សារព័ត៌មានជប៉ុនបានរាយការណ៍ថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ ចង់ជំរុញផែនការកែប្រែរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ជប៉ុន ដោយនិយាយថា លោករំពឹងថានឹងបញ្ជូនសំណើកែប្រែមួយទៅសមាជិកសភា នៅមុនចុងឆ្នាំនេះ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារ Reuters។
លោក អាបេ លើកឡើងក្នុងសុន្ទរកថាមួយនៅទីក្រុងកូបេកាលពីថ្ងៃម្សិលមិញថា លោកមានផែនការបញ្ជូនសំណើមួយសម្រាប់កែប្រែរដ្ឋធម្មនុញ្ញជប៉ុននៅក្រោយសង្គ្រាមលោកលើកទី២ អំឡុងកិច្ចប្រជុំសភាវិសាមញ្ញមួយ ដែលនឹងរៀបចំឡើងនៅចុងឆ្នាំនេះ។
លោក អាបេ បានស្នើឲ្យកែមាត្រា ៩ នៃរដ្ឋធម្មនុញ្ញ នៅត្រឹមឆ្នាំ២០២០ ដើម្បីទទួលស្គាល់កងទ័ពជប៉ុនជាកម្លាំងប្រយុទ្ធពិតប្រាកដនៅលើឆាកអន្តរជាតិ។
វិសោធនកម្មនេះ អាចជំរុញឲ្យមានកំហឹងពីចិន និងកូរ៉េខាងត្បូង ដែលធ្លាប់មានអនុស្សាវរីយ៍ជូរចត់ ក្រោមការឈ្លានពានរបស់ជប៉ុនកាលពីអតីតកាល។ ពួកគេអាចចាត់ទុកវិសោធនកម្មនេះ ជាជំហ៊ានឆ្ពោះរកការរះឡើងវិញនៃអំណាចកងទ័ពជប៉ុន៕