្ញាធរ គឺនឹងត្រូវជម្លៀសប្រជាពលរដ្ឋនៅតំបន់នោះទៅឆ្ងាយពីទីតាំងកម្ទេចគ្រាប់នោះប្រមាណ៣គីឡូម៉ែត្រ ដើម្បីចៀសវាងកុំឲ្យមានគ្រោះថ្នាក់។

កាលពីថ្ងៃទី២២ មករា កន្លងមកនេះ អាជ្ញាធរខេត្តបាត់ដំបងបានប្រទះឃើញគ្រាប់បែកដៃកប់ក្នុងដីចំនួន១២គ្រាប់ ដែលផលិតឡើងដោយសហរដ្ឋអាមេរិក នៅសល់ពីសម័យសង្គ្រាម នៅស្រុកគាស់ក្រឡ។ បើតាមការអះអាងរបស់អាជ្ញាធរ គ្រាប់ទាំងនោះនៅមានគុណភាព៧០ភាគរយ និងអាចសម្លាប់ជិវិតមនុស្សបាន បើពុំធ្វើការកម្ទេចជាមុនទេនោះ។

ការរកឃើញគ្រាប់មិនទាន់ផ្ទុះជាបន្ដបន្ទាប់ដូចនេះ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ស្នើឲ្យសហរដ្ឋអាមេរិកលុបបំណុលចាស់ដែលកម្ពុជាជំពាក់កាលសម័យសាធារណរដ្ឋ លន់ នល់ និងចោទអាមេរិកថា បានសម្លាប់ពលរដ្ឋខ្មែរជាងកន្លះលាននាក់អំឡុងឆ្នាំ១៩៦៣ដល់១៩៧៥។ ប៉ុន្ដែស្ថានទូតអាមេរិកមិនទាន់បានឆ្លើយតបចំពោះសំណើនេះទេ ដោយថាត្រូវរងចាំការពិភាក្សាដិតដល់ជាមុនសិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ