​លោក កឹម សុខា ថាដៃគូ​ប្រកួត​របស់​ខ្លួន​មិន​ទាន់​បើ​ក​សេរីភាព​ឲ្យ​បក្សប្រឆាំង​បំរើ​ពលរដ្ឋ​បាន​ពេញលេញ​

លោក​កឹម សុខា ថ្លែង​ក្នុងសន្និបាត​បក្ស​កាលពីពេលកន្លង​(រូបថតៈណាត សុភាព)

​មេដឹកនាំ​គណបក្សប្រឆាំង​លើកឡើងថា ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន​នៅ​មិនទាន់បើក​សេរីភាព​ពេញលេញឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ទៅ​បំរើ​ប្រជាពលរដ្ឋ​និង​ប្រយោជន៍​ជាតិ​នោះទេ ដោយ​លោក​ថា បើ​ទោះជា​គណបក្ស​នេះ​ប្តេជ្ញា​មិន​យក​ខ្មែ​រណា​ធ្វើ​សត្រូវ​ក៏ដោយ​។​

​ក្នុង​ពិធី​បើក​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​២​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានី​ភ្នំពេញ ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជា​តិលោក កឹម សុខា ថ្លែង​ទៅកាន់​សមាជិក សមាជិកា​ប្រមាណ​១៥០០​នាក់ ដែល​មកពី​២៥​រាជធានី​/​ខេត្ត​ថា គណបក្ស​ខ្លួននៅ​តែ​ឆ្លងកាត់​ព្យុះភ្លៀង​ជាមួយ​ដៃគូ​ប្រជែង​របស់​ខ្លួន​ជាច្រើន​ទៀត រហូតដល់​ការបោះឆ្នោត​២០១៧​នឹង​២០១៨​ខាងមុខ​។ ដៃគូ​ប្រជែង​នោះ​ទំនង​ជា​លោក កឹម សុខា សំដៅ​ទៅ​គណបក្សកាន់អំណាច​៖”​សូម​ចង់ចាំ​ថា ដរាបណា​គូប្រកួត​របស់​យើង​ដឹង​ថា​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ងាក​ទៅ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ គេ​និង​មិន​ឲ្យ​យើង​ឈ្នះ​ដោយ​ងាយៗ​នោះទេ គេ​និង​មិន​ទុក​ឱកាស​ឲ្យ​យើង​ច្រើន​សម្រាប់​ធ្វើការ​ដោយ​សេរី​នោះទេ ក៏​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​គោលនយោបាយ​របស់​យើង​គឺ​ផ្សះផ្សារ​ជាតិ មិន​គំគួន មិន​សងសឹក មិន​យក​ខ្មែរ​ណា​ធ្វើ​ជា​សត្រូវ គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ ខ្មែរ​ទាំងអស់​គ្នា​ជា​អ្នកឈ្នះ​”​។​

​យ៉ាងណា​ក៏​ដោយ​លោក​ថា ដើម្បី​ប្រជាពលរដ្ឋ នឹង​ប្រយោជន៍​ជាតិ លោក​ស្នើ​ទៅ​អ្នកគាំទ្រ​គណបក្សសង្គ្រោះ​ជាតិ​ទាំងអស់​ត្រូវ​តស៊ូ​ដោយ​អហិង្សា ទើប​ទទួលបាន​ផល​វិជ្ជមាន​នៅ​ថ្ងៃ​អនាគត​ដូច​ការ​រំពឹកទុក​៖ “​ខ្ញុំ​យល់​ថា បើ​យើង​តស៊ូ​អត់ធ្មត់​បាន​ច្រើន​ប៉ុណ្ណា ជោគជ័យ​ក៏​នឹង​កើនឡើង​ច្រើន​ប៉ុណ្ណោះ​ដែរ ខ្ញុំ​ជឿថា ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​បើ​ស្រលាញ់​យុត្តិធម៌ គាត់​និង​អាណិត​យើង ស្រឡាញ់​យើង ជឿ​យើង ជួយ​យើង ហើយ​នឹង​ចូលរួម​ជាមួយ​យើង បោះឆ្នោត​ឲ្យ​យើង​ដោយ​សម្រេច​គោលដៅ ដោយ​ប្រជាពលរដ្ឋ​ប្រាថ្នា​ចង់បាន និង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំណត់​ជាមុន​រួចទៅហើយ​”​។​

​លោក កឹម សុខា ចាត់ទុកថា អ្នក​ដែល​បំបែកបំបាក់​ជាតិ បុគ្គល​នោះ​មិនមែន​ជា​ខ្មែរ​ទេ ដោយ​លោក​ថា ខ្មែរ​ត្រូវ​ការរួបរួម​ជាតិ​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន មានប្រសាសន៍ថា រដ្ឋាភិបាលតែងតែ​បើក​សិទ្ធិ​សេរីភាព​ឲ្យ​គណបក្ស​នយោបាយ​ទាំងអ​ស់​បញ្ចេញមតិ និង​ប្រើសិទ្ធិរបស់ខ្លួន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដោយ​លោក​ថា មិន​ដូច​ការលើកឡើង​របស់​លោក កឹម សុខា ដែល​ថា​រដ្ឋា​ភិបាល​មិនទាន់បើក​សេរីភាព​ពេញលេញ​ឲ្យ​គណបក្ស​ប្រឆាំង​ទៅ​បំរើ​ប្រជាពលរដ្ឋ​និង​ប្រយោជន៍​ជាតិ​នោះ​ទេ​។​

​បច្ចុប្បន្ន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០​រូប​ជាប់​ក្នុង​ពន្ធនាគារ ចំណែក​ប្រធានគណបក្ស​នេះ កំពុង​គេចខ្លួន​ទៅ​ក្រៅប្រទេស​គេចចេញ​ទៅ​រស់នៅ​ក្រៅប្រទេស ដើម្បី​គេច​ពី​អំណា​ច​តុលាការ​នៅ​ភ្នំពេញ​។ បញ្ហា​ទាំងនេះ គណបក្សប្រឆាំង រួមទាំង​មន្ត្រី​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​មួយចំនួន​ចាត់ទុកជា​រឿង​នយោបាយ ប៉ុន្តែ​គណបក្សកាន់អំណាច​ថា ជា​ការអនុវត្ត​ច្បាប់​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ