​អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា ត្រូវកោះហៅ ទាក់ទង​នឹង​ករណី​ស្រីមុំ​

លោក នី​ ចរិយា កាលពីកន្លងទៅ​

អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានកោះហៅអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ទាក់ទងនឹងចម្លើយសារភាពរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ។

លោក នី ចរិយា ប្រាប់វីអូឌីនៅរសៀលថ្ងៃចន្ទនេះថាលោកត្រូវបានកោះហៅឲ្យទៅអង្គភាពនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។ នៅពេលសួរថាតើករណីលោកពាក់ព័ន្ធអ្វីដែរ លោក នី ចរិយា មានប្រសាសន៍ថា៖ “ខ្ញុំគ្មានដឹងរឿងអីទេ”។ លោកបានបដិសេធអត្ថាធិប្បាយអត្ថាធិប្បាយលើបញ្ហានេះ តែថាលោកនឹងទៅអង្គភាពតាមការកោះហៅ។

លោក នី ចរិយា ជាអតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក។ លោកបានឈប់ការងារនេះ នៅពេលលោកបានជាប់ជាអគ្គលេខាធិការរងគ.ជ.បនិងទទួលតំណែងផ្លូវការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។ មូលហេតុដែលលោក នី ចរិយា ត្រូវបានកោះហៅនោះ មិនទាន់ត្រូវបានទម្លាយដោយអង្គភាពប្រឆាំងអំពើពុករលួយនៅឡើយទេ។

ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃចន្ទនេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង មានប្រសាសន៍ថាមនុស្ស៨នាក់ត្រូវបានកោះហៅពាក់ព័ន្ធនឹងករណីស្រីមុំ តែលោកបដិសេធមិនប្រាប់ឈ្មោះបុគ្គលទាំងនោះ។

ក្រៅពីលោក នី ចរិយា អង្គភាពប្រឆាំងអំពើពុករលួយក៏បានកោះហៅមន្រ្តីអាដហុក៥នាក់ រួមមានលោក នួន សុធីមន្ត ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹងនិងអន្តរជាតិ បានកោះហៅអតីតមេធាវីស្រីមុំ ឈ្មោះ អ្នកស្រី ទ្រី ឈូន លោក លោក លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគម លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគម លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមនិងលោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត។ ការកោះហៅនោះគឺដើម្បីស្តាប់ចម្លើយពាក់ព័ន្ធនឹងការណែនាំឲ្យកញ្ញាស្រីមុំ ផ្តល់ចម្លើយដល់អាជ្ញាធរមានសមត្ថកិច្ច។

ដីកាកោះហៅមន្រ្តីសង្គមស៊ីវិលនេះ ធ្វើឡើងបន្ទាប់ពីកញ្ញា ស្រី មុំ បានសរសេរលិខិតចំហមួយ ដោយលើកឡើងថាមន្រ្តីសង្គមស៊ីវិលមួយចំនួន រួមមានមន្រ្តីអាដហុកទាំង៥រូបដែលត្រូវបានកោះហៅ លោកស្រី ធីតា ឃឹះ និងលោក ស៊ឺន សាលី មន្រ្តីអង្គការសិទ្ធិមនុស្សនៅUN បានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ។

កាលពីថ្ងៃអាទិត្យ អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនលោក ស៊ាង ចែត  មេឃុំស្រក នៅខេត្តកំពង់ចាម មកពីគណបក្ស សម រង្ស៊ី  ក្រោយពីស្រីមុំបានលើកឡើងថាមេឃុំនោះបានយកលុយឲ្យម្តាយនាងចំនួន៥០០ដុល្លារហើយណែនាំម្តាយនាងកុំឲ្យនិយាយការពិត ដែលនាំប៉ះពាល់ដល់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិនិងសន្យាឲ្យនាងនិងម្តាយទៅរស់នៅក្រៅប្រទេស។

ស្រីមុំបានបញ្ជាក់ថា៖ “នាងមិនអាចបិទបាំងចំពោះទង្វើខុសច្បាប់ពីសំណាក់បុគ្គលមួយចំនួនរបស់បណ្តាអង្គការសមាគមដែលបានបញ្ចុះបញ្ចូល លួងលោម បោកបញ្ឆោតនាងខ្ញុំ និងក្រុមគ្រួសារនាងខ្ញុំឲ្យនិយាយភូតកុហកពីការពិតជាក់ស្តែងគឺនៅពេលនាងខ្ញុំត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃហៅខ្ញុំទៅបំភ្លឺពាក់ព័ន្ធនឹងបណ្តឹងរបស់ ធី សុវណ្ណថា ពេលនោះនាងខ្ញុំបានទៅសុំអន្តរាគមន៍ពីសមាគមអាដហុកដើម្បីជួយការពាររកយុត្តិធម៌ដោយសមាគមអាដហុកបានឲ្យនាងខ្ញុំសរសេរពាក្យបណ្តឹងបដិសេធទាំងស្រុងនូវខ្សែអាត់សំឡេងដែលទាក់ទងស្នេហារវាងនាងខ្ញុំជាមួយលោក កឹម សុខា”

កញ្ញាស្រី មុំ ក៏បានដាក់ពាក្យប្តឹងលោក កឹម សុខា ទាមទារសំណងជំងឺចិត្ត៣០ម៉ឺនដុល្លារ។

បន្ទាប់ស្រីមុំបានសរសេរលិខិតចំហនេះ សមាគមអាដហុកបានបញ្ចេញវីដេអូឃ្លីបមួយនៅពេល ស្រីមុំ បានស្នើសុំឲ្យសមាគមជួយអន្តរាគមន៍ នៅពេលនាងបានបដិសេធថាមិនធ្លាប់មានស្នេហាជាមួយលោក កឹម សុខា។

កាលនោះ កញ្ញាស្រីមុំ បានបញ្ជាក់ថា៖ “ខ្ញុំចង់និយាយថាខ្ញុំអត់ដែលមានទំនាក់ទំនងអីមួយគាត់ទេ(កឹម សុខា) គ្រាន់តែពេលគាត់ខលទៅគឺទាក់ទងនឹងរឿងកាត់សក់នៅហាងខ្ញុំហើយសួរថាមានជាងកាត់សក់ទំនេរអត់? ហើយខ្ញុំថាមានទំនេរអញ្ជើញមកកាត់សក់មកតែខ្ញុំគ្រាន់តែជាជាងកាត់សក់ទេបើថារឿងទំនាក់ទំនងជាមួយគាត់គឺអត់មានទំនាក់ទំនងស្នេហាអីជ្រៅជ្រះជាមួយគាត់ដែរ”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ