លិខិតមិត្តអ្នកអាន៖ លោក សម រង្ស៊ី​ អំពាវនាវឱ្យសហភាពអឺរ៉ុបដាក់​ទណ្ឌកម្មសេដ្ឋកិច្ច ធ្វើជាវិធីសាស្ត្រក្នុងការចរចា មាន​ប្រសិទ្ធភាពឬទេ? (ភាគបញ្ចប់)

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

ឃ. ផលវិបាកចេញពីទណ្ឌកម្មសេដ្ឋកិច្ច មូលហេតុដែលទណ្ឌកម្មបរាជ័យ និងរបៀបដែលរដ្ឋទប់ទល់ទណ្ឌកម្មពីខាងក្រៅ

តាមទិន្នន័យដែលផ្តល់ដោយសមាគមមណ្ឌលព័ត៌មានកម្មករ  វិស័យវាយនភណ្ឌនៅក្នុងកម្ពុជាត្រូវបានគេដឹងថា បានផ្តល់ការងារដល់កម្មករជាង៧០ម៉ឺននាក់ទូទាំងប្រទេស។ កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់របស់ខ្លួនប្រមាណ ៤៦% ទៅកាន់សហភាពអឺរ៉ុប, ៣០% ទៅកាន់សហរដ្ឋអាមេរិក និង២៤% ផ្សេងទៀតទៅកាន់ប្រទេសកាណាដានិងជប៉ុន។

ចំណូលដែលបានមកពីការនាំចេញនេះ មានជាង ៦ ០០០លានដុល្លារនៅឆ្នាំ២០១៥។ លើសពីនេះ ប្រមាណជាង២លាននាក់ផ្សេងទៀតជាប្រជាពលរដ្ឋដែលកំពុងទទួលផលដោយប្រយោលពីឧស្សាហកម្មនេះដែរ។

លោក សម រង្ស៊ី បានថ្លែងនៅសភាអឺរ៉ុបថា «ក្រុមហ៊ុន និងថៅកែធំៗ រកប្រាក់ចំណេញបានច្រើនណាស់។ ពួកគេទាំងនោះបានផ្ដល់ [ប្រាក់ចំណេញនេះមួយភាគ] ទៅឲ្យនាយករដ្ឋមន្ត្រី ដែលអាចជាអំពើពុករលួយ។ បើអស់លោក [សហភាពអឺរ៉ុប] លូកដៃក្នុងរឿងទីផ្សារ [សម្រាប់វិស័យកាត់ដេរ] នេះ នោះមិនមែនកម្មករ ឬប្រជាជនក្រីក្រទេ ដែលរងផលប៉ះពាល់ តែគឺវានឹងប៉ះពាល់ទៅដល់ផលចំណេញរបស់ពួកថៅកែៗ ដែលបានផ្ដល់ប្រាក់ចំណេញនេះមួយផ្នែកធំដាក់ចូលទៅក្នុងហិប ប្រាក់របស់គណបក្សកាន់អំណាច។ (ប្រែដោយ VOA)»

ផ្ទុយទៅវិញ អ្នកជំនាញពុំបានយល់ដូច្នេះទេ លោក Robert A. Page បានអះអាងថា «ជារឿយៗ ទណ្ឌកម្មសេដ្ឋកិច្ចបង្កការខាតបង់ប៉ះពាល់ខាងជីវិតមនុស្សទៅលើប្រជាជនទាំងមូលនៃប្រទេសដែលរងទណ្ឌកម្ម ដោយមិនចាំបាច់គិតថាតើទណ្ឌកម្មនោះចុងបញ្ចប់ទទួលបានជោគជ័យឬបរាជ័យ។»

ស្រដៀងគ្នាដែរ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយនិងជាអ្នកជំនាញខាងសេដ្ឋកិច្ច បានប្រាប់អាស៊ីសេរីថា បើសិនជាសហភាពអឺរ៉ុបបិទទីផ្សារកម្ពុជាមែននោះ អ្នកប៉ះពាល់មុនគេគឺកម្មករប្រមាណ ៨សែននាក់៖ «ថៅកែរោងចក្រប៉ះពាល់ខាតការវិនិយោគខ្លះ ប៉ុន្តែជាទូទៅ ពួកគេមិនមែនជាអ្នកក្រទេ ទោះជាគេខាតខ្លះក៏មិនអីដែរ គេច្រើនតែមានរោងចក្រនៅប្រទេសផ្សេងៗ ទៀតដែរ គេអាចរំកិលរោងចក្រគេបន្តិចទៅ។ ហើយចំណែករដ្ឋាភិបាល បើថាឱ្យខាតដោយសារតែការប្រមូលពន្ធ មិនខាតច្រើនទេ ពីព្រោះរដ្ឋាភិបាលបានប្រកាន់យកគោលនយោបាយមួយមិនយកពន្ធ ផ្តល់ការអនុគ្រោះពន្ធចំពោះបរទេសសមស្រប ដែលបង្កើតការងារច្រើន។»

តាមស្នាដៃរបស់ Hufbauer, Schott, Elliott, Oegg បានឱ្យដឹងថា ភាពមានកម្រិតនៃទណ្ឌកម្មសេដ្ឋកិច្ចឬកត្តាដែលទណ្ឌកម្មបរាជ័យ រួមមាន៖ ១. ទណ្ឌកម្មមិនគ្រប់គ្រាន់សម្រាប់កិច្ចការដែលដាក់ជាគោលដៅនយោបាយ, ឧ. សហភាពអឺរ៉ុបមិនមែនជាប្រភពចំណូលនិងជំនួយតែមួយគត់របស់កម្ពុជា។ ២. ទណ្ឌកម្មសេដ្ឋកិច្ចបង្រួបបង្រួមប្រទេសដែលរងទណ្ឌកម្មឱ្យគាំទ្ររដ្ឋាភិបាលនិងស្វែងរកទីផ្សារពាណិជ្ជកម្មផ្សេងទៀត, ឧ. រដ្ឋាភិបាល, សហជីព, កម្មករ, សាធារណជន, អ្នកវិភាគឯករាជ្យ…សុទ្ធតែថ្កោលទោសមេបក្សប្រឆាំង ទោះបីពួកគេមិនគាំទ្ររដ្ឋាភិបាលក៏មានគោលជំហរប្រឆាំងទណ្ឌកម្មដូចគ្នាដែរ។ ៣. សម្ពាធសេដ្ឋកិច្ចញ៉ាំងប្រទេសសម្ពន្ធមិត្តដែលមានអំណាចនិងមានបាន របស់ប្រទេសដែលរងទណ្ឌកម្មឱ្យជួយទប់ទល់នឹងការខូចខាត, ឧ. ចិនអាចជួយកម្ពុជា ជាថ្នូរនឹងការគាំទ្រចិនរបស់កម្ពុជាក្នុងរឿងក្តីសមុទ្រខាងត្បូង ត្បិតចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសផ្តល់ជំនួយធំបំផុតរបស់កម្ពុជា ខណៈចិនបានប្រកាសផ្តល់ជំនួយចំនួន ៥៣៨លាន គឺជិត៦០០លានដុល្លារ សម្រាប់កញ្ចប់ថវិការយៈពេល៣ឆ្នាំ (២០១៦-១៨) នៅពេលដែលកម្ពុជាបានប្រកាសជាដដែលៗ ពុំទទួលស្គាល់សេចក្តីសម្រេចមជ្ឈត្តការលើបញ្ហាសមុទ្រចិនខាងត្បូងនិងរារាំងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន។

ការលើកឡើងរបស់លោក សម រង្ស៊ី ថា ប៉ះពាល់តែថៅកែ មិនប៉ះពាល់កម្មករនិងប្រជាជនក្រីក្រ គឺជាការមើលស្រាលសមត្ថភាពរបស់ពួកថៅកែនិងរដ្ឋាភិបាលក្នុងការទប់ទល់នឹងផលខាតកើតចេញពីការបិទទីផ្សារសម្លៀកបំពាក់មួយរយៈ។

ថៅកែអាចបញ្ឈប់ការងារកម្មករម្តងមួយៗទៅតាមថ្លៃខាត ដើម្បីស៊ីសងនឹងការចំណាយ ហើយប្រាកដណាស់រដ្ឋាភិបាលនឹងជួយសម្រួលផ្នែកច្បាប់ដល់និយោជកទាំងនោះ ព្រោះប្រព័ន្ធនេះជាទំនាក់ទំនងរវាងចៅហ្វាយនាយនិងអ្នកពឹងពាក់ (Patron-Client Relationship) មិនមែនត្រឹមតែអ្នកមានលុយជួយអ្នកមានអំណាចទេ អ្នកមានអំណាចក៏ជួយអ្នកមានលុយវិញដែរ។ ការអះអាងរបស់លោកហាក់មើលឃើញតែម្ខាង ឈ្មួញជួយបក្សកាន់អំណាច មើលមិនឃើញថា បក្សកាន់អំណាចអាចជួយឈ្មួញវិញ បើថា ថៅកែសូកប៉ាន់មេដឹកនាំពុករលួយចែកប្រាក់ចំណេញគ្នា រឿងអ្វីពេលខាត រដ្ឋាភិបាលមិនអាចជួយខាត ត្បិតកម្មករអត់ការងារនឹងបង្កការលំបាកដល់រដ្ឋាភិបាល កុំភ្លេចថា គឺភ្នាក់ងារសន្តិសុខយោធារបស់រដ្ឋាភិបាលជាអ្នកបង្ក្រាបកូដកម្មកម្មករនៅដើមឆ្នាំ២០១៤ ឱ្យសោះ។

តែទោះយ៉ាងនេះក៏ដោយ បក្សកាន់អំណាចអាចបណ្តោយឱ្យកម្មករអត់ការងារធ្វើមួយរយៈ រួចប្រើប្រព័ន្ធឃោសនារដ្ឋនិងឯកជនដែលខ្លួនមានឥទ្ធិពល ផ្សព្វផ្សាយថា ឱ្យបន្ទោសមេបក្សប្រឆាំងពីការបាត់បង់ការងារ នោះនឹងដុតកំហឹងពួកគេបន្ថែមទៀត ញ៉ុះញុងឱ្យធ្វើបាតុកម្មមិនបាច់ត្រូវការ ស្រី ចំរើន ឬ ធី សុវណ្ណថា មកអុចអាលទេ ហើយមិនត្រឹមតែធ្វើបាតុកម្មប្រឆាំងមេបក្សម្នាក់ទេ គឺប្រឆាំងគណក្សសង្គ្រោះជាតិទាំងមូលតែម្តង ស្របពេលវាជាកំហុសរបស់មេបក្សម្នាក់ប៉ុណ្ណោះ។

តាក់ទិចនេះមិនត្រឹមតែអាចបំបែកកម្លាំងសហជីពទេ ថែមទាំងអាចបង្វិលសហជីពដែលធ្លាប់គាំទ្រគណបក្សប្រឆាំងឱ្យបកក្បាលខាំសម្ពន្ធមិត្តរបស់ពួកគេទៀតផង ពោលគឺ ព្រួញមួយបាញ់បានសត្វពីរ។ ឈ្មួញនិងបក្សកាន់អំណាចដឹងថា ទណ្ឌកម្មនោះមិនអាចធ្វើបានក្នុងរយៈពេលយូរទេ ពិសេសពេលឃើញផលប៉ះពាល់ខ្លាំងទៅៗ ធ្លាក់លើកម្មករ មិនមែនថៅកែ ឱ្យតែពួកគេអាចទ្រាំទ្របានមួយពេល នឹងអាចយកឈ្នះទណ្ឌកម្មបាន។

គំហើញខ្លីរបស់លោក សម រង្ស៊ី មួយទៀតនោះគឺ មើលរំលងជំនួយចិនដែលមានកម្ពុជាជាសម្ពន្ធមិត្តតែគត់នៅអាស៊ីអាគ្នេយ៍ គឺថា ចិនពុំមែនត្រឹមតែផ្តល់ជំនួយដល់រដ្ឋាភិបាលដោយគ្មានលក្ខខណ្ឌនោះទេ គឺផ្តល់ឱ្យគណបក្សកាន់អំណាចដោយផ្ទាល់តែម្តងក្នុងករណីចាំបាច់ ឱ្យតែបក្សកាន់អំណាចដង្ហោយហៅតែបន្តិច នឹងបានជំនួយមកទប់ទល់នឹងថ្លៃខាតទាំងប៉ុន្មាន ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប មិនថាឋិតក្នុងទម្រង់ជាការបិទការនាំចូលឬផ្តាច់ជំនួយទេ ដែលស្នើដោយលោក សម រង្ស៊ី នឹងផ្លាតត្រូវបក្សប្រឆាំងទាំងមូលជាពុំខាន។

ចិនតែងគាំទ្ររបបផ្តាច់ការ ជួយគណបក្សកាន់អំណាចគឺជារឿងងាយទាយដឹង ហើយក្រោយការបោះឆ្នោតឆ្នាំ២០១៣ ចិនបានទទួលស្គាល់ភាពស្របច្បាប់នៃរដ្ឋាភិបាលរបស់បក្សកាន់អំណាចយ៉ាងឆាប់។

ទោះបក្សប្រឆាំង ក្នុងពេលជាប់គាំងនយោបាយ ដង្ហោយហៅចិនឱ្យធ្វើអាជ្ញាកណ្តាលក៏ចិនព្រងើយដាក់ដែរ ព្រោះចិនខ្វល់តែប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះ គាំទ្របក្សកាន់អំណាចព្រោះដើម្បីជញ្ជក់យកធនធានធម្មជាតិពីកម្ពុជា ធ្វើអាជ្ញាកណ្តាលតាមបក្សប្រឆាំងស្នើបានប្រយោជន៍អ្វី មានតែធ្វើឱ្យបក្សកាន់អំណាចមិនសប្បាយចិនទៅវិញ ម្យ៉ាងទៀតចិនដឹងថា បក្សប្រឆាំងមានចំណងទាក់ទងច្រើននឹងប្រទេសលោកខាងលិច មិនប្រាកដជានៅរក្សាទំនាក់ទំនងនឹងចិន ករណីបានឡើងអំណាចឡើយ។

នៅក្នុងវេទិកាអាស៊ីសេរី យប់ថ្ងៃទី២ សីហា ពិភាក្សាអំពី «តើខាតឬចំណេញចំពោះកម្ពុជាដែលគាំទ្រចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង?» លោក ឡុង គឹមឃន ស្ថាបនិកនិងជាប្រធានអង្គការសភាយុវជនខ្មែរ បានរិះគន់ការអំពាវនាវឱ្យបិទទីផ្សារអឺរ៉ុបរបស់លោក សម រង្ស៊ី ដោយប្រយោល ហើយព្រមានពីហានិភ័យថា «ប្រសិនបើយើងបង្ហាញជំហរជាសាធារណៈថាយើងគាំទ្រចិន យើងអាចបានមិត្តចិនមែន ប៉ុន្តែប្រហែលជាយើងធ្វើសត្រូវជាមួយបងប្អូននៅក្នុងអាស៊ានមួយចំនួន ហើយកាន់តែគ្រោះថ្នាក់ទៅទៀត គឺយើងបង្ហាញថាគឺយើងចង់ធ្វើសត្រូវចំពោះអាមេរិកាំង ហើយរឿងហ្នឹងគឺគ្រោះថ្នាក់ខ្លាំង។ គ្រោះថ្នាក់មួយទៀតនោះ…ជប៉ុនហើយ និងសហភាពអឺរ៉ុបគឺជាមិត្តភក្តិរបស់អាមេរិកាំង ចុះបើសិនជាគេចង់ធ្វើបាបយើង…ចុះបើគេចង់បិទផ្សារហ្នឹង ពីព្រោះយើងប្រឆាំងជាមួយនឹងប្រយោជន៍នៃសម្ពន្ធមិត្តអាមេរិកាំងហ្នឹងរបស់គេ…ហើយចុះបើទីផ្សារហ្នឹងមានបញ្ហា តើយើងធ្វើម៉េច?…ខ្ញុំមិនជឿថា នៅពេលដែលដំណាក់កាលធ្ងន់ធ្ងរមកដល់ ប្រទេសចិននឹងសុខចិត្តឈ្លោះជាមួយអាមេរិកាំង ពីព្រោះដោយសារតែការពារកម្ពុជា គឺខ្ញុំអត់ជឿដាច់ខាត!»

លោក អ៊ូ វីរៈ, ឡុង គឹមឃន, សុខ ទូច, ទោះបីមានទស្សនៈខុសៗតិចច្រើនក៏ដោយ ក្នុងបញ្ហាសមុទ្រចិនខាងត្បូង ពួកគេមានគំនិតដូចគ្នាមួយគឺថា កម្ពុជាគាំទ្រចិនដើម្បីជាតិគឺត្រឹមត្រូវ ប៉ុន្តែដែលខ្វែងគំនិតគ្នានោះរបៀបធ្វើនយោបាយការបរទេសរបស់កម្ពុជាដែលផ្អែកលើបុគ្គលម្នាក់ ផ្អែកលើអារម្មណ៍ កំហឹង គ្មានភាពចាស់ទុំ មានលក្ខណៈប្រតិកម្មនិយម រើសអើងជាតិសាសន៍ ផ្អែកលើអតីតកាលជាជាងបច្ចុប្បន្ន បង្ហាញជំហរជាសាធារណៈច្បាស់ពេក ហើយកម្ពុជាក៏គ្មានស្ថាប័នសិក្សាស្រាវជ្រាវនយោបាយការបរទេសឯករាជ្យត្រឹមត្រូវដើម្បីយកធ្វើមូលដ្ឋានមុនសម្រេចចិត្តដែរ។

ត្រង់នេះយើងយល់ថាផ្ទុយពីអ្នកទាំងបីខាងលើ កម្ពុជាឱបចិនមិនមែនដើម្បីប្រយោជន៍ជាតិទេគឺដើម្បីប្រយោជន៍បក្ស, បក្សកាន់អំណាចមិនមែនឱបចិនដើម្បីទប់នឹងវៀតណាមនោះទេ គឺឱបទាំងចិននិងវៀតណាម ដើម្បីគឺទប់ទល់នឹងប្រជាជនជាតិសាសន៍ឯង។

តាំងពីព្រឹត្តិការណ៍នៅមជ្ឈឹមបូព៌ានៅឆ្នាំ២០១១មក បដិវត្តន៍ពណ៌ ឬចលនាប្រជាជនគឺជាសុបិនអាក្រក់របស់រដ្ឋាភិបាល បក្សកាន់អំណាចនៅតែព្រួយបារម្ភពីការបះបោរដោយអហិង្សារបស់ប្រជាជនកើតដោយយថាហេតុណាមួយ ពិសេសក្រោយការបោះឆ្នោត ទោះបីពួកគេនៅតែត្រួតត្រាស្ថាប័នបោះឆ្នោត អាចលួចបន្លំលទ្ធផលក៏ដោយ ក៏គ្មានអ្វីអាចរារាំងប្រជាជនមិនឱ្យរួមគ្នាក្រោកឈរប្រឆាំងរបបដឹកនាំនោះដែរ។

ពួកគេគិតថា មានតែយោធានិងកងសន្តិសុខទេអាចការពាររដ្ឋាភិបាលបាន ហេតុនេះហើយជំនួយយោធានិងកងសន្តិសុខពីចិន និងវៀតណាម បក្សអំណាចត្រូវការជាងពេលណាៗទាំងអស់ ទោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាទោរទៅចិនប្រឆាំងវៀតណាមក៏ដោយ ក៏ទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ យោធា សន្តិសុខជាមួយវៀតណាមមិនត្រូវបានកាត់ផ្តាច់នោះដែរ ហើយរដ្ឋាភិបាលមិនបានចាត់ទុកជាការលូកដៃកិច្ចការផ្ទៃក្នុងកម្ពុជានោះដែរ ព្រោះវាជួយបក្សកាន់អំណាច តាមបក្សកាន់អំណាច ជាការលូកដៃលុះត្រាជួយបក្សប្រឆាំងនិងសង្គមស៊ីវិល។

ឧ. ជំនួយយោធាចិននៅពេលបាតុកម្មឆ្នាំ២០១៣ របស់បក្សប្រឆាំងធ្វើឡើង ទាំងដឹងថា រដ្ឋាភិបាលយកទៅបង្ក្រាបប្រជាជនខ្លួនឯង, បច្ចុប្បន្ន យុទ្ធនាការឈុតខ្មៅ កម្ពុជា និងវៀតណាមសហការគ្នាផ្តល់ជំនួយសន្តិសុខ មិនខុសពីកាលបាតុកម្មឆ្នាំ១៩៩៨ កងសន្តិសុខវៀតណាមវាយបាតុករខ្មែរ សូម្បីតែជានារីភេទនិងព្រះសង្ឃ។ យើងមិនហ៊ានទាញបង្កើតទ្រឹស្តីតែម្តងថា កម្ពុជាទោរទៅរកចិននិងវៀតណាម មិនចង់ជិតស្និទ្ធនឹងប្រទេសប្រជាធិបតេយ្យដូចជា អាមេរិក ប្រទេសក្នុងសហភាពអឺរ៉ុប ជប៉ុន ដោយសារកម្ពុជាចង់អនុវត្តរបបកម្មុយនិស្តឡើងវិញ ឬព្រោះបក្សកាន់អំណាចមានសាវតាកម្មុយនិស្តនោះទេ តែអ្វីដែលយើងអាចប្រាកដបានគឺថា ចិននិងវៀតណាមក៏បារម្ភពីចលនាប្រជាជនក្នុងប្រទេសរបស់ខ្លួនដូចកម្ពុជាដែរ ដូច្នេះពួកគេត្រូវតែចេះជួយគ្នាដើម្បីទប់ទល់នឹងប្រជាជនខ្លួនឯងដែលជាសត្រូវធំបំផុតរបស់របបផ្តាច់ការ។

ការរក្សាអំណាច គឺជាគោលនយោបាយបក្ស គោលនយោបាយជាតិ និងគោលនយោបាយការបរទេសចម្បងបំផុតរបស់គណបក្សកាន់អំណាច។ កម្ពុជាឱបចិន ដើម្បីប្រយោជន៍បក្ស មិនមែនប្រយោជន៍ជាតិ ព្រោះជំនួយចិនគឺជាអាវុធមុខពីរ។ កាលពីឆ្នាំ២០១១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ថ្លែងជាសាធារណៈថា ចិនជាដៃគូអភិវឌ្ឍន៍ពិសេសរបស់កម្ពុជា ហើយថាបានជួយកម្ពុជាទាន់ពេលវេលា ឆ្លើយតបឆាប់រហ័សទៅនឹងសំណើរបស់កម្ពុជាដោយគ្មានលក្ខខណ្ឌស្មុគស្មាញ។

លោក ហ៊ុន សែន បង្ហោះនៅក្នុងហេ្វសប៊ុកនៅថ្ងៃទី១៥ កក្កដា ថា «…តាមសំណូមពររបស់ខ្ញុំ មិត្តចិនបានយល់ព្រមផ្តល់ថវិកាសម្រាប់ដំណើរការបោះឆ្នោត ដល់វិស័យសុខាភិបាល អប់រំ ទឹកស្អាត ដូចជា ស្រះទឹក អណ្តូងទឹកដែលជាផលប្រយោជន៏សំរាប់ប្រជាជនយើង។» ប៉ុន្តែអ្នកស្រាវជ្រាវពុំមានសុទិដ្ឋិនិយមដូច្នេះទេ លោក អៀ សុផល អ្នកនិពន្ធសៀវភៅ «Aid Dependence in Cambodia» បានស្រាវជ្រាវរកឃើញថា «ជំនួយរបស់ប្រទេសចិន រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់កម្ពុជា ភាគច្រើនមិនបានធ្លាក់ដល់ដៃពលរដ្ឋក្រីក្រនោះទេ។ លោកបានថ្លែងថា ជំនួយរបស់ប្រទេសចិន ជាជំនួយដែលគ្មានលក្ខខណ្ឌ មិនបានតម្រូវឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស គោរពដំណើរការលទ្ធិប្រជាធិបតេយ្យ កែលំអប្រព័ន្ធតុលាការ និងប្រព័ន្ធគ្រប់គ្រងរដ្ឋផ្សេងៗទេ។ ហេតុដូច្នេះហើយ រដ្ឋាភិបាលកម្ពុជាហាក់កំពុងជិះសេះលែងដៃមិនខ្វល់អំពីការបំផ្លាញធនធានធម្មជាតិដោយក្រុមហ៊ុនចិន មិនខ្វល់អំពីការរំលោភសិទ្ធិមនុស្ស មិនខ្វល់អំពីសម្ពាធអន្តរជាតិណាទាំងអស់។»

យ៉ាងណាមិញ កាលនៅរស់ លោក កែម ឡី ធ្លាប់បានព្រមានថា ប្រសិនបើកម្ពុជានៅតែបន្តកៀកស្មាជិតស្និទ្ធជាមួយចិន ហើយដោះដៃចេញពីបណ្ដាប្រទេសលោកសេរីនោះ កម្ពុជានឹងអាចជួបវិបត្តិនយោបាយជាលើកទីពីរនៅថ្ងៃណាមួយជាមិនខាន៖ «នៅពេលដែលចិនជាបង្អែក រដ្ឋាភិបាលព្រងើយកន្តើយ…វាធ្វើ ក្នុងពេលបច្ចុប្បន្ននេះ ធ្វើឱ្យខ្មែរយើងហ្នឹងជិះទូក គេហៅថា ជិះនៅលើគែមទូក។ ជើងម្ខាងជិះគែមទូកម្ខាង គែមទូកខាងចិនហ្នឹង គឺមិនបានជិះទៅគែមទូកខាងអាមេរិក ខាងសហគមន៍អឺរ៉ុប [ដែលកាន់]លទ្ធិប្រជាធិបតេយ្យ ហើយក៏មិនបានជិះទៅក្នុងទូកហ្នឹងទៀត។ អ៊ីចឹងបានស្រុកខ្មែរយើង  វានៅកណ្ដាលសមុទ្រ ជិះគែមទូក ថ្ងៃណាមួយនឹងលិចជាមិនខាន» (RFA)។

អំណះអំណាងងាយៗថា ការគាំទ្រចិនបានប្រយោជន៍ជាតិ ព្រោះបានជំនួយចិន ផ្អែកលើមតិសន្មតដែលថា ជំនួយតែងហុចលទ្ធផលល្អចំពោះប្រព័ន្ធនយោបាយ ដែលនេះមិនមែនត្រឹមត្រូវគ្រប់ករណីទេ ព្រោះគេត្រូវពិនិត្យពីកត្តាមួយចំនួនសិន ដូចជា តម្លាភាពថវិកាជំនួយ របៀបគ្រប់គ្រងជំនួយ ការបែងចែកជំនួយទៅប្រើប្រាស់ ការវាយតម្លៃពីគុណភាពជំនួយ ទិន្នផលចេញពីជំនួយ ជំនួយចូលបក្សឬចូលរដ្ឋ ជារួម ជំនួយដែលគ្មានសំណងមិនប្រាកដថាគ្មានចំណងទេ។

ទោះជំនួយចូលរដ្ឋក៏ដោយ ក៏បក្សកាន់អំណាចចាយថវិការដ្ឋដូចថវិកាបក្សដែរ ដែលប្រការនេះជំរុញឱ្យមានការប្រជែងនយោបាយមិនស្មើគ្នារវាងបក្សនយោបាយ ពិសេសជំនួយនេះអាចត្រូវបានបក្សកាន់អំណាចយកទៅប្រើប្រាស់ក្នុងគោលដៅទិញលួចបន្លំសន្លឹកឆ្នោតនិងបង្ក្រាបបាតុកម្មប្រឆាំងលទ្ធផលឆ្នោតដូចកាលពីការបោះឆ្នោត២០១៣ កន្លងទៅ។

បើគេចង់អះអាងថា ចិននឹងមិនធ្វើជាសត្រូវ នឹងអាមេរិកឬសហភាពអឺរ៉ុបព្រោះប្រយោជន៍កម្ពុជា ពិបាកស្មានណាស់ ព្រោះចិនបច្ចុប្បន្នត្រូវការកម្ពុជាខ្លាំងជាងកម្ពុជាត្រូវការចិន ពិសេសនៅក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង មហាអំណាចណាក៏ដោយមិនខ្លាំងដោយឯកឯងទេ ពួកគេតែងស្វែងរកនិងត្រូវការសម្ពន្ធមិត្ត មានកាន់តែច្រើននិងខ្លាំង កាន់តែមានឥទ្ធិពល។ បើគ្មានជំនួយចិន កម្ពុជាក៏នៅមានម្ចាស់ជំនួយដទៃទៀតដែរ បើបោះបង់កម្ពុជា ថាមិនត្រូវ ចិនអាចអស់ឥទ្ធិពលនៅតំបន់អាស៊ីអាគ្នេយ៍តែម្តង។

អះអាងថា ចិននឹងព្រងើយកន្តើយនឹងកម្ពុជា ពេលសហភាពអឺរ៉ុបបិទទីផ្សារសម្លៀកបំពាក់ ក៏មិនច្បាស់ដែរ ព្រោះឥរិយាបថកោងកាចរបស់ចិនមិនបង្ហាញថា ខ្លាចសហភាពអឺរ៉ុបទេ ក៏មិនខ្លាចអាមេរិកនិងជប៉ុន ដែលជាម្ចាស់ជំនួយធំៗផ្សេងទៀតរបស់កម្ពុជាដែរ ហើយការប្រជែងឥទ្ធិពលគ្នាលើវិស័យសេដ្ឋកិច្ច នយោបាយ និងយោធា រវាងចិននិងអាមេរិក គឺរឿងពិបាកចៀសផុតណាស់។

បើអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក សហភាពអឺរ៉ុប ជប៉ុន ដែលសុទ្ធតែជាទីផ្សារធំៗរបស់កម្ពុជា ពួតដៃគ្នាដាក់សម្ពាធសេដ្ឋកិច្ចលើកម្ពុជា យើងមិនហ៊ានប្រាកដថា ចិននឹងបន្តជួយកម្ពុជាក្នុងករណីនេះទេ ពិតណាស់ ជំនួយចិនប្រមាណ ៦០០លានដុល្លារ ទោះគេចង់ទស្សន៍ទាយថា នឹងកើនឡើងពេលកម្ពុជាជួបអាសន្ន ក៏មិនអាចស៊ីសងនឹងចំណូល បានមកការនាំចេញផលិតផលសម្លៀកបំពាក់របស់កម្ពុជា ៦០០០លានដុល្លារ ដែរ ប៉ុន្តែយ៉ាងហោចណាស់ ចិនប្រហែលជួយមួយរយៈពេលខ្លី តែរយៈពេលវែង ក្រោយទប់ទល់លែងរួច ប្រហែលនឹងបោះបង់រដ្ឋាភិបាលកម្ពុជា ដូចធ្លាប់ធ្វើដាក់ខ្មែរក្រហមដូច្នោះ។

ជារួម ទណ្ឌកម្មសេដ្ឋកិច្ច មិនថាបិទទីផ្សារ ឬផ្តាច់ជំនួយទេ មិនមានប្រសិទ្ធភាពអាចសង្គ្រោះប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើយ គឺខុសស្រឡះពីជំនឿជាក់របស់លោក សម រង្ស៊ី។ ឯគោលដៅដំឡើងប្រាក់ខែ ឬសម្រួលលក្ខខណ្ឌក៏ពិបាកទៅរួចដែរ ព្រោះសហជីព និងកម្មករមិនសប្បាយចិត្តនឹងការអំពាវនាវដាក់ទណ្ឌកម្មស្រាប់ហើយ បរាជ័យសូម្បីតែវាមិនទាន់កើតឡើងផង កុំថាដល់ទៅសហជីព និងកម្មករនឹងធ្វើកូដកម្មកំឡុងពេលដាក់ទណ្ឌកម្ម។

ឧបមាថា ទណ្ឌកម្មពីខាងក្រៅ ឬអន្តរាគមន៍អន្តរជាតិមានប្រសិទ្ធភាពទៅចុះ ផលវិបាកអចេតនាដែលបង្កភាពអវិជ្ជមានមិនបំផុតនោះគឺវាជួយបញ្ជាក់ពីប្រសិទ្ធភាពនៃកត្តាខាងក្រៅ នាំឱ្យពេលមានបញ្ហាក្នុងស្រុកលើកក្រោយទៀត ខ្មែរនឹងនៅតែដង្ហោយរកអន្តរាគមន៍បរទេសម្តងហើយ ម្តងទៀត ដោយសំអាងលើករណីជោគជ័យពីមុន និងបន្តបណ្តុះវប្បធម៌ពឹងបរទេសឱ្យតែកាន់ខ្លាំងបន្ថែមទៀត។ ជាអនុសាសន៍ កូដកម្មជាតាក់ទិចដែលមានប្រសិទ្ធភាពបំផុតក្នុងការទាមទារការដំឡើងប្រាក់ឈ្នួញនិងកែលំអលក្ខខណ្ឌការងារ ព្រោះប្រភពអំណាចចម្បងបំផុតរបស់និយោជក គឺពលកម្មរបស់និយោជិត។

ដូចគ្នាដែរ ប្រភពអំណាចរដ្ឋខ្វះមិនបានគឺបានមកពីប្រជាជន ហេតុនេះចលនាប្រជាជនអហិង្សាគឺជាជម្រើសត្រឹមត្រូវបំផុតក្នុងការទាមទារការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ បើផ្លូវទាំងពីរនេះមានឧបសគ្គ ត្រូវរៀនពីកំហុសឆ្គងបាតុកម្មកូដកម្មឆ្នាំ២០១៣ កែលំអវាឱ្យបាននឹងទទួលបានជោគជ័យ រំពឹងទណ្ឌកម្មនិងអន្តរាគមន៍អន្តរជាតិគឺមិនខុសពីដើរផ្លូវចាស់រហូតទេ៕

ដោយ ទេព រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ