អាវុធហត្ថជិត២០០នាក់ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ

កម្លាំងប្រដាប់អាវុធខ្មែរ បាតុកម្ម

រដ្ឋាភិបាលបានបណ្ដេញមន្ត្រី​កងរាជ​អាវុធហត្ថជិត២០០នាក់ចេញពីក្របខណ្ឌកងយោធពល​ខេមរភូមិន្ទ ដោយថា ពួកគេបានធ្វើខុសបទបញ្ជាផ្ទៃក្នុងនិងខ្លះជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។

អ្នកនាំពាក្យកងរាជអាវុធហត្ថ លោក អេង ហ៊ី ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថា មូលហេតុនៃការលុបឈ្មោះប៉េអឹម១៨៩នាក់ចេញពីក្របខណ្ឌកងរាជអាវុធហត្ថ ដោយសាររកឃើញថា ពួកគេបានធ្វើខុសបទបញ្ជាផ្ទៃក្នុងទូទៅនិងប្រើប្រាស់គ្រឿងញៀន។ លោកបន្តថា បើទោះបីជារកឃើញថាពួកគេបានប្រើប្រាស់សារធាតុញៀន ប៉ុន្តែពួកគេមិនត្រូវបានដាក់ទោសទេ ដោយគ្រាន់តែបណ្ដេញការងារតែប៉ុណ្ណោះ។

លោកបន្តថា៖ «យើងនៅតែលុបឈ្មោះចោលនឹងឲ្យតែរកឃើញ ថាមានសារធាតុញៀននៅក្នុងខ្លួនគឺយើងលុបឈ្មោះចេញ។ តើមានដាក់ទោសទណ្ឌទេ? ព្រោះធម្មតាគ្រាន់តែមានសារធាតុញៀន ទោះបីនៅក្នុងច្បាប់យើងក៏មិនមានទោសទណ្ឌអីធ្ងន់ធ្ងរដែរ ចឹងការដេញនេះ គឺវាធ្ងន់ណាស់ហើយ»។

គួររំលឹកថា កាលពីឆ្នាំ២០១៦ ក្រសួងមហាផ្ទៃបានសម្រេចបណ្តេញមន្រ្តីនគរបាលនៃបណ្ឌិត្យសភានគរបាលចំនួន២០នាក់ ចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ និង២នាក់ទៀតត្រូវបានដកហូតមុខតំណែង ដោយអះអាងថា ពួកគេមិនបានមកបំពេញការងារនិងអសកម្មនឹងការងារជាដើម។

របាយការណ៍របស់នគរបាលឲ្យដឹងថា រយៈពេល៧ថ្ងៃដំបូងនៅឆ្នាំ២០១៧ នៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស គឺបង្ក្រាបបានជាង១០០ករណី មានជនល្មើសចំនួនជាង៣០០នាក់ ក្នុងនោះរាប់ទាំងកូនប្រុសម្នាក់របស់រដ្ឋលេខាធិការក្រសួងវប្បធម៌ គឺជាអតីត Freshy Boy ឈ្មោះ ថៃ នរៈពិទូ។

យ៉ាងណាក៏ដោយ សង្គមស៊ីវិលយល់ថា ដើម្បីឲ្យការទប់ស្កាត់បទឧក្រិដ្ឋគ្រឿងញៀនមានប្រសិទ្ធភាព លុះណាតែរដ្ឋាភិបាលបង្កើនជំនាញដល់មន្ត្រីគ្រប់ស្ថាប័ន ពង្រឹងការអនុវត្តច្បាប់ លុបបំបាត់អំពើពុករលួយ បក្ខពួកនិយម និងបើកការស៊ើបអង្កេតមួយប្រកបដោយតម្លាភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ