ក្រុមហ៊ុន​​ប្រេង​អាមេរិក​ថា គ្មាន​វីដេអូ​ឃាតកម្ម​លោក កែម ឡី

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០១៧​ ម៉ោង 12:53 PM | កែម ទ្បី | 0 | 40813

ក្រុមហ៊ុន​​មេ​នៃ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​កាល់តិច​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​អះ​អាង​ថា ពួកគេ​មិន​មាន​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ថត​សកម្មភាព​នៃ​ឃាតកម្ម​អ្នក​វិភាគ​ល្បី​ឈ្មោះ លោក កែម ឡី នោះ​ឡើយ។

កាល​ពី​ពេល​ថ្មីៗ​នេះ អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា តុលាការ​មួយ​របស់​អាមេរិក បាន​ទុក​ពេល៣០​ថ្ងៃ ​ឲ្យ​ក្រុមហ៊ុន Chevron ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ឆ្លើយ​តបនឹង​សំណើ​សុំ​បញ្ចេញ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព ដែល​បាន​ផ្ដិត​យក​ទិដ្ឋភាព​នៃ​ឃាតកម្ម​លោក កែម ឡី នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន។

ប៉ុន្តែ ក្រុមហ៊ុន Chevron ត្រូវ​បាន​កាសែត​ខេមបូឌា ដេលី ទាក់​ទង​សម្ភាស និង​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ក្រុមហ៊ុន​នេះ​មិន​មាន​វីដេអូ​នោះ​ឡើយ។ ក្រុមហ៊ុន​ប្រេង​អាមេរិក​មួយ​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា វីដេអូ​ឃាតកម្ម​លោក កែម ឡី ស្ថិត​នៅ​ក្នុង​ដៃ​អាជ្ញាធរ​កម្ពុជា។

ក្រុមហ៊ុន​នេះ​បញ្ជាក់​ថា អាជ្ញាធរ​កម្ពុជា​បាន​ដក​ហូត​វីដេអូ​នោះ​ទាំង​ស្រុង តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ឃាតកម្ម​នោះ បាន​កើត​ឡើង ហើយ​មិន​បាន​ប្រគល់​វីដេអូ​នោះ​ត្រឡប់​ទៅ​វិញ​ទេ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required