សហភាពអឺរ៉ុបផ្តល់លុយជិត៣លានដុល្លារដល់កម្ពុជាពង្រឹងសុខភាពសត្វភូមិ

ដោយ កញ្ញា សន ឆវីវតី​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០១៦​ ម៉ោង 6:41 PM | កសិកម្ម | 0 | 1626

សហភាពអឺរ៉ុបបានផ្តល់ថវិកាជិត៣លានដុល្លារអាមេរិកដល់កម្ពុជា ក្នុងការអភិវឌ្ឍផ្នែកសុខភាពសត្វចិញ្ចឹមតាមភូមិនៅតំបន់ជនបទ ដើម្បីធានាឲ្យផលិតកម្មសត្វមានការកើនឡើង។

ចំនួនទឹកប្រាក់ជិត៣លានដុល្លារអាមេរិកនេះ ត្រូវបានដាក់ឲ្យដំណើរការនៅក្នុងសិក្ខាសាលាថ្នាក់ជាតិនៅថ្ងៃទី២៤ ខែសីហា ស្តីពីការចាប់ដំណើរការគម្រោងចំនួនពីរដែលទទួលបានមូលនីធិពីសហភាពអឺរ៉ុប។

គម្រោងចំនួនទាំងពីរនេះ គឺគម្រោងពេទ្យសត្វឆ្នើមដោយពង្រឹងសមត្ថភាពនិងប្រព័ន្ធភ្នាក់ងារសុខភាពសត្វភូមិដើម្បីបង្កើនប្រាក់ចំណូល និងគម្រោងរួមគ្នាបង្កើនផលិតកម្ម ដើម្បីនិរន្តភាពនិងបរិស្ថានសហគមន៍។

កសិករចិញ្ចឹមសត្វប្រមាណជាង៥ម៉ឺនគ្រួសារ ព្រមទាំងភ្នាក់ងារសុខភាពសត្វភូមិចំនួន២១០០នាក់នៅក្នុងខេត្តចំនួនប្រាំបីនៅកម្ពុជា នឹងទទួលបានការគាំទ្រពីគម្រោងទាំងពីរនេះ។

តំណាងសហភាពអឺរ៉ុប លោកស្រី ហ្វីអូណា រេនស៊ី (Fiona Ransy)  មានប្រសាសន៍ថា កម្ពុជាមានសក្តានុពលច្រើនក្នុងការចិញ្ចឹមសត្វ បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាត ហើយថាសហភាពអឺរ៉ុបគាំទ្រឲ្យមានទំនាក់ទំនងរវាងអ្នកចិញ្ចឹមសត្វខ្នាតតូចនៅកម្ពុជានិងភ្នាក់ងារពេទ្យសត្វ ដើម្បីបង្កើនគុណភាពនិងបរិមាណការផលិតកាន់តែច្រើន។

អនុប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាលនៃក្រសួងកសិកម្ម លោកស្រី អ៊ុក សាវិន ថ្លែងប្រាប់អ្នកសារព័ត៌មានថា គម្រោងទាំងពីរនេះនឹងជួយឲ្យការបង្កើនផលិតផលសត្វចិញ្ចឹមក្នុងប្រទេសកម្ពុជាមានការកើនឡើង ដោយផ្អែកលើការបណ្តុះបណ្តាលពេទ្យសត្វភូមិចំនួន២១០០នាក់ និងបណ្តុះបណ្តាលអ្នកចិញ្ចឹមសត្វខ្នាតតូចដោយផ្ទាល់ឲ្យយល់ដឹងពីបច្ចេកទេសនៃការចិញ្ចឹមសត្វឲ្យកាន់តែប្រសើរឡើង។ លោកស្រីទទួលស្គាល់ថា កម្ពុជានៅតែមានការនាំចូលសាច់សត្វពីក្រៅប្រទេស ដោយថាជាតម្រូវការទីផ្សារ។

លោកស្រីមានប្រសាសន៍ថា៖ ជាការពិត យើងនៅមាននាំចូលពីក្រៅប្រទេស ដោយសារមានការវិវឌ្ឍរីកចម្រើននៃប្រទេសយើងផង ប្រជាជនមានការកើនឡើង ភ្ញៀវទេសចរក៏ច្រើន គេគ្រប់គ្នាត្រូវការតម្រូវការផ្សេងៗគ្នា សាច់ដែលមានរសជាតិផ្សេងៗគ្នា ពីប្រទេសផ្សេងៗគ្នា នាំមកពីជប៉ុន ពីអូស្ត្រាលី ពីប្រទេសមួយចំនួនទៀត ថៃ វៀតណាមផងដែរ

ប្រធានសម្របសម្រួលប្រចាំប្រទេសនៃអង្គការក្សេតសាស្រ្តនិងពេទ្យសត្វគ្មានព្រំដែន ដែលជាអង្គការដេញថ្លៃបានគម្រោងទីមួយ គឺគម្រោងពេទ្យសត្វឆ្នើម លោក មិន សូភ័ន មានប្រសាសន៍ថា ផលជាក់ស្តែងដែលនឹងទទួលបានពីការបណ្តុះបណ្តាលពេទ្យសត្វ គឺឲ្យពួកគេប្រើប្រាស់ជំនាញនេះធ្វើយ៉ាងណាឲ្យកសិករចិញ្ចឹមសត្វទទួលបានផលចំណេញច្រើនជាងមុន ហើយអាចឲ្យពេទ្យសត្វភូមិខ្លួនឯងផ្ទាល់បន្តការងារនេះបានយូរអង្វែង។

លោកបន្តថា លោកនៅតែមើលឃើញពីកង្វះខាតនៃផលិតផលពីការចិញ្ចឹមសត្វក្នុងស្រុក ដែលធ្វើឲ្យការនាំចូលពីក្រៅប្រទេសនៅតែមាន។

លោកមានប្រសាសន៍ថា៖ ស្រុកយើង បើយើងគិតពីផលិតផលកសិកម្មជាពិសេសគឺជ្រូក មាន់ អីនេះ គឺយើងអត់ទាន់គ្រប់ទេ មិនទាន់គ្រប់តម្រូវការទីផ្សារទេ តម្រូវការនាំចូលគឺចៀសមិនរួចទេ។ បច្ចុប្បន្ននេះ ដោយសារធនធានផលិតកម្មយើងថ្លៃជាងប្រទេសជិតខាង កសិករយើងមានការលំបាកក្នុងការប្រកួតប្រជែងជាមួយផលិតផលដែលនាំចូល បើទោះជាការនាំចូលត្រូវកាសោហ៊ុយដឹកជញ្ជូន ត្រូវការបង់ពន្ធ ប៉ុន្តែគេនៅតែអាចមានលទ្ធភាពចំណេញជាងយើង ដោយសារតែធនធានផលិតកម្មយើងធូរថ្លៃជាង

យោងតាមការស្រាវជ្រាវរបស់អង្គការភីពផលអ៊ីននីត (PIN) នៅឆ្នាំ២០១៣បង្ហាញថា កូនមាន់ចិញ្ចឹម៦២% មេមាន់ចិញ្ចឹម២៧% និងជ្រូកចិញ្ចឹម១១% បានងាប់ដោយសារជម្ងឺ ដែលធ្វើឲ្យកសិករបាត់បង់ប្រាក់កាសយ៉ាងច្រើន និងបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះបានផងដែរ។

តាមអង្គការដដែលនេះ ៩០ភាគរយនៃប្រជាជនក្រីក្រក្នុងប្រទេសកម្ពុជារស់នៅតាមតំបន់ជនបទដាច់ស្រយាល ហើយប្រមាណ៩០ភាគរយនៃកសិករនៅជនបទក្នុងប្រទេសកម្ពុជាប្រកបរបរចិញ្ចឹមសត្វ។

បើតាមអនុប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាលពេទ្យសត្វនៅកម្ពុជាសព្វថ្ងៃនេះ មានចំនួនប្រហែល ១២ ៥០០នាក់។ គម្រោងបណ្តុះបណ្តាលពេទ្យសត្វនឹងមានជាបន្តបន្ទាប់ទៀត ដើម្បីទៅដល់ទិសដៅរបស់ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ដែលចង់ឲ្យមានក្នុងភូមិមួយមានពេទ្យសត្វមួយ។

សរសេរមកកាន់ កញ្ញា សន ឆវីវតី តាមរយៈ sornchhorvyvatey1996@gmail.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required