IMF ព្រមានថា បញ្ហានយោបាយ អាចនឹងប៉ះពាល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា

ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

អង្គការអន្ដរជាតិមួយ ព្រមានថា បញ្ហានយោបាយ ដែលកំពុងឡើងកម្ដៅខ្លាំង អាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយថា ក្រុមអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍បរទេស កំពុងបារម្ភពីភាពមិនច្បាស់លាស់ នៃការបោះឆ្នោត នាពេលខាងមុខ។

ក្នុងរបាយការណ៍ ចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុន មូលនីធិរូបិយវត្ថុអន្ដរជាតិ ហៅកាត់ថា IMF (International Momentary Fund) បានកោតសរសើរ ចំពោះកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ដែលរំពឹងថា នឹងកើនដល់ ៦,៩ភាគរយ នៅឆ្នាំនេះ និងឆ្នាំក្រោយ ដោយថា កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ប៉ុន្ដែ អង្គការអន្ដរជាតិនេះ ថា បញ្ហាមួយទៀតនោះ គឺភាពមិនច្បាស់លាស់នៃការបោះឆ្នោតនៅឆ្នាំក្រោយ ដែលថា ធ្វើឲ្យប៉ះពាល់អារម្មណ៍​ របស់ក្រុមហ៊ុនវិនិយោគក្នុងស្រុក និងភ្ញៀវទេសចរណ៍បរទេស។

បើតាមរបាយការណ៍ដដែល មូលនិធិរូបិយវត្ថុអន្ដរជាតិ បន្ដថា ស្ថិរភាពនយោបាយ គឺជារឿងសំខាន់សម្រាប់កម្ពុជា ដែលពឹងផ្អែកលើទំនាក់ទំនងជាមួយប្រទេសដៃគូពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង និងការនាំចេញផលិតផល ទៅលក់នៅទីផ្សារអន្ដរជាតិ។

អង្គការមូលនីធិរូបិយវត្ថុអន្ដរជាតិ ក៏ព្រមានពីហានិភ័យមួយចំនួនទៀត ដែលកម្ពុជាអាចជួបប្រទះ ដូចជា ញ្ហាបបម្រែបម្រួលអាកាសធាតុ ការប្រកួតប្រជែងក្នុងតំបន់ ការធ្លាក់ចុះនៃតម្លៃប្រាក់រៀល និងផលប៉ះពាល់សេដ្ឋកិច្ច បើមហាអំណាចចិន ជួបបញ្ហាកំណើនសេដ្ឋកិច្ចទន់ខ្សោយណាមួយ។

ចាប់តាំងពីដើមឆ្នាំ២០១៧ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងព្រមានជាញឹកញាប់ថា កម្ពុជា នឹងផ្ទុះសង្គ្រាមឡើងវិញ ប្រសិនសិនគណបក្សលោកចាញ់ឆ្នោតនៅឆ្នាំ២០១៨។ មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ បានសំដែងការព្រួយបារម្ភជាបន្ដបន្ទាប់ ក្រោយការនិរទេសខ្លួនរបស់អតីតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី ការចាប់ខ្លួន លោក កឹម សុខា និងបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ មុនការបោះឆ្នោត។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកស្រី សឹង សុផារី យល់ថា នេះគ្រាន់ជាបារម្ភមួយប៉ុណ្ណោះ និងថា កម្ពុជា បានអនុវត្តតាមផែនការយុទ្ធសាស្ដ្រនានា ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ លោកស្រីថា កម្ពុជា មិនព្រួយបារម្ភពីរឿងសំពាធ ឬទណ្ឌកម្មសេដ្ឋកិច្ចនោះទេ​ ដោយថា បើសហគមន៍អន្ដរជាតិចង់ដាក់ទណ្ឌកម្មមែន គឺគេដាក់យូរហើយ។

លោកស្រី៖ «គ្រាន់ជាការបារម្ភ របស់គាត់ មិនមែនជាការពិតណា គ្រាន់ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នរាប់រយ ក្នុងពិភពលោក ហើយស្ថាប័នមួយបារម្ភ យើងហេតុអី ត្រូវព្រួយ ញ័រតាមពួកគាត់។ អត់មាននរណាប្រកាសថា បិទច្រកទីផ្សារអីទេ បើសិនជាគេប្រកាសបិទ គេបិទយូរហើយ វាមិនមែនអូសបន្លាយដល់ថ្ងៃនេះទេ»។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងថា កំណើ​ន​សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងវិស័យកាត់ដេរ គឺស្ទើរ ៨០ភាគរយ ពឹងផ្អែកលើទីផ្សារអាមេរិក សហ​ភាព​អឺរុប និងបណ្តាប្រទេសលោកសេរី មួយចំនួនទៀត។ លោកវិភាគថា ចង់​មិនចង់ រដ្ឋា​​ភិបាល មិ​ន​អា​ចងាកចេញពីគន្លងលទ្ធិប្រជាធិបតេយ្យ ហើយ​​ប​ណ្តោយឲ្យសេដ្ឋកិច្ចរបស់ខ្លួន ដាំក្បាលចុះនោះទេ។

លោកថា៖ «វាធ្វើឲ្យប៉ះពា​ល់ធ្ងន់ធ្ងរ​ ដល់​​វិស័យកាត់ដេរ ហ្នឹងឯង បើវិស័យកាត់ដេរ ប៉ះពាល់ហើយ សេដ្ឋកិច្ចខ្មែរ យើង នឹ​​ងវាអាចនឹងដាំ​ក្បាលចុះ​ហើ​យ ប្រសិនបើរឿងហ្នឹង វាកើតឡើងអញ្ចឹងមែន។ អញ្ចឹ​ង ជារួមសម្ពាធអន្តរជាតិ ​នៅតែមាន ហើយអន្តរជាតិទាំ​ងអស់ហ្នឹង នៅតែ​មានកាតព្វកិច្ច​មួយ​ ក្នុងកា​រធា​នាថា ប្រទេសកម្ពុជាហ្នឹង ដើរលើគន្លងប្រជាធិបតេយ្យសេរីពហុបក្ស»។

ស្ថានការណ៍នយោបាយ ត្រូវបានគេមើលឃើញថា កាន់តែអាក្រក់ទៅ​ បន្ទាប់ពីមានការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីយប់ថ្ងៃទី៣កញ្ញាឆ្នាំ២០១៧ ដោយរងការចោទថា បានឃុបឃិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។

ប៉ុន្ដែ សហរដ្ឋអាមេរិកបានចេញសេចក្ដីថ្លែងការណ៍ ច្រានចោលការចោទប្រកាន់ និងបានដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការលើកម្ពុជាទៀតផង។ បន្ថែមលើសនេះ  កាលពីថ្ងៃទី២៣តុលា សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​ មកពីរដ្ឋ ​តិចសាស លោក​ ថេត គ្រូហ្ស បានដាក់ឪសានវាទ ឲ្យរដ្ឋាភិបាល ដោះលែង លោក កឹម សុខា មុនថ្ងៃទី៩វិច្ឆិកា។ ហើយបើពុំដូច្នេះទេ លោក​ ថេត គ្រូហ្ស ថា លោក និងសមាជិកព្រឹទ្ធសភាផ្សេងទៀត​ នឹងបញ្ចុះបញ្ចូលរដ្ឋការ លោក ដូណាល់ ត្រាំ ហាមមន្ត្រីខ្មែរ មិនឲ្យជាន់ដីអាមេរិកតទៅទៀត។

ចំណែក សហគមន៍អឺរ៉ុប ដែលជាទីផ្សានាំចេញសំលៀកបំពាក់ ដ៏ធំរបស់កម្ពុជា ក៏កំពុងពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ច ផ្នែកប្រព័ន្ធអនុគ្រោះពន្ធ ដែលគិតជាទឹកប្រាក់ប្រមាណជិត ៥ពាន់លានដុល្លារ (នៅឆ្នាំ២០១៦) បើសិនជាមានការរំលាយគណបក្សប្រឆាំង នៅមុនការបោះឆ្នោតមែននោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ