បក្សប្រឆំាង៖ មានតែអ្នកនយោបាយខ្មែរនិងខ្មែរទេ ទើបដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា​បាន

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ

គណបក្សប្រឆំាង​ បានឲ្យដឹង​ថា ដើម្បីឲ្យ​ស្ថានការណ៍នយោ​បាយនៅកម្ពុជា វិល​ទៅរក​ភាពល្អ​ប្រសើរ​ឡើង​​វិញ បក្សនេះ​ថា មានតែអ្នកនយោបាយខ្មែរនិងខ្មែរទេ ទើប​ដោះស្រាយ​វិបត្តិនយោបាយនេះ​បាន។

សាររបស់គណបក្សប្រឆំាងនេះ ធ្វើឡើងបន្ទាប់ពី សហគមន៍អន្តរជាតិលោក​សេរី បានចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​បន្តបន្ទាប់​ ​​ជំរុញឲ្យអ្នកនយោបាយខ្មែរ ​ត្រូវ​ដោះស្រាយបញ្ហានយោបាយនៅកម្ពុជា ដោយថា​ដើម្បី​​​​ឲ្យការបោះឆ្នោតនៅឆ្នាំ២០១៨ ​មានអព្យាក្រឹត សេរី និងយុត្តិធម៌។

ក្នុង​សន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែកញ្ញានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានថ្លែងថា ការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆំាង​ លោក កឹម សុខា ធ្វើ​ឲ្យស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា កាន់តែ​​​ឡើងកម្តៅ ដោយលោកថា ករណីនេះ មានតែខ្មែរនិងខ្មែរទេ ទើបដោះស្រាយឲ្យស្ថានការណ៍​នយោ​បាយ​​​នៅ​​កម្ពុជា ​​ទៅរកភាពល្អប្រសើរឡើងវិញ។

លោកថ្លែងថា៖ «ការដោះស្រាយបញ្ហា​នៃប្រទេសមួយ អ្វីដែលជាការងារដែលធ្វើជោគជ័យ ហើយមាន​ប្រសិទ្ធ​ភាព គឺការដោះស្រាយរវាងខ្មែរនិងខ្មែរ បរទេសគ្រាន់តែជួយជំរុញឲ្យមានការយកចិត្តទុកដាក់​ រវាង​ខ្មែរ​​​និ​ងខ្មែរឲ្យដោះស្រាយ​បញ្ហាដោយខ្លួនឯងទេ ព្រោះការអនុវត្តឲ្យមានប្រសិទ្ធភាព គឺវាអាស្រ័យលើខ្មែរ និង​ខ្មែរ​ គឺយើងមានការពិសោធន៍នៅឆ្នាំ១៩៩១ បើទោះបីអន្តរជាតិចង់ឲ្យប្រទេសកម្ពុជា​មានសន្តិភាព ក៏​វា​ត្រូវ​ភាគី [ពាក់ព័ន្ធ]…និយាយគ្នាដែរ​ ដើម្បីដោះស្រាយ​បញ្ហា​ទំាងអស់នេះ​​​​»។

អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មិនចាប់អារម្មណ៍ និងការលើកឡើងរបស់លោក សុន ឆ័យ នោះទេ។ លោកថា គណបក្សកាន់អំណាច​ មិនអាចយកវប្បធម៌និទណ្ឌភាពមក​ជជែកគ្នាបានទេ ដោយ​ថា កុំឲ្យប៉ះពាល់​ដល់នីតិរដ្ឋនៅកម្ពុជា​។

លោកនិយាយថា៖ «យើងមិនអាចយកវប្បធម៌និទណ្ឌភាព យកមកអនុវត្តក្នុងប្រទេសប្រជាធិបតេយ្យនិងនីតិរដ្ឋបានទេ ព្រោះយើងអនុវត្តច្បាប់បើកាលណា យកការសម្របសម្រួល ដើម្បីរំលោភទៅលើនីតិវិធីច្បាប់ បានសេចក្តីថា យើងយកវប្បធម៌និទណ្ឌភាពមកនិយាយ​»

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា ធ្លាប់មានប្រសាសន៍ថា បើស្ថានការណ៍នយោបាយកម្ពុជា នៅតែបន្តឡើងកំដៅ ហើយមិនមានការជជែកគ្នា​រវាងអ្នកនយោបាយ​បក្សកាន់អំណាច និងបក្សប្រឆំាង។ លោកថា សហគមន៍អន្តរជាតិ ដែលជាប់កាត​ព្វកិច្ចឃ្លាំមើលដំណើ​រការវិវឌ្ឍនៃ​ដំណើរកា​រប្រ​ជា​ធិ​​ប​តេ​យ្យ​​​​នៅកម្ពុជា អាចនឹងប្រើយន្តការដាក់សម្ពាធ។

លោកថា៖ «យន្តការរបស់សហគមន៍អន្តរជាតិមានច្រើន។ ដំបូងគេបញ្ឈប់កូតា ឬក៏អាចគេបិទ​ទីផ្សារ​តែ​ម្តង ទាក់ទិននឹងការនាំចេញផលិតផលសម្លៀកបំពាក់កម្ពុជា បន្ទាប់មក គេអាចផ្តាច់ជំនួយយោធា បន្ទាប់​មក​​បិទទី​ផ្សារ ហុំព័ទ្ធសេដ្ឋកិច្ចប្រសិន បើកម្ពុជាមិនប្រកាន់គោលការណ៍ប្រជាធិបតេយ្យ មិនអាចនិយា​យ​ជា​​ការ​​ព្រមព្រៀងអន្តរជាតិបាន»។

លោក កឹម សុខា ត្រូវ បាន​សមត្ថកិច្ចចាប់ខ្លួន ​ទាំងមានអភ័យឯកសិទ្ធិសភា តាមការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីរំលងអធ្រាត្រ ថ្ងៃទី៣ ខែកញ្ញា ដោយចោទថាពីបទក្បត់ជា​តិ។ ហើយ បើគ្មានអ្វីប្រែប្រួលនោះទេ លោក កឹម សុខា ក៏នឹង​ត្រូវ​ចូល​រួម​សវនាការ នៅថ្ងៃស្អែក ទី២៦ ខែកញ្ញា លើបណ្តឹងសុំនៅក្រៅឃុំ។

លិខិតរបស់អគ្គនាយកដ្ឋានពន្ធនាគារ ផ្ញើទៅអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១៨ ខែកញ្ញា បានស្នើឲ្យសាលាឧទ្ធរណ៍ពិចារណាឡើងវិញ ក្នុងការតម្រូវឲ្យនាំខ្លួនលោក កឹម សុខា ពីពន្ធនា​គារត្រពាំផ្លុង ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមសវនាការនៅថ្ងៃទី២៦ ស្អែកនេះ​ ដោយថា ព្រួយ​បារម្ព​ពីបញ្ហា​សន្តិ​សុខ សុវត្ថិភាព មេបក្សប្រឆំាងរូបនោះ​។​

យ៉ាងណាក៏ដោយ ក្នុងករណីពុំមានវត្តមាន លោក កឹម សុខា នៅក្នុង​សវនាការ នៅសាលាឧទ្ធរណ៍នា​ថ្ងៃស្អែកនេះ លោក សុន ឆ័យ អះអាងថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងនាំ​គ្នា​ទៅ​ចូល​រួម តាមដានស្តាប់សវនាការលើសំណុំរឿងលោក កឹម សុខា ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ