ប្រធានាធិបតី​បារាំង លោក ហូឡង់ ជំរុញ​ពលរដ្ឋ​កុំ​ឲ្យ​បោះ​ឆ្នោត​គាំ​ទ្រ​អ្នកស្រី ឡឺ ប៉ែន

ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ នៅ​ថ្ងៃ​នេះ បាន​ជំរុញ​ទៅ​អ្នក​បោះ​ឆ្នោត កុំ​ឲ្យ​បោះ​ឆ្នោត​ឲ្យ​អ្នកស្រី ម៉ារីន ឡឺប៉ែន បេក្ខនារី​ប្រធានាធិបតី​ស្ដាំ​និយម​ជ្រុល នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​បារាំង​ជុំ​ផ្ដាច់​ព្រ័ត្រ ប្រកួត​ប្រជែង​ជាមួយ​បេក្ខជន​អឺរ៉ុប​និយម លោក អែមម៉ានុយអ៊ែល ម៉ាក្រុន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក ម៉ាក្រុន នឹង​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​បារាំង​វ័យ​ក្មេង​បំផុត ក្រោយ​ពី​ទទួល​បាន​សំឡេង​គាំ​ទ្រ​នាំ​មុខ​គេ នៅ​ក្នុង​ការ​បោះ​ឆ្នោតជុំ​ទី​១ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ជាមួយ​សំឡេង​គាំ​ទ្រ​ជាង ២៤​ភាគរយ ដោយ​បាន​នាំ​មុខមេដឹកនាំ​ចលនា​ជាតិ អ្នកស្រី ឡឺប៉ែន ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ជាង ២១​ភាគរយ។

ការ​បោះ​ឆ្នោត​នេះ បង្ហាញ​ថា ប្រទេស​បារាំង​បាន​បាក់​បែក​គ្នា​យ៉ាង​ជ្រាល​ជ្រៅ ដោយ​លោក ម៉ាក្រុន វ័យ ៣៩​នាក់ ដែល​ជា​អ្នក​ជំរុញ​ឲ្យ​បើក​ចំហរ​ព្រំដែន និង​ពាណិជ្ជកម្ម​សេរី​នោះ បាន​ទទួល​ការ​គាំ​ទ្រ​នាំ​មុខ​គេ​នៅ​តាម​បណ្ដា​ទីក្រុង ខណៈ​ដែល​អ្នកស្រី ឡឺប៉ែន បាន​នាំ​មុខ​នៅ​តាម​តំបន់​ជន​បទ ដែល​ដើរ​យឺត​យ៉ាវ​ជាង​និន្នាការ​សកល​ភាវូបនីយកម្ម។

ក្នុង​សុន្ទរកថា​ដ៏​កម្រ​ទៅ​កាន់​អ្នក​បោះ​ឆ្នោត លោក ហូឡង់ បាន​ព្រមាន​អំពី​ហានិភ័យ​សម្រាប់​ប្រទេស​បារាំង ប្រសិន​បើ​អ្នកស្រី ឡឺប៉ែន ឈ្នះ​ការ​បោះ​ឆ្នោត ហើយលោក​ថា ខ្លួន​លោក​ផ្ទាល់​ក៏​បោះ​ឆ្នោត​គាំ​ទ្រ​លោក ម៉ាក្រុន ផង​ដែរ ដែល​ធ្លាប់​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​​​សេដ្ឋកិច្ច​ក្រោម​រដ្ឋ​បាល​លោក ហូឡង់រយៈ​ពេល ២​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ