ក្រោយ​រញ្ជួយ​ដី​ខ្លាំង​ក្លា សិស្ស​សាលា​ត្រឡប់​ចូល​រៀន​វិញ​ ខណៈ​សាលា​ជាច្រើន​បន្ត​បិទ​ទ្វារ​នៅ​ឡើយ

សេចក្ដី​រាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា​សាលា​រៀន​ភាគច្រើន​នៅ​ទីក្រុង​ម៉ិកស៊ិក បន្ត​បិទ​ទ្វារ​នៅ​ឡើយ​រហូត​ដល់​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​មហន្តរាយ​កាល​ពី​សប្ដាហ៍​មុន ប៉ុន្តែ ក្មេងៗ​នៅ​ក្រៅ​រដ្ឋ​ធានី​នេះ គ្រោង​នឹង​វិល​ត្រឡប់​ទៅ​សាលា​រៀន​របស់​ពួកគេ​វិញ​ហើយ បើទោះបី​ជា​ភាព​ភ័យ​ខ្លាច​នៅ​បន្ត​ញាំ​ញី​ប្រទេស​នេះ​ក៏​ដោយ។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ផ្សាយ​ថា ប្រតិបត្តិការ​ស្វែង​រក​មនុស្ស​នៅ​រដ្ឋ​ធានី​នេះ មាន​លក្ខណៈ​ពិបាក​ដោយ​ត្រូវ​ប្រឈម​នឹង​អគារ​បាក់​បែក​ដួលរលំ ដោយសារតែ​រញ្ជួយ​ដី​កម្លាំង ៧.១​រ៉ិចទ័រ កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៣២០​នាក់។

រញ្ជួយ​ដី​នេះ​បាន​បង្ខំ​មនុស្ស​រាប់​ម៉ឺន​នាក់​ឲ្យ​គ្មាន​ជម្រក​ផ្ទះ​សម្បែង ហើយ​មនុស្ស​ជាច្រើន​បាន​រស់​នៅ​ក្រោម​ជម្រក​តង់​នៅ​តាម​ផ្លូវ ឬ​នៅ​តាម​ជម្រក​សង្គ្រោះ ប៉ុន្តែ មាន​សញ្ញា​បង្ហាញ​ថា មនុស្ស​ ២០​លាន​នាក់ ដែល​កំពុង​រស់​នៅ​តំបន់​ទីក្រុង​នោះ បាន​ចាប់​ផ្ដើម​វិល​ជីវិត​របស់​ពួកគេ​ឡើង​វិញ​បណ្ដើរៗ​ហើយ។

សង្កាត់​ខ្លះ​ក្នុង​ចំណោម​សង្កាត់​រង​ផល​ប៉ះពាល់​ភាគ​ច្រើន អគារទាំង​ឡាយ​ដែល​សាង​សង់​នៅ​នៅ​បឹង​បុរាណ នៅ​តែ​បន្ត​រាំង​ស្ទះ​ដល់​ប្រតិបត្តិការ​ស្វែង​រក​មនុស្ស​របស់​ក្រុម​ជួយ​សង្គ្រោះ។

សាលា​រៀន​ជាង ៤​ម៉ឺន ៤​ពាន់​កន្លែង​នៅ​ក្នុង​រដ្ឋ​ទាំង ៦ នឹង​ត្រូវ​បើក​ទ្វារ​ឡើង​វិញ​នៅ​ថ្ងៃ​ចន្ទ​នេះ ប៉ុន្តែ មាន​តែ​សាលា​រៀន ១០៣​កន្លែង​ប៉ុណ្ណោះ​នៅ​ទីក្រុង​ម៉ិកស៊ិក បាន​រង​ការ​ខូច​ខាត​បាក់​បែក​រចនា​សម្ព័ន្ធ។

ក្រុម​មន្ត្រី​និយាយ​ថា ពួកគេ​មិន​ចង់​រារាំង​ការងារ​ជួយ​សង្គ្រោះ​នោះ​ទេ ហេតុ​នេះ សាលា​រៀន​រដ្ឋ​ជាង ៤​ពាន់ និង​សាលា​រៀន​ឯកជន​ជាច្រើន​នៅ​រដ្ឋ​ធានី នឹង​នៅ​តែ​បន្ត​បិទ​ទ្វារ​ដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ