ក្រុមអ្នកជួយសង្គ្រោះ បានទាញសពមនុស្ស ១៥នាក់ ចេញពីកម្ទេចថ្មភ្នំដែលបានរអិលបាក់ធ្លាក់សង្កត់លើភូមិដ្ឋានមួយកន្លែងនៅភាគនីរតីប្រទេសចិនកាលពីថ្ងៃម្សិលមិញនេះ ខណៈដែលប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនប្រហែល ១០០នាក់ទៀត កំពុងតែដំណើរការទៅទាំងយប់។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
មានតែអ្នករស់រានមានជីវិត ៣នាក់ប៉ុណ្ណោះ ជាប្ដីប្រពន្ធ និងកូនអាយុប្រហែល ១ខែ ដែលត្រូវបានគេរកឃើញរហូតមកដល់ពេលនេះ បន្ទាប់ពីផ្ទះសម្បែង ៦២គ្រួសារ នៅភូមិស៊ីនម៉ូ ត្រូវបានកប់បាត់នៅក្រោមល្បាប់ភក់ និងកម្ទេចកម្ទីថ្មភ្នំ នៅក្នុងខេត្តស៊ីឈួន។
អាជ្ញាធរចិន បានឲ្យដឹងថា ភ្លៀងធ្លាក់ជោគជាំ បានបង្កឲ្យមានការរអិលបាក់ដីនៅលើភ្នំសង្កត់ទៅលើភូមិនៅមាត់ស្ទឹងមួយ កាលពីព្រឹកថ្ងៃម្សិលមិញនេះ។
ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ិនហួរ បានផ្សាយថា ទីស្នាក់ការកណ្ដាលនៃប្រតិបត្តិជួយសង្គ្រោះ បានរាយការណ៍ថា មនុស្ស ១៥នាក់ ត្រូវបានគេរកឃើញថាស្លាប់កាលពីល្ងាចថ្ងៃម្សិលមិញនេះ៕