គ.ជ.ប ថានឹងធានាដោះស្រាយបណ្ដឹងឲ្យស្មើភាព

គ.ជ.ប

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប អះអាងថា នឹងធានាដោះស្រាយបណ្ដឹងរបស់គ​ណ​​​បក្សនយោបាយ ឲ្យមានភាពស្មើគ្នា ដោយថា ដើម្បីឲ្យការបោះឆ្នោតប្រព្រឹតទៅឲ្យបានត្រឹមត្រូវ។

អគ្គលេខាធិការរងគ.ជ.ប លោក សោម សូរីដា ប្រាប់អ្នកសារព័ត៌មាន បន្ទាប់បើកវគ្គប​ណ្ដុះ​​បណ្ដាល ដល់មន្រ្ដីការងារបោះឆ្នោតតាមតំបន់ស្ដីពីនិតិវិធី នៃការទទួលនិងដាក់ពាក្យបណ្ដឹង​សម្រាប់ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំសង្កាត់ អាណត្ដិទី៤ឆ្នាំ២០១៧ ដែលធ្វើឡើងនៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី២៦ខែ​មេសានេះ។

លោក សោម សូរីដា ថ្លែងថាគ.ជ.ប វគ្គបណ្ដុះបណ្ដាលនេះ គោលបំណងឲ្យមន្ដ្រីការងារបោះឆ្នោតចំនួន៥៥នាក់មកពី៩ខេត្ដ ចេះអនុវត្ដពីច្បាប់បោះឆ្នោត ជាពិសេសការដាក់បណ្ដឹងនិងដោះស្រាយបណ្ដឹង ដើម្បីឲ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានភាប្រល្អប្រសើរ និតម្លាភាព។

លោកបន្ដថា និតិវិធីនៃការដោះស្រាយបណ្ដឹងនិងការដាក់បណ្ដឹង មិនខុសពីគ.ជ.ប ចាស់នោះទេ ប៉ុន្ដែលោកបារម្ភមន្ដ្រីគ.ជ.បខ្លះ ខ្វះចន្លោះនៅពេលបំ​ពេញការងារ ខណៈដែលការបោះឆ្នោតមានរយៈពេល៥ឆ្នាំម្ដង។​

លោកបន្ដថា ភាគីដែលមិនមិនពេញចិត្ដនឹងលទ្ធផលបោះឆ្នោត មានសិទ្ធិដាក់ពាក្យបណ្ដឹង ដូចនេះគ.ជ.ប ត្រូវដោះស្រាយបណ្ដឹងឲ្យស្របតា​ម​គោលការណ៍ច្បាប់។

លោកបន្ដថា៖ «នៅក្នុងនោះយើងបានកំណត់ដាក់ចេញនូវសៀវភៅណែនៃការដាក់និងដោះស្រាយបណ្ដឹង។ ចឹងឯកសារនេះ ជាឯកសារគោលសំខាន់សម្រាប់ឲ្យមន្ដ្រីគ.ជ.ប បំរើការងារបោះឆ្នោតទាំងអស់គោរពនិងអនុវត្ដតាមហើយកាលណាដោះស្រាយបានល្អបានត្រឹមត្រូវទៅតាមគោលការណ៍នោះ ជាការបំពេញបន្ថែមឲ្យដំណើរការនៃការរៀបចំបោះឆ្នោតប្រព្រឹតកាន់តែល្អប្រសើរឡើង»។

លោក សោម សូរីដា បន្ថែមថា គ.ជ.ប ថ្មីបានបន្ថែមថា នាយកដ្ឋានចំនួន៣បន្ថែមទៀតស​រុបចំនួន៨នាយកដ្ឋាន សម្រាប់គ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត​ផង និងការផលិតបញ្ជីឈ្មោះបោះឆ្នោតផង។

មន្ដ្រីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែលលោក យឿង សុធារ៉ា មានប្រសាសន៍ស្វាគមន៍ចំពោះការលើកឡើងរបស់គ.ជ.ប ដែលលោកថា នេះជាការបង្កើនប្រសិទ្ធិភាពការងារដោះស្រា​យ​ជម្លោះភាគីពាក់ព័ន្ធមកនៅរួមតូច។ ប៉ុន្តែលោកខកចិត្ដចំពោះគ.ជ.ប ចាស់ ដែលដោះស្រាយបណ្ដឹ​ង​​មានភាពមិនប្រក្រតីខ្លះៗ។

លោកបន្ដថា៖​«យើងសង្ឃឹមថា នឹងមានតម្លាភាពកាន់តែច្រើនជាពិសេសគជបថ្មីដែលមានសមាសភាពចម្រុះអាចបង្កើនប្រសិទ្ធិភាពនៃការដោះស្រាយបណ្ដឹង​ហើយធ្វើអបរមាធ្វើឲ្យជម្លោះនៃភាគីពាក់ព័ន្ធឲ្យកាន់តែតូចនិងស្វែងរកយុត្ដិធម៌របស់ភាគីដែលគាត់ដាក់ពាក្យប្ដឹង»។

បើតាមលោក សោម សូរីដា ក្រោយចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតថ្មីគ.ជ.ប បានទទួលបណ្ដឹងចំនួន១៧៣បណ្ដឹង ក្នុងនោះមានបណ្ដឹងជំទាស់សុំលុបឈ្មោះចេញពីបញ្ជីចុះឈ្មោះបោះឆ្នោតថ្មីចំ​នួន១៦៥បណ្ដឹង បណ្ដឹងសុំរក្សាឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មីចំនួន៧បណ្ដឹង និងបណ្ដឹ​ង​​សុំផ្តន្ទាទោសមេឃុំមួយ នៅខេត្ដព្រៃវែងចំនួន១បណ្ដឹង។ ប៉ុន្ដែបណ្ដឹងទាំងនោះគ.ជ.ប ថារក្សាទុកឲ្យនៅដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ