ពលរដ្ឋ​សង់​ផ្ទះ​លើ​ផ្លូវ​សាធារណៈ​នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​បារម្ភ​ពី​សុវត្ថិភាព

ផ្ទះ​ដែលសង់លើ​ផ្លូវ​សាធារណៈ​នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​ (ណាត សុភាព)

ប្រជាពលរដ្ឋចំនួន ៩គ្រួសារ ដែលសង់ផ្ទះនៅ​លើផ្លូវសាធារណៈនៅម្តុំសង្កាត់​ផ្សារដើមថ្កូវ បានឲ្យដឹងថា ពួកគេព្រួយបារម្ភពីសុវត្ថិភាព ខណៈរថយន្ត និងម៉ូតូបើកឆ្លងកាត់ក្បែរផ្ទះ​ស្ទើរតែ ២៤ម៉ោង​ ជារៀង​រាល់ថ្ងៃ​។

ដោយ​ប្រាប់​ថា ប្រកបមុខ​របររើសអេតចាយ ស្ត្រី​ម្នាក់​ដែល​សុំមិនបញ្ចេញឈ្មោះ​ បាន​ឲ្យ​ដឹង​ថា គាត់​បាន​ជួលផ្ទះលើផ្លូវ​សាធារណៈ ស្ថិត​នៅលើផ្លូវ​លេខ៩៧ ក្នុង​សង្កាត់​​​ផ្សារដើមថ្កូវនោះអស់​រយៈ​ពេ​ល​ជាង ១០ឆ្នាំមកហើយ ដោយថា ក្នុង​មួយ​ខែបង់​ ៥​ម៉ឺន​រៀល ប៉ុន្តែ​ថា គាត់មិន​ដែល​ឃើញ​អាជ្ញាធរ​មក​​សួរនាំ​អ្វីនោះ​ទេ​។ ស្រ្តីដដែល​នេះ​ បាន​បន្ថែមថា គាត់មិន​ចង់រស់នៅលើផ្លូវសាធារណៈ​នោះទេ ប៉ុន្តែ គាត់ថា ​មិន​មាន​​ជម្រើស ខណៈមាន​ជីវភាពក្រីក្រ។

អ្នកស្រីនិយាយថា៖ «ព្រួយដែរយប់​ព្រលប់ ខ្លាចអ្នកស្រវឹង​​ ជិះឡានមក​បុក ព្រោះអីផ្ទះនេះបុកម្តង ផ្ទះនោះក៏បុកម្តងដែរ​ ហើយដេកយប់ ព្រលប់​ខ្លាច មិនដឹង​អ្នកស្អប់ អ្នកណាខ្ពើម​ដុតទៅចប់ហើយ​ ព្រោះអីផ្ទះតាមផ្លូវ​ ហើយសុទ្ធតែផ្ទះឈើ តែយើងអត់មានជម្រើស បើយើង​អត់មានលុយ​ ចេះតែនៅទៅ បើផ្ទះថ្មមួយខែ​៧០ ទៅ ៨០ដុល្លារ យើងមានលទ្ធភាព​ឯណា​»។

អ្នកស្រី គឹម រ៉ាវី​ ដែលអះអាងថា ជាជនជាតិខ្មែរកម្ពុជា​ក្រោម បានឲ្យដឹងដែរថា គាត់មក​សង់ផ្ទះនៅលើផ្លូវ​លេខ៩៧ ស្ថិត​នៅសង្កាត់​ផ្សារដើមថ្កូវ រយៈ​ពេល ៣៦ឆ្នាំមក​ហើយ ពុំមានអាជ្ញាធរមក​រករឿង​អ្វីនោះទេ ដោយថា គ្រាន់តែចៅសង្កាត់ហៅទៅណែនាំថា សំណង់​នេះ​មិន​ស្រប​តាម​ច្បាប់​នោះទេ។ អ្នកស្រីបន្តថា បើថ្ងៃណាមួយអាជ្ញាធរបញ្ជាឲ្យគាត់រុះរើចេញពីកន្លែងនោះ អ្នកស្រី​ថា នឹង​ធ្វើតាម ប៉ុន្តែ ត្រូវ​ផ្តល់សំណងសមរម្យ។

អ្នកស្រីនិយាយថា៖ «បើសិនគេថា ឲ្យមានថិវិកា បានទិញផ្ទះគ្រប់​ ចេះតែចង់ទៅដែរ គ្មានអ្នកណាគាត់ចង់នៅកណ្តាល​ថ្នល់ទេ…​និយាយ​ត្រង់…អ្នកណាចង់នៅ បើផ្ទះតូច ពិបាកនៅដែរ បើយើងគ្មានថវិកា»។

ចៅសង្កាត់ផ្សារដើមថ្កូវ លោក ហែម សុផាត បាន​ប្រាប់​ថា លោក​បាន​ដឹង​អំពី​សំណង់​លំនៅឋាន​នៅ​លើ​ផ្លូវ​សាធារណៈ​នោះ ប៉ុន្តែ លោក​ថា លោក​មិន​អាច​ដោះ​ស្រាយ​ករណី​នេះ​បាន​ទេ។ លោក​បញ្ជាក់​ថា ករណី​នេះ​អាច​ដោះ​ស្រាយ​បាន លុះ​ត្រា​តែ​មាន​បញ្ជា​ពី​ថ្នាក់​លើ។

លោក ហែម សុផាត ប្រាប់​ថា៖ «គេមកយូរហើយ ក៏ប៉ុន្តែបើសិនណាជាសាលាក្រុង មានគោលការនៅតំបន់អភិវឌ្ឍណា យើង​និងសុំគេធ្វើការផ្លាស់ប្តូរ​ដែរ យើងឃើញ​ហើយ​ មិនមែនថា យើងមិនទើសទេ យើងទើស ក៏ប៉ុន្តែបើនិយាយត្រឹមលទ្ធភាពសង្កត់ គឺយើងមិនអាច​ដោះស្រាយ​បានទេ»។

អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ លោក ម៉េត មាសភក្តី បាន​ឲ្យ​ដឹង​ថា លោកមិនទាន់ទទួលបានព័ត៌មាននេះពីអាជ្ញាធរមូលដ្ឋាននៅឡើយទេ ប៉ុន្តែ លោក​ថា លោក​នឹង​​ទាក់ទងទៅអាជ្ញាធរមូលដ្ឋាន​ ដើម្បី​ពិនិត្យលើករណីនេះ។

លោក ម៉េត មាសភក្ដី ប្រាប់​ថា៖«បើសិនជាសំណង់មកថ្មី​​ ក្នុងនាមអាជ្ញាធររបស់យើងត្រូវ​តែ​​ទៅទប់ស្កាត់សិន មិនអាចឲ្យមានការសាងសង់កើតឡើង​ទេ តែបើសំណង់ហ្នឹងមានហើយ​ ឬក៏ចៃដន្យថា វាមានចន្លោះប្រហោង​ ស្រាប់តែមានសំណង់ហ្នឹង យើងត្រូវ​តែដោះស្រាយ​ មិនឲ្យមាន​សំណង់​នេះ​មាន​បន្តទៀត​ទេ ​ព្រោះអីបើយើងដឹងច្បាស់​ថា ជាផ្លូវ​សាធារណៈ បើជាសំណង់ឯកជនមិនអាចមានទេ»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិ​ភាព លោក យង់ គិម​អេង បាន​សង្កេត​ឃើញ​ថា លោក​ប្រទះ​ឃើញ​សំណង់​រំលោភ​លើ​ផ្លូវ​សាធារណៈ​ស្ទើរ​តែ​គ្រប់​ទីកន្លែង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ អាជ្ញាធរ​ពុំ​បាន​គ្រប់​គ្រង​បញ្ហា​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ។

លោកយល់ថា៖«ដើម្បីកុំឲ្យការមិនសប្បាយចិត្តកើតឡើងទាន់ អាជ្ញាធរត្រូវតែចាប់ផ្តើមដោះស្រាយ​ជាមួយនឹងប្រជាពលរដ្ឋ​ ពេលដែលគាត់ធ្វើ​ គឺចាប់ផ្តើមនិយាយគ្នាឲ្យហើយ​ថា ឲ្យប្លង់គាត់ត្រឹមណា​ គាត់ធ្វើបានកម្រិតណា​ឲ្យច្បាស់ មិនមែន​គ្រាន់តែសង្កាត់គាត់ថា អត់មាន​មើល​​ប្លង់ន​គរូបនីយកម្មទេ ត្រូវ​មើលប្លង់ឲ្យស្រួលបួល​បានទៅរួច​​»។

មាត្រា៤៣ នៃច្បាប់ភូមិបាល​ បានចែងថា បុគ្គល​ដែល​កាន់​កាប់​ដោយ​ខុស​ច្បាប់​លើ​​ទ្រព្យ​សម្បត្តិ​សាធារណៈ នឹង​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញ​ជា​បន្ទាន់ និង​គ្មាន​សិទ្ធិ​ទាមទារ​សំណង​នោះ​ឡើយ។ ក្រៅ​ពី​នេះ បុគ្គល​ដែល​រំលោភ​លើ​ទ្រព្យ​សម្បត្តិ​សាធារណៈ ក៏​នឹង​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​ពី ៥ ទៅ ១០​លាន​រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ