ផលិតករ​ប៉ុស្ដិ៍​លេខ​​៥ ពន្យល់ពីករណីទិញ​សិទ្ធិ​ថត​រឿង ​«នាងផ្កាយ​ព្រឹក»

បន្ទាប់ពីមានការរិះគន់លើករណីទិញសិទ្ធិថតរឿង «នាងផ្កាយព្រឹក» ឡើងវិញ ជាទម្រង់ភាពយន្តខ្មែរ ថ្នាក់ដឹកនាំនៅប៉ុស្ដិ៍លេខ៥ងហាក់មិនបានឆ្លើយតបភ្លាមៗពាក់ព័ន្ធនឹងប្រតិកម្មធ្ងន់ៗនោះឡើយ។ យ៉ាងណាមិញក្នុងជំនួបដោយផ្ទាល់កាលពីថ្ងៃទី២១ ខែវិច្ឆិកា មន្ត្រីទទួលបន្ទុកបានអះអាងថាប្រតិកម្មរបស់អ្នកលេងហ្វេសប៊ុក គឺជាការសំឡឹងឃើញតែមួយជ្រុង និងថាប៉ុស្ដិ៍លេខ៥ចំណាយលុយទិញសិទ្ធិដើម្បីបានឆ្អឹងរឿង «នាងផ្កាយព្រឹក» យកមកថតនោះ ក្នុងបំណងលើកស្ទួយវិស័យភាពយន្តខ្មែរទៅវិញទេ។

លោក ហួង តារាមុន្នី ប្រធានគ្រប់គ្រងការផលិតភាពយន្តប្រចាំនៅប៉ុស្ដិ៍លេខ៥បានអះអាងថា លោកមានការហួសចិត្តយ៉ាងខ្លាំង នៅពេលដែលមានការលើកឡើងថាផលិតករកុននៅប៉ុស្ដិ៍លេខ៥គឺជាក្រុមមនុស្សគ្មានខួរក្បាល គ្មានគំនិតបង្កើតថ្មីក្រៅពីការចម្លងគេ ទាំងអត់មើលថា ស្ថាប័នរបស់លោកបានផលិតរឿងថ្មីច្រើនប៉ុណ្ណាក្រៅពីការទិញសិទ្ធិរឿងល្អៗមកពីថៃនោះ។

លោកថារៀងរាល់ថ្ងៃចន្លោះម៉ោងមាសតាំងពីថ្ងៃច័ន្ទរហូតដល់ចុងសប្ដាហ៍ប៉ុស្ដិ៍លេខ៥មានការចាក់ផ្សាយរឿងខ្មែរដោយឡែកពីគ្នា ដោយរឿងភាគច្រើនជាការផលិតដោយផលិតកម្មក្នុងស្រុក និងជារឿងដែលមានការនិពន្ធសាច់រឿងថ្មីជាស្នាដៃកូនខ្មែរទាំងអស់។ លោកថាមានតែអំឡុងថ្ងៃច័ន្ទ និងថ្ងៃអង្គារ៍ប៉ុណ្ណោះ ដែលប៉ុស្ដិ៍លេខ៥ដាក់ផ្សាយភាពយន្តខ្មែរដែលផលិតដោយផលិតករថៃ តែក្រៅពីនោះសុទ្ធតែជារឿងភាគខ្មែរមិនចម្លងទាំងអស់។

លោកថា៖ «បុស្ដិ៍លេខ៥រាល់ថ្ងៃ គ្រាន់តែផលិតកម្មសហការផលិតរឿងឲ្យគឺ៤៥ផលិតកម្ម ចឹងបើនិយាយពីរឿងថ្មីៗច្រើន ចឹងហើយទើបខ្ញុំថាអ្នករិះគន់ខ្លះគាត់មានលក្ខណៈហួសហេតុ ដោយសារតែយើងផលិតថ្មី១០តែយើងទិញរឿងល្អគេយកមកដាក់តែមួយពីរក៏ប្រតិកម្មថាយើងអត់មានគំនិតថ្មី!»

លោកថាការទិញសិទ្ធិរឿងបរទេសយកមកថតជាទម្រង់រឿងខ្មែរ មិនមានតែប៉ុស្ដិ៍លេខ៥នោះទេ ដោយប៉ុស្ដិ៍មួយចំនួនក៏ធ្លាប់ទិញសិទ្ធិពីរឿងបរទេសយកមកថតបែបនេះផងដែរ ដូចជាការទិញសិទ្ធិពីរឿងហ្វីលីពីន និងកូរ៉េជាដើម។ លោកថាហេតុផលដែលប៉ុស្ដិ៍លេខ៥ទិញសិទ្ធិរឿងថៃយកមកថតជាទម្រង់ខ្មែរ គឺដោយសារតែរឿងរបស់ថៃមួយចំនួនមានឆ្អឹងរឿងល្អ ហើយក៏ចង់ឲ្យភាពយន្តខ្មែរមានគុណភាពពេញលេញ មុនពេលអ្នកនិពន្ធខ្មែរមានសមត្ថភាពផលិតឆ្អឹងរឿងបានល្អដូចគ្នានឹងរឿងបរទេស។

លោក ហួង តារាមុន្នី សម្ដែងការសោកស្ដាយដែលក្រុមអ្នករិះគន់បានប្រើសម្ដីធ្ងន់ៗ បន្ទាប់ពីស្ថាប័នរបស់លោកទិញសិទ្ធិរឿង «នាងផ្កាយព្រឹក» យកមកថតជាទម្រង់បែបខ្មែរ។ លោកទទូចឲ្យមានការបែងចែកឲ្យបានដាច់ស្រឡះរវាងបុគ្គលនាងផ្កាយព្រឹក និងឆ្អឹងរឿងរបស់ភាពយន្តរឿងផ្កាយព្រឹក។

លោកនិយាយថាប៉ុស្ដិ៍លេខ៥ នៅតែបន្តចំណាយទុនខ្ពស់ក្នុងការទិញសិទ្ធិឆ្អឹងរឿងល្អៗរបស់ប្រទេសថៃ និងបានទាំងសហការយកក្រុមផលិតករថៃឲ្យមកផលិតភាពយន្តទាំងនោះផង ដើម្បីកុំឲ្យមានការយល់ថាភាព យន្តខ្មែរនៅតែមានកម្រិត និងពិបាកទទួលយកដូចពេលកន្លងមក។ លោកថាប៉ុស្ដិ៍លេខ៥ក្រៅពីគ្មានបំណងបណ្ដុះបង្អាប់ភាពយន្តខ្មែរ និងលើកតម្កើងវប្បធម៌របស់បរទេស គឺរឹតតែចង់អោយភាពយន្តដែលខ្មែរសម្ដែងមានឥតខ្ចោះ និងអាចប្រកួតប្រជែងជាមួយរឿងនៅប្រទេសជិតខាងបាន។

លោកថា៖ «ថ្ងៃនេះអ្នកនិពន្ធយើងមិនទាន់មានលទ្ធភាពផលិតឆ្អឹងរឿងបានល្អ១០០ភាគរយ ចឹងយើងត្រូវប្រើយុទ្ធសាស្រ្តទិញឆ្អឹងរឿងល្អៗពីគេមកប្រើ ប៉ុន្តែដល់ពេលយើងពង្រឹងសមត្ថភាពបានខ្លាំង ហើយផលិតករខ្មែរយើងក៏អាចផលិតរឿងបានគ្រប់គ្រាន់ យើងមិនទៅខ្វល់ទិញរឿងថៃ ឬប្រើផលិតករថៃទៀតទេ ព្រោះផលិតរឿងមួយៗមិនមែនចំណាយតិចឯណា តែសំខាន់យើងចង់អោយរឿងយើងល្អសិន!»

លោកថាក្រុមការងារប៉ុស្ដិ៍លេខ៥ នៅតែប្រកាន់ជំហរទិញសិទ្ធិឆ្អឹងរឿងល្អៗរបស់ប្រទេសជិតខាងយកមកផលិតបន្ថែមទៀត ដើម្បីឲ្យភាពយន្តខ្មែរមានសាច់រឿងខ្មែរ និងតម្រូវទីផ្សារអ្នកចង់ទស្សនារឿងភាគល្អៗ។

លោកបន្តថា៖ «ដ្បិតថាយើងទិញសិទ្ធិរឿងផ្កាយព្រឹកមកថតឡើងវិញមែន ប៉ុន្តែយើងកែសាច់រឿងថ្មីច្រើនណាស់អោយមានអត្តសញ្ញាណជាខ្មែរ! សម្រាប់ខ្ញុំគឺពិបាកផ្គាប់ចិត្តអ្នករិះគន់ ដោយរឿងយើងផលិតថ្មីមានគេថាសាច់រឿងមើលមិនកើត ដល់ពេលទិញឆ្អឹងរឿងល្អពីគេយកមកថតក៏ថាចម្លងគេ!»

លោក ហួង តារាមុន្នី បានអះអាងថាបើទោះជាមានការរិះគន់តែលោកថារឿង «ច័ន្ទវង្វេងមេឃ»ដែលមានលំនាំតាមរឿង «នាងផ្កាយព្រឹក» នៅតែបានដំណើរថត និងរំពឹងថាទទួលជោគជ័យ ដោយផ្អែកថារឿងនោះមានឆ្អឹងរឿងល្អ។

ក្រោយផ្ទុះប្រតិកម្មជាថ្មីជុំវិញប៉ុស្ដិ៍លេខ៥ទិញសិទ្ធិថតរឿង «នាងផ្កាយព្រឹក» តួអង្គនាងផ្កាយព្រឹកត្រូវគេឃើញចេញមុខមកបដិសេធជាថ្មីថានាងមិនដែលបានប្រើសម្ដីចង់បានប្រាសាទអង្គរវត្តដូចអ្វីដែលបណ្ដាលឲ្យមានកុបកម្មកាលពីឆ្នាំ២០០៧ឡើយ។ នាងក៏បានប្រកាសសុំទោសចំពោះពលរដ្ឋខ្មែរ ដើម្បីឲ្យការយល់ច្រលំមួយនោះត្រូវបានជ្រះស្រឡះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ