របប​សឹក​ថៃ​សម្រេច​បង្កក​គណនីធនាគារ​អ្នកស្រី​ យីងឡាក់

ក្រសួង​យុត្តិធម៌​ថៃ បាន​សម្រេច​បង្កក​គណនី​ធនាគារ​មួយ​ចំនួន​របស់​អតីត​នាយករដ្ឋ​មន្ត្រី អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ពាក់​ព័ន្ធ​នឹង​ការ​ពិន័យ​ជា​ទឹក​ប្រាក់ ១​ពាន់​លាន​ដុល្លារ ពី​សំណាក់​របប​យោធា​ថៃ ជុំ​វិញ​កម្មវិធី​ស្រូវ​អង្ករ​អំឡុង​អ្នកស្រី​នៅ​មាន​អំណាច។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​បាន​ដក​ស្រង់​សម្ដី​ពី​ក្រសួង​យុត្តិធម៌​ថៃ និង​ក្រុម​អ្នក​ច្បាប់​របស់​អ្នកស្រី យីងឡាក់។

អ្នក​ស្រី យីងឡាក់ បាន​ស្នើ​ទៅ​តុលាការ​ឲ្យ​​លុប​ចោល​សេចក្ដី​សម្រេច​បង្កក​គណនី​ធនាគារ​ និង​បញ្ឈប់​ការ​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​អ្នកស្រី ដោយ​អ្នក​ស្រី​ថា សេចក្ដី​សម្រេច​ទាំង​ពីរ​នេះ ខុស​ច្បាប់។

អ្នកស្រី យីងឡាក់ ដែល​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​នៅ​ក្នុង​រដ្ឋ​ប្រហារ​យោធា​មួយ​កាល​ពី​ឆ្នាំ​២០១៤​នោះ នឹង​ត្រូវ​ធ្វើសេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ នៅ​ក្នុង​ករណី​ព្រហ្ម​ទណ្ឌ​ដាច់​ដោយ​ឡែក​មួយ​ទៀត​នៅ​សប្ដាហ៍​ក្រោយ​នេះ ជុំ​វិញ​កម្មវិធី​ស្រូវ​អង្ករ​ដ៏​ចម្រូង​ចម្រាស់។

កម្មវិធី​ស្រូវ​អង្ករ​នោះ បាន​ជួយ​ឲ្យ​អ្នក​ស្រី​ឈ្នះ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១១។ កម្មវិធី​នោះ បាន​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ក្នុង​តម្លៃ​លើស​ទីផ្សារ និង​​ចាប់​បង្ខំ​តម្លៃ​អង្ករ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ កម្មវិធី​ស្រូវ​អង្ករ​នេះ មាន​ប្រជា​ប្រិយភាព​នៅ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​នៅ​តាម​តំបន់​ជន​បទ។

រដ្ឋលេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ហិរញ្ញវត្ថុ លោក ស៊ុំឆៃ ស៊ុតឆាពង្ស​សែស បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា គណៈកម្មាធិការ​រដ្ឋាភិបាល​បាន​បញ្ជូន​ព័ត៌មាន​លម្អិត​អំពី​គណនីធនាគារ​ចំនួន ១២ ដែល​ជា​កម្មសិទ្ធិ​របស់​អ្នកស្រី យីងឡាក់ ទៅ​ឲ្យ​អគ្គនាយកដ្ឋាន​ប្រតិបត្តិ​ច្បាប់។

ក្រុម​ការងារ​ច្បាប់​អ្នកស្រី យីងឡាក់ បាន​និយាយ​ថា អ្នកស្រី យីងឡាក់ បាន​ទទួល​សេចក្ដី​ជូន​ដំណឹង​អំពី​ការ​បង្កក​គណនី​ធនាគារ​របស់​អ្នកស្រី​រួច​ហើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ