លោក ហ៊ុន សែន ព្រមាន លោក កឹម សុខា រឿងឃោសនា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ

លោក ហ៊ុន សែន មេដឹកនាំគណបក្សកាន់អំណាចបានព្រមាន លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ខណៈដែលគណបក្សធំៗទាំងពីរកំពុងបង្ហាញកម្លាំងគាំទ្រប្រហាក់ប្រហែលគ្នាក្នុងយុទ្ធនាការបោះឆ្នោត។

ក្នុងពិធីសំណេះសំណាល ជាមួយគ្រីស្ទបរិស័ទ ដែលធ្វើនៅកោះពេជ្រ នៅថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បានបង្ហាញការខឹង​សម្បារនឹងលោក កឹម សុខា ដោយថាមេដឹកនាំគណបក្សប្រឆាំងបានយកសមិទ្ធផលរបស់គណបក្សកាន់​អំណាចទៅឃោសនាបោះឆ្នោត។ លោកថ្លែងថា «លោកបាននិយាយថា បក្សកាន់អំណាចធ្វើតាមការទាមទាររបស់លោកអំពីប្រាក់ខែនិងអំពីថ្លៃភ្លើង។ លោកត្រូវចាំឲ្យច្បាស់ ពេលនោះលទ្ធភាពថវិកាវាអត់មាន តែនេះ២០១៧ហើយ។​ លោកកុំឆ្លៀតយកចំណេញពីសមិទ្ធផលរបស់គណបក្សប្រជាជនដែលដឹកនាំរាជរដ្ឋាភិបាលឲ្យសោះ!»

ក្នុងពេលឃោសនាក្នុងខេត្តបាត់ដំបង កាលពីថ្ងៃម្សិលមិញ លោក កឹម សុខា ថ្លែងថា អ្នករិះគន់ដែលនិយាយថា កម្មវិធីនយោបាយសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ របស់គណបក្សសង្គ្រោះជាតិមិនអាចធ្វើបាននោះ គួរតែពិនិត្យមើលការអនុវត្តរបស់គណបក្សកាន់អំណាចនៅក្នុងការបញ្ចុះតម្លៃអគ្គិសនី និងការដំឡើងបៀវត្សរ៍ដល់មន្ត្រីរាជការ និងទាហាននៅពេលនេះ ដោយ​លោកថា គណបក្សកាន់អំណាចធ្វើតាមការទាមទាររបស់គណបក្សសង្រ្គោះជាតិកាលពីការបោះឆ្នោតជាតិឆ្នាំ២០១៣។ លោកថ្លែងថា «នៅពេលនោះគេនិយាយថាកុំជឿពួកគេ!តើមានលុយ​​មកពីណា?ប៉ុន្តែឥឡូវប្រាក់ខែ១លានរៀលហើយពីព្រោះគេខ្លាចចាញ់ឆ្នោត»។

លោក ហ៊ុន សែន ព្រមានទៅលោក កឹម សុខា ទៀតថា «ខ្ញុំសូមផ្តាំទៅលោក កឹម សុខា!​ លោកច្រើនដង​​ពេក​​ហើយគ្រាន់តែចង់បានប្រធានរដ្ឋសភាធ្វើបាតុកម្មអស់ប៉ុន្មានខែគេអត់ណាស់! ខ្ញុំបាននិយាយជាមួយលោកច្បាស់។ ខ្ញុំចាប់ដៃលោកក្នុងរដ្ឋសភា ខ្ញុំថាម៉េចឯកឧត្តម? មានវីដេអូឃ្លីបមួយ ឯកឧត្តមនិយាយថា ឥឡូវឡើងទៅចឹង។ ចុះឬមិនចុះបើមិនចុះទេអង្រួនឲ្យចុះ។ ខ្ញុំបានព្រមានត្រង់ៗថា បើពេលនោះឯកឧត្តមធ្វើ ថ្ងៃនេះគឺជាថ្ងៃបុណ្យខ្មោរបស់ឯកឧត្តមខ្ញុំមិនខ្លាចនឹងធ្វើជាមួយការបំផ្លាញណាមួយចាប់បង្ខំឲ្យរដ្ឋាភិបាលស្របច្បាប់ត្រូវ​​រំលាយនោះទេ»។

ដោយថ្លែងការពារសំដីរបស់ លោក ទៀ បាញ់ ដែលគំរាមវាយបាក់​ធ្មេញអ្នកតវ៉ានោះ  លោក ហ៊ុន សែន នៅតែបន្តគំរាមដដែលៗទៀតថា បើគណ​បក្ស​ប្រ​ជា​ជនចាញ់​នឹង​មាន​សង្រ្គាម​កើត​ដោយចោទថា​មកពីអ្នកគាំទ្រគណ​បក្សប្រឆាំងប្រើពាក្យ​ញុះញង់និង​វាយប្រហារ​មកលើ​គណ​បក្ស​​កាន់អំណាច។ លោកព្រមានថា «ខ្ញុំជូនសារឲ្យអស់លោកភ្លឺភ្នែកហើយកុំបន្ទោស​ ទៀ បាញ់ កុំបន្ទោសប៉ុល សារឿន អំពីការធ្វើសេចក្តីថ្លែងការណ៍ប្រឆាំងបដិវត្តន៍ពណ៌។ ទង្វើណាក៏ដោយដែលនាំទៅដល់ការផ្តួលរំលំគឺជាទង្វើដែលត្រូវតែបង្រ្កាបដាច់ខាតតែម្តង។គ្មានការអត់ឱនទេដើម្បីធានាជីវិតមនុស្សរាប់លាននាក់ យើងសុខចិត្តកំចាត់ចោល១០០-២០០នាក់ ព្រោះយើងធ្លាប់បានឃើញនៅអតីតកាល»។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍នឹងប្រសាសន៍របស់លោក ហ៊ុន សែន នោះទេ ដោយលោកអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតឃុំ សង្កាត់ ដើម្បីផ្លាស់ប្តូរមេដឹកនាំថ្មី ទើបធ្វើឲ្យសង្គមជាតិមានសន្តិភាព។ លោកនិយាយថា« ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋម្ចាស់ឆ្នោត ផ្តោតអារម្មណ៍លើការបោះឆ្នោតថ្ងៃទី៤មិថុនា ឆ្នាំ២០១៧ ហើយបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ បោះឆ្នោតដើម្បីបញ្ជៀសសង្គ្រាម បោះឆ្នោតដើម្បីសន្តិភាពដែលមានយុត្តិធម៌ ហើយបោះឆ្នោតដើម្បីដោះស្រាយដែលសេសសល់តំាងពីមុនមក ដើម្បីឲ្យជីវភាពបងប្អូនយើងទូទំាងប្រទេសទទួលបាននូវផលប្រយោជន៍សេដ្ឋកិច្ចប្រកបដោយសមធម៌ រឿងដទៃទៀតគឺយើងមិនចំាបាច់ចាប់អារម្មណ៍ទេ»។

ប៉ុន្ដែអ្នកវិភាគបញ្ហាសង្គម លោក មាស នី វិភាគថា សារព្រមានពីសង្គ្រាមនេះអាចមានហេតុផលខ្លះដែរ ដោយលោកសន្និដ្ឋានថា រដ្ឋាភិបាលទំនងជាដឹងខ្លួនមុន ឬទទួលបានព័ត៌មានច្បាស់ការណាមួយថា ក្នុងជួរកងកម្លាំងប្រដាប់អាវុធ ពួកគេ​អាចមិនគាំទ្រគណបក្សប្រជាជនមួយរយភាគរយនោះទេ ឬលោកថា មានខ្លះ​គាំទ្រ​បក្ស​ប្រឆាំង​ដែ​រ​។​

លោកវិភាគទៀតថា ប្រសិនបើសង្គ្រាមកើតមានដោយសារគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនោះ គឺវាមិន​អាច​ទៅរួចទេ ដោយលោកថា គណបក្សប្រឆាំងមិនមានកម្លាំងទ័ពនៅក្នុងដៃ ពោល​គឺមាន​តែរដ្ឋាភិបាល​ប៉ុណ្ណោះ​។ លោកថា សង្គ្រាមអាចកើតមាន លុះណាតែមានកម្លាំងប្រដាប់អាវុធពីរប្រឈមមុខដាក់គ្នា។

លោកថា៖ «ខ្ញុំគិតថា វាជាការឃោសនាហ្នឹង ក៏ប៉ុន្ដែប្រសិនជាយើងពិនិត្យមើលតាមដានរឿងហ្នឹង វាហាក់ដូចជា ប្រមុខរដ្ឋាភិបាលគាត់អាចដឹងថា នៅក្នុងជួរកងទ័ព ឥឡូវហ្នឹង បើសិនជាយើងមើលពីក​ម្លាំងប្រដាប់អាវុធ វាអត់មានកម្លាំងប្រដាប់អាវុធណា ក្រៅពីកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល។ អញ្ចឹង​ទំនង​ហាក់ដូចជា រដ្ឋាភិបាលគាត់បានដឹងថា កងកម្លាំងប្រដាប់អាវុធទាំងអស់នៅនៅក្រោមការគ្រប់គ្រង ស្មោះ​ស្ម័​គ្រជាមួយរដ្ឋាភិបាលទេ  […]បើសិនជាមិនផ្ទេរអំណាច ឧទាហរណ៍ថា ឥឡូវ​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត បើសិនជា មិនប្រគល់អំណាចឲ្យសង្គ្រោះជាតិ នឹងមានសង្គ្រាម។ អ្នកណានឹងចេញមកច្បាំង?»៕

រាយការណ៍បន្ថែមដោយ ណាត សុភាព

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ