ចៅសង្កាត់ដែលវាយសន្ដិសុខម្នាក់មិនចូលខ្លួនតាមការកោះរបស់សមត្ថកិច្ច

លោក ហួរ ហួត បានចុះទៅសួរសុខទុក្ខនិងសុំទោសជនរងគ្រោះដោយផ្ទាល់នៅមន្ទីរពេទ្យ (រូបភាពពី FreshNews)

អាជ្ញាធរខណ្ឌច្បារអំពៅបានព្រមានចាត់វិធានការផ្លូវច្បាប់ បន្ទាប់ពីចៅសង្កាត់ព្រែកប្រាមិនបានចូលខ្លួនមកឆ្លើយបំភ្លឺករណីវាយដំលើសន្ដិសុខម្នាក់ឲ្យរបួស។

យុវជនជាសន្ដិសុខឈ្មោះ មាស ដុំដី អាយុ១៩ឆ្នាំ បានទទួលរងរបួសធ្ងន់ ដោយថាចៅសង្កាត់ព្រែកប្រាលោក ហួរ ហួត ដែលគេស្គាល់ថា ជាកូតាមកពីគណបក្សប្រជាជនកម្ពុជា បានវាយមួយដៃចំក្បាលទប់នឹងជញ្ជាំងថ្ម កាលពីថ្ងៃចន្ទម្សិលមិញ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនបន្ដទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយសារអាការៈធ្ងន់ធ្ងរពេក។

ពាក់ព័ន្ធករណីនេះ លោក ម៉ៅ សឿត អធិការរងនរគបាលខណ្ឌច្បារអំពៅបានឲ្យ VOD ដឹងថាលោកកំពុងដឹកនាំកម្លាំងដើម្បីតាមឃ្លាំមើលដល់ទីលំនៅរបស់ចៅសង្កាត់ព្រែកប្រា បន្ទាប់ពីលោក ហួរ ហួត មិនបានចូលមកឆ្លើយបំភ្លឺនៅរសៀលថ្ងៃអង្គារនេះ ហើយថែមទាំងបិទទូរសព្ទទៀត។

លោកថា៖ «ចំណាត់ការជាគោលការណ៍ មានគោលការណ៍មួយថាត្រូវឲ្យឃាត់ ប៉ុន្ដែឥឡូវហ្នឹង ខាងចៅសង្កាត់ គាត់បិទទូរសព្ទ ហើយគាត់គេចខ្លួនទៅបាត់ហើយ។ ខាងខ្ញុំដាក់កម្លាំងទៅផ្ទះ ទៅកន្លែងគាត់ធ្វើការ ដូចជាអត់ឃើញ។ ឥឡូវយើងកំពុងចុះកម្លាំងតាមមើល។ ឥឡូវហ្នឹងលោកព្រះរាជអាជ្ញា គាត់អនុញ្ញាតឲ្យហើយ អញ្ជើញគាត់មក បើអត់ទេ ឃាត់ខ្លួន»។

ម្ដាយជនរងគ្រោះអ្នកស្រី អ៊ិន សុខា សព្វថ្ងៃកំពុងរស់នៅក្នុងទីក្រុងភ្នំពេញ បានឲ្យដឹងដែរថាអ្នកស្រីបានឃើញហេតុការណ៍វាយដំនេះដោយផ្ទាល់ និងថាអ្នកស្រីមិនពេញចិត្តចំពោះអាកប្បកិរិយារបស់ចៅសង្កាត់ព្រែកប្រានោះទេ។

អ្នកស្រីបន្ថែមថា នឹងដាក់ពាក្យបណ្ដឹងដើម្បីស្វែងរកយុត្តិធម៌ឲ្យកូនប្រុសគាត់ បើទោះបីជានៅព្រឹកថ្ងៃអង្គារនេះ លោក ហួរ ហួត បានចុះទៅសួរសុខទុក្ខនិងសុំទោសជនរងគ្រោះដោយផ្ទាល់នៅមន្ទីរពេទ្យក៏ដោយ។

អ្នកស្រីថា៖ «ខ្ញុំក៏នៅជិតវាហ្នឹងដែរ (កូនគាត់) គាត់ (ចៅសង្កាត់) ខឹងហ្នឹង មិនមែនខឹងកូនខ្ញុំទេ ខឹងសន្ដិសុខម្នាក់ទៀត។ ខ្ញុំក៏មិនដឹងសន្ដិសុខម្នាក់ហ្នឹងនិយាយរឿងអីជាមួយគាត់ដែរ។ សម្រាប់អាមួយហ្នឹងវាថ្វាយបង្គំសុំទោស ហើយកូនខ្ញុំ វាមកពីប្រជុំ វាមកដល់សួរ ថី បង!! គ្រាន់តែថីបង គាត់វាយបាត់»។

មន្ដ្រីសង្គមស៊ីវិលបានចាត់ទុកទង្វើរបស់ចៅសង្កាត់ព្រែកប្រាថា មិនអាចទទួលយកបាននិងទទូចឲ្យអាជ្ញាធរចាត់វិធានការតាមច្បាប់ ជាជាងការសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ។

លោក អំ សំអាត មន្ដ្រីស៊ើបអង្កតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សអង្គការលីកាដូបានឲ្យដឹងថាចំពោះករណីនេះ ចៅសង្កាត់ព្រែកប្រានឹងត្រូវប្រឈមពីបទហិង្សាដោយចេតនា។

លោកបញ្ជាក់ថា៖ «រាល់បុគ្គលណាក៏ដោយឲ្យតែប្រើប្រាស់ហិង្សារហូតទៅដល់គេមានរបួសស្នាម ហើយបើរងរបួសធ្ងន់ធ្ងរ អាហ្នឹងវាត្រូវទទួលទោសតាមផ្លូវច្បាប់ មិនថាបុគ្គលនោះជានរណាទេ»។

ម្ដាយជនរងគ្រោះអ្នកស្រី អ៊ិន សុខា ឲ្យដឹងទៀតថាអាការៈកូនប្រុសគាត់មកទល់នឹងពេលនេះ គឺមិនទាន់ដឹងខ្លួនវិញនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ