រដ្ឋាភិបាល​​ចាត់​​វិធាន​​ការ​បញ្ចៀស​សំណល់​គីមី​នៅ​ក្នុង​អង្ករ​

ដោយ កញ្ញា យួង ចន្នី​​ | ថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០១៧​ ម៉ោង 2:11 PM | កសិកម្ម | 0 | 6195 រោងម៉ាស៊ីនផ្ទុកស្រូវ (ដោយ បូ សាវី)

ក្រសួង​កសិម្ម​បាន​ចាត់​វិធាន​ការ​ភ្លាមៗ​បន្ទាប់​ពី​សហភាព​អឺរ៉ុបព្រមាន​ថា​នឹង​បញ្ឈប់​នាំ​ចូល​អង្ករ​ ពីកម្ពុជា​​ចាប់​ពី​ខែ​កក្កដា​ខាង​មុខ​នេះ​ ដោយថាអង្ករនេះ​មានផ្ទុក​សារធាតុ​ទ្រីហ្ស៊ីក្លាហ្សូលលើសកំរិត។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ចុះ​ថ្ងៃ​ទី ២២ ខែ​មីនា​នេះ​បាន​ឱ្យ​ដឹង​ថា​ក្រសួង​បាន​ចាត់​វិធាន​ការ​ដោយ​រៀប​ចំក្រុម​សិក្សា​ស្រាវជ្រាវ ចំនួន ​៧​រូប ដើម្បី​លើក​វិធានការ​បញ្ចៀស កុំឲ្យមានសំណល់​ធាតុ ទ្រីហ្ស៊ីក្លាហ្សូល​លើសកំរិតនៅ​ក្នុង​អង្ករ​។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ដដែល​នេះ​បាន​បញ្ជាក់​ថា ក្រុម​ការងារ​សិក្សាស្រាវ​ជ្រាវ​នេះ ​នឹង​សហការ​ជា​មួយ​អង្គ​ភាព​ពាក់ព័ន្ធ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ប្រមូល​ទិន្នន័យ លើវិធាន​ការ​បញ្ចៀស​បញ្ហានេះ​។​

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​លោក ហ៊ាន វណ្ណហន បាន​ប្រាប់​វីអូឌី​ឱ្យ​ដឹង​ថា ការ​បង្កើត​ក្រុម​ស្រាវជ្រាវ​នេះ​ដើម្បី ឆ្លើយ​តប​ទៅ​នឹង​ ការ​បង្កើត​ច្បាប់​ថ្មី​របស់​សហភាព​អឺរ៉ុប​ដែល​បាន​កំណត់ថា ​ឱ្យ​មាន​សារធាតុ​ទ្រីហ្ស៊ីក្លាហ្សូល​នៅ​ក្នុង​អង្ករ​មិន​ឱ្យ​លើស​ពី ០.០១​មីលីក្រាម ក្នុង​១គីឡូក្រាម​អង្ករ​។​

លោក​បញ្ជាក់​ថា ច្បា​ប់គេហ្នឹង ចាប់ផ្តើមអនុវត្តនៅដើមខែប្រាំពីរខាងមុខនេះអីចឹងហើយមិនមែនតែយើងបារម្ភទេ។ ច្បាប់នេះមិនដាក់សំរាប់តែកម្ពុជាដែរគឺដាក់រាល់ការនំាចូលអង្ករពីកម្ពុជា ហ្នឹងមានការរឹតបន្តឹងបែប​ហ្នឹង​”​ ។​

គួរ​បញ្ជាក់​ថា​កាល​ពី​ឆ្នាំ២០១៦ កសិករ​កម្ពុជា​ប្រមូលផល​ស្រូវ​វស្សា​បាន ៣ ៥៤៦ ១១៩តោន ហើយ​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ក្នុង​រយៈ​ពេល ១១ ខែ ក្នុង​ឆ្នាំ​ដដែល​នោះ​មាន​ចំនួន​ ៤៧៩ ៦៨៩​តោន​៕​

សរសេរមកកាន់ កញ្ញា យួង ចន្នី តាមរយៈ vichnyyuong@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required