ខៀវ កាញារីទ្ធ ថាពិធីការិនីដែលជេរប្រមាថសាធារណជន ចូលបញ្ជីខ្មៅហើយ

រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន លោក​ ខៀវ កាញារីទ្ធ ថ្លែង​ទៅកាន់អ្នក​សារព័ត៌មាន​

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងដោយសំដៅដល់វិទ្យុអាចារ្យអេថា​ ពិធីការិនីដែលប្រើពាក្យប្រមាថសាធារ​ណជននោះត្រូវបានកត់ចូលក្នុងបញ្ជីខ្មៅហើយ។

ការថ្លែងរបស់ លោក ខៀវ កាញារីទ្ធ គឺជាការឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាននៅព្រឹកថ្ងៃពុធនេះ នៅក្រៅកិច្ចប្រជុំមួយរវាងម្ចាស់ស្ថានីយ៍ទូរទស្សន៍និងក្រសួងព័ត៌មាន។ លោកថា៖ «…ពីធីករ ពិធីការិនីណាដែលជាប់ជំពាក់លើបញ្ហាជេរបញ្ចោរត[តបទៅវិញ]គេចឹងហើយ គឺមិនអនុញ្ញាតឲ្យបានទេ លើកលែងតែបីបួនឆ្នាំទៀតម៉េចមិនដឹងទេ។ ប៉ុន្តែគាត់បានចូលក្នុងបញ្ជីខ្មៅរបៀបហ្នឹងហើយ គឺគាត់មិនអាចទៅ លើកលែងតែខំកសាងខ្លួនឡើងវិញទើបបាន។ ប៉ុន្តែក្នុងពេលនេះ បើចឹងទេ​ គ្រាន់តែជេរបញ្ចោរអ្នកណាជេរទៅ ចាំសុំទោសមួយម៉ាត់ពីរចប់ អាហ្នឹងអត់បានទេ…»។

បើតាមលោករដ្ឋមន្រ្តី ករណីពិធីការនី លោតរំលងតុពេលកំពុងផ្សាយផ្ទាល់គឺជាកំហុស​ឆ្គងមួយហើយ តែអ្វីដែលក្រសួងមិនអាចអន់ឱនឲ្យបាននោះ គឺការដែលពិធីការនីមួយចំនួនរបស់វិទ្យុអាចារ្យ​អេ បានជេរដៀលទៅកាន់​ការរិះគន់ទៅវិញ។

លោកមានប្រសាសន៍ថា៖ «…ជាកំហុសមួយដែលយើងមិនអាចទទួលបាន គឺនៅពេលដែលមានការរិះគន់ហើយ គាត់ត្រូវឆ្លើយបំភ្លឺ គាត់ត្រូវពន្យល់ ប៉ុន្តែរបៀបឆ្លើយរបស់គាត់គឺការជេរ បង្អាប់ ដៀលគេមកវិញ។ នេះមិនមែនជាវិជ្ជាជីវៈរបស់ពីធីករ ពិធីការិនីទេ…»។

កាលពីម្សិលមិញក្រសួងព័ត៌មាន បានបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់ កិច្ចសហការផលិតកម្មវិធីផ្សាយរវាង ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ជាមួយវិទ្យុអាចារ្យអេ ABC កម្ពុជា FM 107.5 បន្ទាប់ពីមានការរិះគន់ និងការឆ្លើយឆ្លង រវាងពិធីការិនីកម្មវិធី ABC 3 Spring ទៅកាន់មហាជនដែលរិះគន់គន់ចំពោះឥរិយាបថរបស់ពិធីការនីមួយចំនួននោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ