វិភាគ៖ តើលោក សម រង្ស៊ី គួរវិលចូលស្រុកចំពេលម្តាយក្មេកស្លាប់ឬទេ?

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

ការវិលចូលស្រុករបស់មេដឹកនាំគណបក្សប្រឆាំងត្រូវបានលើកឡើងជាថ្មីទៀត ស្របពេលដែលម្តាយក្មេករបស់លោក សម រង្ស៊ី ទទួលមរណភាព។

លោកស្រី ញឹក ជូឡុង មាសកេត សមភ័ត្រ ដែលត្រូវជាម្តាយបង្កើតលោកស្រី ជូឡុង ស៊ូម៉ារ៉ា ភរិយាលោក សម រង្ស៊ី បានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងជន្មាយុ៩៦ឆ្នាំ។

គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា លោក សម រង្ស៊ី នៅមិនទាន់ប្រកាសពីជំហរវិលមកកាន់កម្ពុជាវិញនៅឡើយទេ បន្ទាប់ពីលោកបានលុបចោលគម្រោងវិលចូលស្រុក កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។

ការលុបចោលគម្រោងវិលចូលស្រុកកាលនោះ ដោយលោក សម រង្ស៊ី សំអាងថា មិនចង់ឲ្យមានការបង្ហូររវាងពលរដ្ឋអ្នកគាំទ្រគណបក្សសង្រ្គោះជាតិជាមួយសមត្ថកិច្ចដែលត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យត្រៀមចាប់ខ្លួនមេដឹកនាំគណបក្សសង្រ្គោះជាតិរូបនេះនៅតាមព្រលានយន្តហោះ។

ប៉ុន្តែអ្វីដែលអ្នកវិភាគមើលឃើញថាជាឱកាសនៅពេលនេះ គឺលោក សម រង្ស៊ី អាចវិលចូលស្រុកវិញ ដើម្បីចូលរួមបុណ្យសពម្តាយក្មេក។

លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមមានប្រសាសន៍ថា លោកបានទទួលសារជាច្រើនដែលមជ្ឈដ្ឋាននានាលើកឡើងថា៖ «វាដល់ហើយដែលលោក សម រង្ស៊ី  យកឱកាសនេះចូលមកកម្ពុជាវិញនោះ»។

គួររំលឹកថា កាលពីលោក សម រង្ស៊ី វិលចូលកម្ពុជាវិញកាលពីខែកក្កដា ឆ្នាំ២០១៣ គឺចំពេលដែលឪពុកបង្កើតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលមរណភាព។

លោក សម រង្ស៊ី កាលណោះបានចេញលិខិតចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ លោក ហ៊ុន សែន ហើយក្រោយមកបន្តិចក៏ឃើញមានលិខិតរបស់នាយករដ្ឋមន្រ្តីទៅកាន់ព្រះមហាក្សត្រសុំលើកលែងទោស លោក សម រង្ស៊ី បើកផ្លូវឲ្យចូលរួមឃោសនាការបោះឆ្នោតឆ្នាំ២០១៣។

ចំណែកមរណភាពម្តាយក្មេងលោក សម រង្ស៊ី នៅពេលនេះ លោក ហ៊ុន សែន ក៏បានចេញលិខិតចូលរួមរំលែកទុក្ខដល់ភរិយាលោក សម រង្ស៊ី ផងដែរ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយយល់ថា ផ្អែកតាមរបត់នយោបាយកាលពីឆ្នាំ២០១៣ លោកមើលឃើញថាជាសញ្ញាវិជ្ជមានមួយដែលអាចបើផ្លូវឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ។

លោកមានប្រសាសន៍ថា៖ «យើងអាចចាត់ទុកថា មានលំនាំចឹងដែរ ដូចមានសម្របសម្រួលលំដាប់ឯកជនហ្នឹងបានចាប់ផ្តើម ដូចសម្តេចនាយករដ្ឋមន្រ្តីបានសរសេរចូលរួមរំលែកមរណៈទុក្ខអីជាមួយប្រពន្ធលោក សម រង្ស៊ី ជាការល្អម្យ៉ាងដែរ។ នេះជាឱកាសដែរ បើសិនជាមានការសម្របសម្រួលដោះស្រាយនយោបាយ»។

សម្រាប់ លោកបណ្ឌិត មាស នី ប្រសិនបើលោក សម រង្ស៊ី វិលមកកម្ពុជាពេលនេះ លោកយល់ថារដ្ឋាភិបាលទំនងមិនចាប់ខ្លួនភ្លាមៗទេ។ លោកមានប្រសាសន៍ថា រដ្ឋាភិបាលអាចដកថយមួយជំហាន ដើម្បីរៀបចំយុទ្ធសាស្ត្រឡើងវិញករណីលោក សម រង្ស៊ី។

កាលពីខែតុលាឆ្នាំនេះ រដ្ឋាភិបាលកម្ពុជាបានរៀបចំផែនការជាស្រេច ដើម្បីទប់ស្កាត់មិនឲ្យមេដឹកនាំគណបក្សប្រឆាំងឈានជើងជាន់ទឹកដីកម្ពុជាបានឡើយ។

ក្នុងលិខិតដែលយោងតាមចំណាតការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងនោះ សមត្ថកិច្ចបានរៀបចំផែនការ៤ចំណុច ដោយប្រាប់ទៅក្រុមហ៊ុនយន្តហោះទាំងអស់មិនឲ្យលោក សម រង្ស៊ី ឡើងយន្តហោះ ហើយជ្រុលតែឡើងយន្តហោះហើយ ត្រូវបង្វែរឲ្យទៅកាន់កន្លែងដើមវិញ។

វិធានការបន្ទាប់ ករណីយន្តហោះដឹកលោក សម រង្ស៊ី ដល់អាកាសយាន្តដ្ឋានកម្ពុជាហើយ គឺមិនត្រូវឲ្យភ្ញៀវចាកចេញឡើយនិងត្រូវបញ្ជាហោះត្រឡប់ទៅកន្លែងដើមវិញ។

វិធានការចុងក្រោយក្នុងករណី លោក សម រង្ស៊ី ចេញផុតយន្តហោះនៅកម្ពុជាហើយ នគរបាលអន្តោប្រវេសន៍ត្រូវចាត់វិធានការតាមច្បាប់។

សម្រាប់លោកបណ្ឌិត សុខ ទូច ជាមន្រ្តីរដ្ឋាភិបាលមួយរូបយល់ថា ករណីលោក សម រង្ស៊ី សាលក្រមបានចូលជាស្ថាពរហើយ លោកថារដ្ឋាភិបាលនឹងអាចចាប់ខ្លួន។

ទោះជាយ៉ាងណា បណ្ឌិតវិទ្យាសាស្ត្រនយោបាយរូបនេះក៏បារម្ភដែរថា នឹងការប៉ះទង្គិចគ្នាកើតឡើងប្រសិនបើមានការចាប់ខ្លួនលោក សម រង្ស៊ី មែននោះ។ លោក សុខ ទូច លើកជាយោបល់ថាអ្នកនយោបាយគួរយកឱកាសនេះ សម្របសម្រួលគ្នាជាការប្រសើរ។

លោក សម រង្ស៊ី បាននិរទេសខ្លួនទៅក្រៅប្រទេសក្រោមហេតុផលនយោបាយចំនួន៣ដងមកហើយ គឺកាលពីណត្តិទី៣ អាណត្តិទី៤ ក្នុងឆ្នាំ២០០៩ និងអាណត្តិទី៥នេះ ។

កាលពីនិរទេសខ្លួនឆ្នាំ២០០៩ ក្រោយដកបង្កោលតម្រុយព្រំដែនកម្ពុជានិងវៀតណាមនោះ អ្នកវិភាគមិនរំពឹងថាលោក សម រង្ស៊ី អាចវិលចូលស្រុកវិញបានឡើយ។ ទីបំផុតមេដឹកនាំគណបក្សប្រឆាំងរូបនេះ នៅអាចវិលមកធ្វើនយោបាយវិញដោយមានការលើកលែងទោសតាមរយៈសំណើរបស់នាយករដ្ឋមន្រ្តី។ ប៉ុន្តែសម្រាប់លើកនេះ លោក ហ៊ុន សែន បានប្រកាស កាត់ដៃខ្លួនឯងចោល ប្រសិនបើលោកចុះហត្ថលេខាលើសំណើសុំលើកលែងទោសឲ្យលោក សម រង្ស៊ី ទៀតនោះ។

បើតាមលោកបណ្ឌិត ឡៅ ម៉ុងហៃ លោក សម រង្ស៊ី គួរនៅក្រៅប្រទេសរហូតដល់ពេលគណបក្សរបស់លោកឈ្នះឆ្នោតចាំវិលមកដឹកនាំតែម្តង។ លោកលើកឧទារហណ៍មេដឹកនាំបដិវត្តន៍ប្រទេសរុស្ស៊ី ឡេនីន។

លោកលើកឡើងថា៖ «កាលពីបដិវត្តន៍ប្រទេសរុស្ស៊ីឆ្នាំ១៩១៧ មេដឹកនាំបដិវត្តន៍ហ្នឹង និរទេសខ្លួននៅក្រៅប្រទេសទេ ហើយមានបដិវត្តន៍ទៅ គាត់រៀបចំជាមេក្លោង ជាមេគំនិតផងដែរ។ ដល់ពេលបដិវត្តន៍[បានជោគជ័យ]ទៅ គាត់វិលដឹកនាំ[ប្រទេស]តែម្តង»។

យ៉ាងណាក៏ដោយ ការវិលមកកម្ពុជាឬមិនវិលរបស់លោក សម រង្ស៊ី នឹងត្រូវបានដឹងនៅមុនពេលបោះឆ្នោតឃុំឆ្នាំក្រោយនេះនិងការបោះឆ្នោតជាតិឆ្នាំបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ