មនុស្ស​៨​នាក់​ស្លាប់ ខណៈ​ជាង​២០​នាក់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ក្រោយ​បរិភោគ​សាច់​ជ្រូក​ព្រៃ

ក្រុម​មន្ត្រី​បាន​ឲ្យដឹង​ថា មន្ត្រី​អនុរក្ស​បរិស្ថាន​ម្នាក់និង​ពលរដ្ឋ៧​នាក់​ នៅ​ឯ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បាន​ស្លាប់ ខណៈ​ដែល​ជាង២០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ បន្ទាប់​ពី​ពួកគេ​បរិភោគ​សាច់​ជ្រូក​ព្រៃ​ចម្អិន​មិន​ល្អ។

អធិការ​នគរបាល​ស្រុក​សណ្ដាន់ លោក អ៊ួង ម៉ូលី បាន​ប្រាប់​វីអូឌី​តាម​ទូរសព្ទ​នៅ​ថ្ងៃ​ចន្ទ​នេះថា ចំនួន​អ្នក​ស្លាប់​ បាន​កើន​ឡើង​ដល់​ចំនួន៨​នាក់​ហើយ ក្នុង​នោះ​មាន​មន្ត្រី​បរិស្ថាន​ការពារ​ព្រៃ​ឡង់​ម្នាក់​ផង​ដែរ បន្ទាប់​ពី​ពួកគេ​បរិភោគ​សាច់​ជ្រូក​ព្រៃ​ឆៅ។

លោក​បន្ថែម​ថា ប្រជា​ពលរដ្ឋ​ជាង២៤​​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ក្នុង​នោះ​មាន​មន្ត្រី​អនុរក្ស​ធនធាន​ធម្មជាតិ​ចំនួន១៤​នាក់​ផង​ដែរ។

ដោយ​ផ្អែក​ទៅ​តាម​ការ​អះ​អាង​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ធំ មន្ត្រី​នគរបាល​រូប​នេះ បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ និង​មន្ត្រី​បរិស្ថាន បាន​ធ្លាក់​ខ្លួន​ឈឺ និង​ស្លាប់ បន្ទាប់​ពី​បរិភោគ​សាច់​សត្វ​ជ្រូក​ព្រៃសម្បូរ​ទៅ​ដោយ​មេរោគ។

លោកថា «​សាច់ជ្រូកមានរោគ យើងអត់ដឹង ជូនកាលឆៅអី បងប្អូនយើងហូបឆៅ ខ្លះអាមេរោគ តាមពេទ្យធ្វើកោសល្យវិច័យមានពងព្រូន ចង់និយាយកូនដង្កូវនៅក្នុងសាច់(ជ្រូក) ចឹងគាត់ប្រហែលជាមានសត្វល្អិតនៅក្នុងខ្លួន សត្វល្អិតហ្នឹងចេញពីសាច់ជ្រូកមកដែរ យើងហូបឆៅ វាចេញតាមគៀន តាមសរសៃ​ឈាម តាមពេទ្យនិយាយចឹងហើមៗ​ហើមដៃ ហើមជើង ហើមមុខហើមមាត់ ហើមខ្លួនទាំងអស់»។

លោកបន្តថា ប្រជា​ពលរដ្ឋ​​ខ្លះ ក្នុង​ចំណោម​ពលរដ្ឋ​ធ្លាក់​ខ្លួន​ឈឺ និង​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នោះ បានធូរ​ស្រាល​ហើយ ហើយ​ពលរដ្ឋ​ខ្លះ​ទៀត នៅ​មិនទាន់បានធូរស្រាលនៅឡើយទេ។

ប្រធានមន្ទីសុខាភិបាលខេត្តកំពង់ធំ លោក ស្រី ស៊ីន អះ​អាង​ថា ពលរដ្ឋនិងមន្ត្រីការពារបរិស្ថាន បាន​ធ្លាក់​ខ្លួន​ឈឺ និង​ស្លាប់​ ដោយសារ បរិភោគសាច់ជ្រូកព្រៃឆៅ ដោយមិនបានចម្អិន។

លោកថា៖ «យើងបានបញ្ជាក់ច្រើនហើយ តាមព័ត៌មានដែលផ្សាយចេញទៅ គឺមកពីហូបសាច់ជ្រូកព្រៃឆៅ ដែលមានពងដង្កូវព្រូនសាច់ជ្រូកដែលគាត់ហូបហ្នឹង គឺនៅនឹងព្រៃ យើងមិនដឹងថាគាត់យកមកពី និយាយព័ត៌មានយើងតែគាត់ហូបជ្រូកព្រៃដែលចាប់បាននៅនឹងព្រៃហ្នឹង»។

មន្ត្រីសុខាភិបាល​រូប​នេះ បាន​អំពាវនាវទៅ​ប្រជាពលរដ្ឋ និងមន្ត្រីបរិស្ថាន ឲ្យ​ប្រុងប្រយ័ត្ន និងត្រូវ​មាន​អនាម័យ។

ករណី​នេះ​បង្ហាញ​ផង​ដែរ​ថា ក្រុម​មន្ត្រី​ការពារ​ធនធាន​ធម្មជាតិ បាន​ចូល​រួម​បំផ្លាញ​សត្វ​ព្រៃ ផ្ទុយ​ទៅ​នឹង​តួនាទី​របស់​ពួកគេ និង​ដូច​ទៅ​នឹង​សម្ដី​លោកនាយករដ្ឋមន្ត្រី ហ៊ុ​ន សែន ដែល​បានរិះគន់ចំពោះមន្ត្រីមួយចំនួនកាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា​ថា ពួកគេ​នៅតែ​បរិភោគសាច់សត្វព្រៃ បើទោះបីជាមានច្បាប់ហាមឃាត់ការ​បរិភោគសត្វព្រៃ​ទាំងអស់នោះក៏ដោយ។

លោក ហ៊ុន សែន មាន​ប្រសាសន៍ថា៖ «ការបរបាញ់សត្វ គឺនៅតែមានជាបន្ត ថាមិនត្រូវទទួលទានសត្វព្រៃទេ ក៏ប៉ុន្តែមិនថាអ្នកមាន អ្នកក្រទេ ចូល​​ចិត្តសត្វព្រៃជាង(សត្វស្រុក)។ នៅត្រង់ណាក៏ដោយ រកជ្រូកព្រៃ រកសាច់ឈ្លូស រកប្រើស។ មានពេល​មួយ ខ្ញុំព្រះករុណាខ្ញុំ ប្រកាសថា មនុស្សទាំងអស់គួរតែឈប់ទទួលទានសាច់ប្រើស សាច់ឈ្លូស សាច់​សត្វ​ព្រៃ ប៉ុន្តែដល់(តែ)រួច(ទៅ ទទួលទាន)សម្លម្ជូរសាច់ជ្រូកព្រៃ»។

របាយការណ៍​​ក្រសួង​សុខាភិបាល​​ចេញ​កាល​ថ្ងៃ​ទី​១២ ខែ​កញ្ញា​កន្លង​មក បាន​បង្ហាញ​ឲ្យដឹងថា ករណី​ពុល​ចំណី​អាហារ​​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ កើតមានលើមនុស្សជាង ៩០០នាក់ ហើយបណ្តាលឲ្យមានអ្នកស្លាប់​ ៤នាក់ ដែលចំនួន​នេះ​បាន​ធ្លាក់​ចុះ​ជិត ២០​ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈ​ពេលដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

បើ​យោង​តាមរបាយការណ៍​ក្រសួង​សុខាភិបាល មនុស្ស​ដល់​ទៅ ៣៨២៤​នាក់ បាន​​ពុល​ចំណី​អាហារ​​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ គិត​ចាប់​ពី​ឆ្នាំ​២០១៥​មក ក្នុង​នោះ​ មនុស្ស ៤៧​នាក់​បាន​ស្លាប់ ដោយសារ​ពុល​ស្រា​មាន​ផ្ទុក​សារធាតុ​មេតាណុល​ខ្ពស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ