វិភាគ៖ អ្នកណាខ្លះ​ទទួលខុសត្រូវករណីឆ្លងមេរោគអេដស៍ជាបន្តបន្ទាប់?

ប្រជាពលរដ្ឋ​រាប់​រយនាក់នៅ​​ឃុំ​សំ​បូរ​មា​ស ស្រុក​មុខកំពូល ខេត្តកណ្តាល សម្រុក​នាំគ្នា​ទៅ​ពិនិត្យ​ឈាមនៅប៉ុន្មានថ្ងៃនេះខណៈ​ពួកគេសង្ស័យថាមានការផ្ទុះ​ការឆ្លងមេរោគអេដស៍​​តាម​រយៈការចាក់​ថ្នាំ​របស់ពេទ្យនៅក្នុងតំបន់នោះ។​

ការឆ្លង​មេរោគ​អេដស៍នៅ​ស្រុក​មុខកំពូល​ខេត្ត​កណ្តាល​នេះជាករណីទី២ហើយបន្ទាប់​ពីការឆ្លង​រាលដាល​នៅ​ឃុំ​រការ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង ​កាលពីឆ្នាំ​២០១៥ គឺមន្ត្រី​ជំនាញ​រកឃើញ​ថាពលរដ្ឋ​នៅ​ទីនោះ​មានចាស់​មានក្មេងជិត​៣០០នាក់​មានផ្ទុក​មេរោគ​អេដស៍​។ ករណីឆ្លង​នៅខេត្តបាត់ដំបង​តុលាការ​សម្រេចឲ្យ​ពេទ្យ​ឯក​ជន​ម្នាក់​ឈ្មោះ យ៉ែម ជ្រិន​ ឲ្យ​ជាប់​ពន្ធ​នាគារ​២៥ឆ្នាំ​ដោយ​ចោទ​ថា​ធ្វេសប្រហែសក្នុងការ​ចាក់​ថ្នាំបណ្តាល​ឲ្យឆ្លងមេរោគ​អេដស៍ដល់ពលរដ្ឋ។​

ចំណែក​ករណី​រាលដាល​ផ្ទុះ​ជំងឺអេដស៍​នៅ​ក្នុងស្រុក​មុខ​កំពូល​ខេត្ត​កណ្តាល​គឺនៅមិនទាន់​​ដឹងចំនួន​ជាក់លាក់​និងមិនទាន់ដឹង​មូលហេតុច្បាស់​នៅឡើយ។​

អ្នកដែល​មន្ត្រីជំនាញ​រកឃើញថាមានផ្ទុក​មេរោគ​អេដសន៍​នៅក្នុងខេត្ត​បាត់​ដំបង​ពេលកន្លង​ទៅមាន​តាំងពីកុមារ​មិនទាន់​ចេះ​និយាយនិងមនុស្សវ័យ​​ជាង​៧០ឆ្នាំ​។ ​​ក្នុងចំណោម​នោះ​យុវជន​ប្រុសស្រីដែល​កំពុងរៀន​នៅថ្នាក់​វិទ្យាល័យ​មួយ​ចំនួន​បានបង្ហាញ​​អារម្មណ៍​ខ្មាស​អៀន​មិត្ត​ភ័ក្រក្នុងសាលា​និង​មានបំណង​បោះបង់​ការសិក្សាចោល​។ ទន្ទឹម​នឹងនោះម្តាយឪពុក​ជាច្រើន​​ទៀត​ក៏បានសម្រក់​ទឹក​នៅពេល​និយាយរឿងនេះប្រាប់​មន្ត្រីអង្គការ​សង្គម​ស៊ីវិលនិងគណៈប្រតិភូ​របស់​រដ្ឋាភិបាលដោយពួកគាត់​​បារម្ភពី​អនាគត​របស់កូន​ៗនៅតូច​និងបារម្ភ​ពីសុខភាព​របស់ពួក​គាត់កាន់​តែចុះខ្សោយ។​

តើអ្នកណាទទួលខុសត្រូវចំពោះសោកនាដកម្មនេះ?

អ្នកវិភាគ​បញ្ហាសង្គម​លោក ចាន់ វិបុល លើកឡើង​ថារដ្ឋាភិបាល​ត្រូវ​ទទួល​ខុសត្រូវ​ទាំងស្រុង​លើបញ្ហា​នេះ។ ​ការទទួលខុសត្រូវ​នៅពេលនេះលោកបែងចែកជាពីរ​គឺ ទី១​លោកថាត្រូវ​រកអ្នកបង្ក​ឲ្យឆ្លង​ដើម្បី​ផ្តន្ទាទោស​ដូច​ករណី​នៅខេត្ត​បាត់​ដំបង និង​ទី២ត្រូវ​ទទួល​ខុសត្រូវ​លើបញ្ហាចិញ្ចឹម​ជីវិត​របស់​ពួកគេ​ទៅថ្ងៃអនាគត។​

ស្របពេល​នៃការផ្ទុះ​ឆ្លង​មេរោគ​អេដស៍​ដោយសារ​ការធ្វេសប្រហែល​របស់គ្រូពេទ្យឯក​ជន​នេះប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏បាន​បញ្ចេញមតិ​យោបល់់​របស់ខ្លួន​លើបណ្តាញ​សង្គម​ហេ្វសប៊ុក​ដាក់​បន្ទុក​លើ​ក្រសួង​សុខាភិបា​ល​ថាអសមត្ថ​ភាព​ក្នុងការ​បំពេញ​ការងារការពារ​សុខភាព​របស់​ពលរដ្ឋ​​។​

ជុំវិញការអនុវត្ត​ការងាររបស់​ក្រសួង​សុខាភិបាល​បច្ចុប្បន្ន​លោក ចាន់ វិបុល លើកឡើង​ថាក្រសួង​ការងារ​បំពេញការងារ​បា​ន​លទ្ធផលទាប​​បើធៀបនឹង​តម្រូវ​ការរបស់​ពលរដ្ឋ​។ លោក​បញ្ជាក់ថាក្រសួងសុខាភិបាល​បច្ចុប្បន្ន​ត្រូវ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ឬត្រូវ​ធ្វើ​បដិវត្តន៍។ លោកបន្ថែមថា៖ “យើងនិយាយមួយទៀតបដិវត្តន៍ផ្នែកកំណែទម្រង់លើវិស័យសុខាភិបាលខ្ញុំអត់សំដៅលើការធ្វើសង្គ្រាមទេគឺការធ្វើបដិវត្តន៍ផ្នែកកំណែទម្រង់ពីព្រោះប្រព័ន្ធនេះខ្សោយទាំងគុណភាពខ្សោយទាំងការផ្តល់សេវាកម្មក៏ទាបហើយក្រមសីលធម៌របស់លោកគ្រូអ្នកគ្រូពេទ្យនិងថ្នាក់ដឹកនាំហ្នឹងក៏ទាបមែនទែនបើខ្ញុំប្រៀបធៀបជាមួយប្រទេសមួយចំនួន​​នៅលើពិភពលោក”។​​

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​កំពុងតែពេញ​និយម​ក្នុងការ​ប្រើប្រាស់​សេវា​ថែទាំសុខភាព​ពីពេទ្យ​ឯកជន​ក្នុងស្រុក​និងចេញ​​ទៅព្យាបាល​នៅក្រៅ​ប្រទេស​។​ មូលហេតុ​ដែលពលរដ្ឋ​សម្រេចទទួល​យកសេវា​ពេទ្យ​ឯ​​កជនដោយពួកគេចោទ​ថាសេវាសុខា​ភិបាល​របស់​​រដ្ឋ​យឺតយ៉ាវ ម៉្យាងសម្តី​អាក្រក់មិនសូវ​មានសីលធម៌​មិនសមជា​ពេទ្យ​ដែលជួយសង្គ្រោះជីវិត​មនុស្ស​តែសម​ជាអ្នកដែល​ប្រកបរបរ​ដើម្បីតែទទួលប្រាប់​តែប៉ុណ្ណោះ​​។​ បញ្ហាឥរិយាបថពេទ្យ​មួយ​ចំនួន​បានធ្វើឲ្យ​អ្នកជំងឺខ្លះ​សម្រេច​ចិត្ត​ដេកស្លាប់នៅផ្ទះ​​បើទោះជា​ជំងឺ​គេ​អាចម​សង្ឃឹម​ថាព្យាបាល​ជាក៏ដោយ។​

របាយការណ៍​របស់ក្រសួង​សុខាភិបាលកាលពី​ឆ្នាំ​២០១៥​​បង្ហាញ​ថាបច្ចុប្បន្ន​សេវាថែទាំសុខភាពឯកជន​​មានជាង​១០ ០០០(មួយម៉ឺន​)កន្លែង។​ ក្នុងនោះ​សេវា​ឯ​ក​ជន​ដែលមានច្បាប់​អនុញ្ញាត​មាន​៨ ៥០២កន្លែងនិងសេវាឯកជន​មិនមានច្បាប់​អនុញ្ញាត​មាន​៣ ៩៤២កន្លែង​។ បច្ចុប្បន្ន​គ្រូពេទ្យ​មួយចំនួន​ដែលចេះពីឪពុកម្តាយពីបងប្អូនសាច់​ញាតិបាន​ដើរចាក់ថ្នាំប្រជាពលរដ្ឋ​ដល់​ផ្ទះឬបើកកន្លែង​ព្យាបាល​ជំងឺ។ ទាំងនេះ​ជាមូលហេតុ​ដែល​អ្នកជំងឺ​មួយចំនួន​ត្រូវស្លាប់បើទោះ​ជាជំងឺ​ពួក​គេអាច​សង្ឃឹម​ព្យាបាល​​ជាឬអាចឆ្លង​ជំងឺផ្សេងៗដូច​ជា​ជំងឺអេដស៍​ជាដើម។​

អ្នកស្រាវជ្រាវ​ពីការអភិវឌ្ឍសង្គម​លោក មាស នី លើកឡើងថា​រដ្ឋាភិបាលមានការធ្វេសប្រហែសក្នុងការ​អប់រំនិង​ចាត់វិធានការ​​ទប់ស្កាត់​ការរីករាល​ដាល​មេរោគអេដស៍ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះបន្ទាប់​ពីរដ្ឋាភិបាល​ធ្វើ​​សេចក្តីរាយការណ៍​ទៅម្ចាស់​ជំនួយ​ថាជំងឺ​អេដស៍​នៅកម្ពុជា​បាន​ថយ​ចុះ​។​​ លោកសង្ស័យ​ថាការផ្ទុះឆ្លង​មេរោគ​អេដស៍​នេះមិនមែនមានតែ​នៅក្នុងស្រុកសង្កែ​ ខេត្ត​បាត់​ដំបង និងស្រុក​មុខ​កំពូល ​ខេត្ត​កណ្តាល​ទេ គឺអាច​មាននៅ​តាម​តំបន់​ផ្សេងៗទៀត ហើយលោក​ជំរុញ​ឲ្យរដ្ឋាភិបាល​បើកការស៊ើបអង្កេតឲ្យ​បានច្បាស់​។ លោកបន្តថា​៖ “ខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានថាមានទំហំប៉ុណ្ណាទេគឺគ្រាន់តែខ្ញុំមានការសង្ស័យព្រោះខ្ញុំបានដើរស្រាវជ្រាវច្រើន យើងសង្ស័យថាជំងឺអេដស៍អាចនឹងផ្ទុះឡើងវិញនៅតំបន់ផ្សេងៗ ករណីនៅខេត្តកណ្តាលជារឿងទី២ ប៉ុន្តែរដ្ឋាភិបាលត្រូវតែមានការយកចិត្តទុកដាក់បំផុតប្រុងប្រយ័ត្ននិងស្រាវជ្រាវនៅកន្លែងផ្សេងដែលអាចមាន”។​

ទាំង​លោក​ ចាន់ វិបុល និងលោក មាស នី ដាក់​ការសង្ស័យ​ប្រហាក់ប្រហែលគ្នាថាការផ្ទុះឆ្លង​មេរោគ​អេដស៍នេះមិនមែន​ឆ្លង​មក​ពីមូលហេតុ​នៃ​ការ​ចាក់ថ្នាំ​​ពីគ្រូ​ពេទ្យ​ឯកជន​មិនមានជំនាញ​តែមួយមុខ​នោះទេ គឺអាច​មកពីមានមូលហេតុ​ផ្សេងទៀតដែលរដ្ឋាភិបាលត្រូវ​សិក្សា​ឲ្យបាន​ច្បាស់​ដើម្បីដោះស្រាយ បើមិនដូច្នេះ​ទេជំងឺអេដស៍​ឬហៅ​រលក​ថ្មីនៃ​ជំងឺអេដស៍​នឹង​ផ្ទុះឡើង​ជាថ្មីទៀត​នៅកម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ