លោក ហ៊ុន សែន ផ្ញើ​សារ​រំលែក​ទុក្ខ ជូឡុង សូមូរ៉ា តែ​មិន​និយាយ​ដល់លោក សម រង្ស៊ី

លោក ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ បានផ្ញើសាររំលែកទុក្ខមួយច្បាប់ ទៅដល់អ្នកស្រី ជូឡុង សូមូរ៉ា ចំពោះមរណភាពម្ដាយបង្កើតរបស់អ្នកស្រី ប៉ុន្តែបែរជាមិននិយាយដល់ឈ្មោះលោក សម រង្ស៊ី ទាល់តែសោះ។

លោក សម រង្ស៊ី គឺជាស្វាមីអ្នកស្រី ជូឡុង សូមូរ៉ា និងជាកូនប្រសារសពអ្នកស្រី មាសកេត សមភ័ក្រ ញឹក ជូឡុង។

នៅក្នុងសាររំលែកទុក្ខផ្ញើជូនអ្នកស្រី ជូឡុង សូមូរ៉ា កាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបរាប់ថា លោក និងភរិយារបស់លោក សូមចូលរួមរំលែកទុក្ខដោយចំពោះមរណភាពអ្នកស្រី មាសកេត សមភ័ក្រ ញឹក ជូឡុង។

អ្នកស្រី មាសកេត សមភ័ក្រ ភរិយាលោក ញឹក ជូឡុង អតីតមន្ត្រីជាន់ខ្ពស់នៃរបបសង្គមរាស្ត្រនិយម បានទទួលមរណភាពកាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ក្នុងជន្មាយុ ៩៧ឆ្នាំ។

ប៉ុន្តែ នៅក្នុងសាររំលែកទុក្ខនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបាននិយាយដល់ទាល់តែសោះដល់ឈ្មោះលោក សម រង្ស៊ី ដែលជាគូប្រជែងនយោបាយរបស់លោក។

លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅឯបរទេសនោះ កំពុងតែប្រឈមមុខនឹងបណ្ដឹងផ្លូវច្បាប់មួយចំនួននៅក្នុងតុលាការកម្ពុជា ដែលប្ដឹងដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងនោះមានទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ