លោក​ ហ៊ុន សែន ថ្លែងជាថ្មីថា នឹងកាន់អំណាច១០ឆ្នាំទៀត ទោះមានសម្ពាធពីអន្ដរជាតិ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

ប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជន អះអាងជាថ្មីថា លោកនឹងអាចបន្ដកាន់តំណែងជានាយករដ្ឋមន្ដ្រីចំនួន១០ឆ្នាំទៀត បើទោះបីជាមានសម្ពាធពីសហគមន៍អន្ដរជាតិ។

ថ្លែងពីខេត្តស្ទឹងត្រែង ក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនី «សេសានក្រោម២» នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អះអាងថា លោកនឹងអាចរស់នៅយ៉ាងហោចណាស់៣០ឆ្នាំទៀត និងថា ការកាន់តំណែងនាយករដ្ឋមន្ដ្រីចំនួន១០ឆ្នាំ ឬស្មើនឹង២អាណត្តិទៀតនោះ គឺជារឿងងាយស្រួល សម្រាប់រូបលោក។​

លោកថា៖​ «[…]ហើយខ្ញុំជឿជាក់លើខ្លួនឯងថា យ៉ាងហោចណាស់ ខ្ញុំរស់យ៉ាងតិច៣០ឆ្នាំ អញ្ចឹងការបន្ដធ្វើនាយករដ្ឋមន្ដ្រីចំនួន១០ឆ្នាំទៀត មិនមែនជាបញ្ហាលំបាកសម្រាប់ខ្ញុំទេ ខ្ញុំសូមអរគុណ! ហើយសង្ឃឹមជឿជាក់ទៅលើការគាំទ្រ របស់ប្រជាពលរដ្ឋ[…]»។

ការថ្លែងជាថ្មីរបស់លោក ហ៊ុន សែន ធ្វើឡើងស្របពេលមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ បានចេញសេចក្ដីថ្លែងការណ៍រិះគន់ និងថ្កោលទោសជាបន្ដបន្ទាប់ ដោយថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញ និងយាយីដល់ក្រុមអង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មានឯករាជ្យ និងការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។

ករណីនេះ កាលពីថ្ងៃទី១៨ខែកញ្ញា កន្លងទៅ សមាជិកសភាអាមេរិកចំនួន​៨រូប បានផ្ញើលិខិតរួមគ្នា ទៅរដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Rex Tillerson ​ដោយទទូចឲ្យរដ្ឋាភិបាលអាមេរិក ធ្វើការជាមួយប្រទេសសម្ព័ន្ធមិត្ត និងសហគមន៍អន្តរជាតិ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ឲ្យមានការគោរពច្បាប់ គោរពសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពសារព័ត៌មាន។​

ក្នុងលិខិតនោះ សមាជិកសភាអាមេរិក បានបញ្ជាក់ថា ពួកគេមានការព្រួយបារម្ភ ពីស្ថានភាពសិទ្ធិមនុស្ស ការគោរពច្បាប់ និងសេរីភាពសារព័ត៌មាន ចាប់តាំងពីមានការបិទអង្គការអន្តរជាតិ NDI ការចាប់ខ្លួនមេបក្សប្រឆាំង និងការយាយីស្ថាប័នព័ត៌មានឯករាជ្យជាបន្តបន្ទាប់។​ ក្នុងលិខិតដដែលនោះ សមាជិកសភាអាមេរិក ក៏បានលើកឡើងនូវក្ដីបារម្ភថា កម្ពុជាដើរចេញពីគន្លងលទ្ធិប្រជាធិបតេយ្យ ដែលពួកគេថា អាចប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅឆ្នាំក្រោយ។​

អ្នកនយោបាយជើងចាស់ លោក លឺ ឡាយស្រេង វិភាគថា លោក ហ៊ុន សែន នឹងមិនអាចជាប់ឆ្នោត ធ្វើជានាយករដ្ឋមន្ដ្រីមួយអាណត្តិទៀតឡើយ ប្រសិនបើរដ្ឋាភិបាលមួយនេះ បន្ដបង្ក្រាប និងចាប់ចងក្រុមអ្នករិះគន់។

លោក លឺ ឡាយស្រេង វិភាគទៀតថា សហគមន៍អន្ដរជាតិ នឹងដាក់គំនាបយ៉ាងពិតប្រាកដ ដោយលោកថា សម្ពាធនយោបាយនោះ នឹងធ្វើឲ្យរងទុក្ខតែប្រជាពលរដ្ឋខ្មែរ ដែលនាំឲ្យពួកគេស្អប់ខ្ពើម និងលែងមានជំនឿលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន តទៅទៀត។

 

លោក ហ៊ុន សែន ដែលសព្វថ្ងៃ មានអាយុ៦៥ឆ្នាំ បានគ្រប់គ្រងកម្ពុជា រយៈពេលជាង៣ទស្សវត្សមកហើយ ចាប់​ពីឆ្នាំ​១៩៨៥មក។ លោក ហ៊ុន សែន ​ត្រូវ​បាន​ការ​សែត​​អាមេរិក «​វ៉ា​ស៊ិន​តោន​ប៉ុស្តិ៍» ចាត់​ចំណាត់​ថ្នាក់ ​​ជា​មេដឹកនាំ​កាន់អំណាចដ៏​យូរ​បំផុត ក្នុង​ចំណោម​មេដឹកនាំ​២៣​រូប​ទៀត ដែល​ថា មិន​ព្រម​ចុះចេញ​ពី​តំណែង បើទោះជា​មាន​បាតុកម្ម​ទាមទារ​ឲ្យ​លាលែង ឬពេលចាញ់​ឆ្នោត​ក៏​ដោយ។​

កាសែត​អាមេរិក​ ​ដដែលនេះ សរសេររិះគន់​ថា កម្ពុជាក្រោម​ការ​គ្រប់​គ្រង​របស់​លោក ​ហ៊ុន សែន ​មាន​ទាំង​ជោគ​ជ័យ ភាព​រីកចម្រើន ការ​ភ័យខ្លាច និទណ្ឌភាព បក្សពួក​ គ្រួសារនិយម និងអំពើ​ពុករលួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ