ឡាយ លក្ខិណា នៅបន្តលក់ខោអាវក្នុងផ្សារ​ ក្រោយប្រកាស​​​ចូល​សិល្បៈ

អ្នកនាង​​​ ឡាយ លក្ខិណា (FB)

យោងតាមការប្រកាសរបស់​​​​អ្នកនាង​​​ ឡាយ លក្ខិណា ក្នុងពេលដែលអ្នកនាងបង្ហាញ​មុខឡើងច្រៀងនៅលើកញ្ចក់ទូរទស្សន៍ CTN កាលពីថ្ងៃទី​​​២៣ កញ្ញា អ្នកនាងបញ្ជាក់ថា អ្នកនាង​នឹងត្រលប់ចូលមកកាន់វិថីសិល្បៈ​​​ជាថ្មី​​វិញ​ហើយ ​​ដោយសារតែត្រលប់មក​​លើកនេះ គឺអ្នកនាងនឹងទទួល​រាល់ការអញ្ជើញរបស់​​​​​បណ្ដា​ទូរទស្សន៍​សម្រាប់ការ​ឡើងឆាកនិង​​​ច្រៀង​ខេត្ត​ក្រុងនោះ​ផង។ ​យ៉ាងណាមិញ មានការបញ្ជាក់ថា​​អ្នកនាង​នៅតែបន្តអាជីព​លក់ខោអាវ​​​​ដូច​ដើម​ដដែល បើទោះជា​​​​​ការលក់​ដូររបស់អ្នកនាង​នៅ​ផ្សារ​​អូរឫស្សី​​​ត្រូវ​​គេឃើញថា​ប្ដូរម្ចាស់ថ្មី​។ ​

​​លោក ​អែន ឌី ដែលមានទំនាក់ទំនង​​ជិត​ស្និទ្ធិជាមួយ​​​អ្នកនាង ​​ឡាយ លក្ខិណា និង​បាន​​​​ចាប់ដៃអ្នកនាងឡើងច្រៀងយ៉ាងភ្ញាក់ផ្អើលនៅលើកញ្ចក់ទូរទស្សន៍មុននេះ​ បាន​​ថ្លែងជំនួស​ថា​​តូប​​លក់ខោអាវរបស់អ្នកនាង​​​នៅ​ផ្សារអូរ​ឫស្សី មិនបាន​បិទចោលនោះទេ ​គឺគ្រាន់តែ​អ្នកនាង​ផ្លាស់ប្ដូរទីតាំង ហើយទីទាំង​​​ចាស់ គឺ​​​​អ្នក​​នាងអោយ​​អ្នក​​​​​ផ្សេង​មើលការ​​ខុសត្រូវ​​។

លោកមិន​​​​បានបញ្ជាក់ច្បាស់​ថា​​តូប​លក់ខោអាវរបស់អ្នកនាង​នៅផ្សារ​​អូរ​ឫស្សី​​ តើលក់អោយគេ​​​​ ឬ​អោយបងប្អូនក្រុមគ្រួសារអ្នកនាង​ជាអ្នកគ្រប់គ្រង​​នោះទេ ដោយ​អ្នកនាង​បានប្រាប់​​លោក​​ត្រឹមថា ​​អ្នកនាង​មិនបាន​​បិទ​ចោលមុខជំនួញមួយនោះ​​​​​ ព្រោះតែ​សម្រេចចិត្ត​ហក់ចូល​​សិល្បៈប៉ុណ្ណោះ។

លោកថា​​មុខ​របរ​លក់​សំលៀក​​បំពាក់របស់​អ្នកនាង​បានប្ដូរពីផ្សារអូរឫស្សី​​ទៅ​​ផ្សា​រទួល​គោក ដោយ​នៅកន្លែងថ្មីនោះ គឺអ្នកនាងនៅតែអង្គុយ​លក់ដូចមុន​ដដែល ​​​ដោយក្នុង​តូប​ថ្មីនោះ​​​​មិនឃើញមុខអ្នកនាងតែពេល​អ្នកនាងជាប់ចេញទៅ​ក្រៅ​​ប៉ុណ្ណោះ។

លោកថា​អ្នកនាង​​​មិន​ចោលមុខ​​របរ​​លក់​​ខោអាវ​​​​​​​​នោះទេ បើទោះជា​អ្នកនាង​​ត្រូវសម្រេចចិត្តទទួលច្រៀង​លើឆាក​តន្ត្រី​ដូច​ដើម។ លោកថាអ្នកនាង ​​ឡាយ លក្ខិណា ​​រមែង​ចេញ​​ចូលប្រទេសថៃ និងបរទេស​​ផ្សេងទៀត​​ ​​​​ដើម្បី​ទៅ​​យក​ខោអាវ និង​​​​ឥវ៉ាន់​​​​​​​​មួយចំនួន ​មកតាំងលក់ក្នុងហាង ​តែមិនទាន់​ដឹង​ថា​រហូតដល់ពេលណា​ទើប​អ្នកនាង​​នឹងបើក​ជាហាងធំ​ដុំ​​​​សម្រាប់អាជីវកម្ម​​​​​​លក់ដូរ​​ខោអាវនេះទេ ក្នុងពេលដែលអ្នកនាង​ក៏​​​រវល់​នឹងការ​​ទទួល​ថត​ម៉ូដ
និង​​​ឡើងឆាកទូរទស្សន៍​ក្រោយ​ការប្រកាស​​អោយ​ដឹងថា​​​ចូលសិល្បៈជាថ្មី​​បែបនេះ​។

​​មកទល់ពេលនេះ​ លោកថា​អ្នកនាង​​​​អត់មានកូនចៅ​នៅក្រោមបន្ទុកនោះទេ ​ប៉ុន្តែសម្រាប់​​រឿង​ប្ដីសី​ គឺលោកមិនច្បាស់ដែរ ដោយសារតែមិនបាន​ដឹង។ អ្វីដែល​​លោកមានការព្រួយ​បារម្ភ​​ គឺអ្នកនាង​​​​​​​​​​​​​​មានទម្លាប់ចាស់ទុំជាងមុន​​
និង​​បានប្រាប់ថា​ចូលចិត្ត​ស្លៀកពាក់តែសំលៀក​បំពាក់​​​​បែប​​​​​​​ស្រគត់ស្រគំនិងបុរាណៗ​ ​ទើប​លោកយល់ថា​​​​សម្រាប់កម្មវិធីតន្ត្រី ដែល​ចង់អោយ​អ្នកនាង​​ទៅច្រៀងលោតកញ្ឆេង​​​​​​លើឆាកដូច​មុន​ គឺអ្នកនាង​នឹងអាចប្រកែក​។ ​

លោក​​​ថា​អ្នកនាង ​ឡាយ លក្ខិណា ​​អាច​​​​មានភាគរយតិច​សម្រាប់ការទទួលថត​រឿង ​ដោយសារតែអ្នកនាង​​ក៏មិនចង់​​​​​​​បិទ​តូប​លក់ខោអាវ​ព្រោះតែការងារសិល្បៈបង្ខំអោយអ្នកនាង​បាត់​​​មុខ​​​​រាល់ថ្ងៃ។ ​អ្នកនាង​​​ប្រាប់លោកថា​ទទួល​តែការងារ​​​​​ឡើងច្រៀងនិង​​ថត​​ស្ពត ដែល​​​​តម្រូវ​​អោយរវល់តែមួយថ្ងៃឬកន្លះថ្ងៃប៉ុណ្ណោះ​​​ ចំណែកការងារសិល្បៈដែលតម្រូវអោយអ្នកនាង​​ ត្រូវ​ទុក​តូប​ចោល ហើយ​​មកប្រមូល​លុក​កាក់​​ពី​សិល្បៈ គឺ​​អាច​មិន​​​​ច្បាស់។

យ៉ាងណាមិញ លោកថា​អ្នកនាង​​​​​ក៏អាចពិចារណានោះដែរ ប្រសិន​បើ​​​​​​ខាង​ផលិតករ​​​​ផ្ដល់តំណែងអោយ​អ្នកនាង​​​​បានសម្ដែង​​​​សមរម្យ ​​​​​​​​​​​ហើយសាច់រឿងដែលចង់អោយអ្នកនាងសម្ដែងក៏​​​មើលទៅពេញចិត្ត​​​អ្នកនាង។ លោកថា​អ្នកនាង​​​ត្រលប់មកកាន់​សិល្បៈលើកនេះ មិនមែនដោយអស់ផ្លូវ ​ហើយ​ចង់ល្បីឈ្មោះជាថ្មីម្ដងទៀតនោះទេ ប៉ុន្តែបណ្ដាលមកពី​​​​​លោក​​និងមិត្តភ័ក្រ្ត​ដទៃចេះតែ​​​​​លើកទឹកចិត្តខ្លាំងពេក ហើយគាប់ជួ​ន​ជាអ្នកនាងក៏មិនទាន់​​​នឹងដាច់អាល័យ​ជាមួយ​នឹងការងារ​​​ច្រៀងរាំ​ផង ទើបអ្នកនាងដាក់ចិត្ត​​​ថា​​ទទួល​ចេញមុខម្ដង​ទៀត។ លោកនៅតែអះអាងថា អ្នកនាង ​​​ឡាយ លក្ខិណា អត់ចង់​ល្បីឈ្មោះ​​ប្រជែងជាមួយតារា​​ក្មេងៗ​នោះទេ ប៉ុន្តែហេតុ​ផលនៃការត្រលប់ក្រោយគឺដោយសារអ្នកនាង​​ចង់​កុំអោយមហាជន​​ភ្លេច​មុខ​ខ្លាំងពេក និង​លំហែអារម្មណ៍​​​​​​​​​​​​​​បន្ថែមពីលើមុខជំនួញ​​ ទើប​​អ្នកនាង​សម្រេចចិត្ត​​​ជាន់ដាន់ចាស់​​​​​​លើកនេះ​។

​លោកថា​អ្នកនាង​​​ស្រឡាញ់​អាជីព​លក់​ខោអាវជាងជាងការងារ​ថត​​ និង​​ច្រៀង ​​​ដោយសារតែភាពជាក់ស្ដែង​​គឺ​អ្នកនាង​​​​​ទទួល​​​ការងារសិល្បៈ​​​​​តែរង្វង់​​​​​​​​ថ្ងៃណា​ដែលតូប​​​លក់សំលៀកបំពាក់​របស់អ្នកនាង​​​មិនមាន​​​ភ្ញៀវសម្រុក​​​​ខ្លាំង​ប៉ុណ្ណោះ តែបើ​​​​​​​ចំថ្ងៃ​​​​​​​​​​ម៉ូយ​មក​យក​​ទំនិញឬចំថ្ងៃ​ត្រូវឡើងទៅ​​យក​​ឥវ៉ាន់​​​ដើម្បី​​បំពេញហាង គឺអ្នកនាងមិនទទួលតែម្ដង​។

​​​​អ្នកនាង​​​​នឹង​គ្រោង​ចាប់ដៃជាមួយលោកឡើងប៉ុស្ដិ៍​ទូរទស្សន៍​មួយ​​២ទៀតក្នុងពេលដ៏ខ្លី ​ដែល​​​​កម្មវិធី​​ត្រូវឡើងបន្តគឺអាចជា​​កម្មវិធី​​តន្ត្រីរបស់​​ MY TV CTN និងក្នុង​កម្មវិធី​​​លេងហ្គេមរបស់ទូរទស្សន៍​​​​ជា​ដើម។ យ៉ាងណាមិញ អ្នកនាងក៏​​​អាចនឹងឡើងច្រៀង​​រាំតែឯង​​​តាមការ​តម្រូវរបស់​​​​​​​​​​អ្នក​​រៀបចំ​កម្មវិធីនោះដែរ ​​​ប្រសិន​បើ​​ការអញ្ជើញនោះគឺអ្នកនាង​ពេញចិត្ត​។ ​

​​ជាមួយ​នឹង​ការបញ្ជាក់អោយដឹងរបស់​លោក អែន ឌី បាន​បង្ហាញយ៉ាងច្បាស់ថា​ អ្នកនាង ​ឡាយ​ លក្ខិណា ពិតជាវិលត្រលប់មកកាន់សិល្បៈដូចអំឡុងជាង​១០ឆ្នាំមុន​​​​​​​​​​​​​​​ទៀតហើយ ​​ដោយការត្រលប់មកលើកនេះ គឺមិនមែនដោយសារតែអ្នកនាង​​ឡុង​ចុង​មុខជំនួញ​ដូចការលើកឡើងក្រោយពេលតូបរបស់អ្នកនាងនៅផ្សារ​អូរឫស្សី ត្រូវបានជំនួស​ដោយអ្នកថ្មីនោះទេ។ ​​​​​​​​​​អ្នកនាង​​នៅតែ​មិនចោល​មុខ​​របរ​​​​​​នោះ ​​​​ដោយគ្រាន់តែ​​បាន​​​ផ្លាស់ប្ដូរទីតាំងពី​​​​​​ទៅបើកនៅ​ផ្សារ​ទួលគោកជាជំនួសប៉ុណ្ណោះ។

លោកថា អ្នកនាង​​ ឡាយ លក្ខិណា គឺជា​​តារា​​ល្បីឈ្មោះក្នុងជំនាន់​​​​អ្នកនាង ​ពេជ្រ ច័ន្ទបូរមី, ​​​ស្រីតូច​ ចំណាន, និង​សៀម ស្រី​ណុច ដែលក្នុងពេលនោះអ្នកទាំង​​៤ត្រូវបានគេអោយឈ្មោះថា​​​ជា​​​រាជិនីសម្រស់ និង​ជាតារា​​​​​​លំដាប់ជួរមុខ​​​​ក្នុងពិភព​សម្ដែង និងចម្រៀង។

​គួរបញ្ជាក់ថា ​​​អ្នកនាង ឡាយ លក្ខិណា ធ្លាប់បាន​ល្បី​ល្បា​ញយ៉ាងខ្លាំង​​មុនពេល​លាឈប់សិល្បៈកាលពីអំឡុង​​​​​ដើមទសវត្យរ៍​​​ឆ្នាំ២០០០។ ​អ្នកនាង​បានសម្រេចចិត្ត​បាត់មុខពីសិល្បៈ​​បន្ទាប់ពីមាន​វាសនា​​​​​ភ្ជាប់ពាក្យជាមួយមន្ត្រី​​​
សំបូរ​ទ្រព្យ​ម្នាក់ ដោយទទួលបាន​​ថ្លៃ​​​បណ្ណាការ​​ និងចិញ្ចៀន​ភ្ជាប់​ពាក្យ​នៅក្នុងពេលនោះ​រហូតដល់​​​រាប់ម៉ឺន​ដុល្លារ
និងត្រូវបានគេចាត់ទុកថា​​​មានសំណាង​ជាងគេ​ក្នុងចំណោម​តារា​​​ល្បី​រួម​ជំនាន់។

ប៉ុន្តែ​​​​អ្នកនាង​បែរជាមាន​វាសនាប្រែប្រួល​​​​ ​​​ក្រោយពីបាក់បែកស្នេហ៍​​​​​​​​​​ ក្នុងពេលដែល​​​​​​តារាស្រី​​៣រូបទៀត ដែលជាប់ឈ្មោះ​ជារាជិនី​ជាមួយនឹង​​អ្នកនាង​បានក្លាយជា​​​​​​​អ្នកមានសំណាងទៅវិញដូចជា​ អ្នកនាង​​​​ ពេជ្រ ច័ន្ទបូរមី ​​បានក្លាយជា​ភរិយារបស់មន្ត្រី​​​ផ្កាយ​​​​២នៅ​​ក្រសួងមហាផ្ទៃ ​​​​​​​​​​​អ្នកនាង​ស្រីតូច ចំណាន បានក្លាយជា​​ភរិយា​របស់​​​លោក គិត ម៉េង និង​​​អ្នកនាង ​​សៀម ស្រីណុច ​ដែល​​ជា​​រាជនីសម្រស់​​​​ក្រោមការ​​​ទទួលស្គាល់របស់មហាជន​​​​​​ដូចគ្នានឹងអ្នកនាង​​ដែរនោះ​ ​បានក្លាយជា​​ភរិយា​របស់អ្នកជំនួញ​​ម្នាក់​នៅអាមេរិក​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ