រដ្ឋាភិបាលនិងភាគីពាក់ព័ន្ធចាប់ផ្តើមពិភាក្សាដើម្បីកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ២០១៨

កម្មកររោងចក្រ

រដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ ចាប់ផ្តើមពិភាក្សាត្រីភាគី ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ ខណៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសមុនថា ប្រាក់ឈ្នួលកម្មករ នឹងឡើងដល់ ១៦៨ដុល្លារ នៅឆ្នាំ២០១៨ខាងមុខ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៧ បានប្រជុំបិទទ្វារមួយ ដោយមានការចូលរួមពីតំណាងសហជីព តំណាងសមាគមរោងចក្រកាត់ដេរ និងតំណាងរដ្ឋាភិបាល ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌកាត់ដេរ និង ផលិតផលស្បែកជើង សម្រាប់ឆ្នាំ២០១៨។

ថ្លែងបើកកម្មវិធី អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មានប្រសាសន៍ថា ការពិភាក្សាត្រីភាគីលើកទី ១នេះ គឺឲ្យភាគីពាក់ព័ន្ធបង្ហាញហេតុផលរៀងៗខ្លួន ចំពោះការដាក់តួលេខ ប្រាក់ឈ្នួលមកចរចារ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឲ្យដឹងថា ក្រោយពីសិក្សា និងពិភាក្សារគ្នារួចមក ខាងភាគីសហជីព បានកំណត់យកប្រាក់ឈ្នួល ១៧៦.២៥ ដុល្លារ មកចរចារ សម្រាប់ការតម្លើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករ ក្នុងឆ្នាំ២០១៨ ខណៈតំណាងភាគីនយោជក សុំមិនទាន់បង្ហាញតួរលេខនេះនៅឡើយ។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ប្រកាស ពេលដែលលោកចុះជួបកម្មករកន្លងមកថា ក្នុងឆ្នាំ២០១៨ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ នឹងកើនឡើងដល់១៦៨ដុល្លារ ដែលនេះ នៅមិនទាន់គិតពី​ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។

ក្រុមសហជីព រំពឹងថា ការតម្លើងប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០១៨ អាចនឹងបានច្រើនជាងឆ្នាំមុនៗដោយថា ព្រោះជាឆ្នាំបោះឆ្នោត ខណៈតំណាងនិយោជក អះអាងថា ការតម្លើងប្រាក់ឈ្នួលខ្ព ស់នឹងធ្វើឲ្យប៉ះពាល់ដល់ការវិនិយោគរបស់រោងចក្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ