ក្រុម​ហ៊ែកឃ័រ​រុស្ស៊ី​ដាក់​គោលដៅ​វាយ​លុក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​លោក​ ម៉ាក្រុន

ក្រុម​ស្រាវជ្រាវ​សុវត្ថិភាព​ប្រព័ន្ធ​កុំព្យូទ័រ បាន​ឲ្យដឹង​ថា យុទ្ធនាការ​ឃោសនា​នយោបាយ​របស់​បេក្ខជន​ប្រធានាធិបតី​បារាំង លោក អ៊ីម៉ានុយអ៊ែល ម៉ាក្រុន ក្លាយ​ជា​គោល​ដៅ​នៃ​ការ​វាយ​លុក​ពី​សំណាក់​ក្រុម​ចោរ​អ៊ីនថឹណិត​រុស្ស៊ី​កាល​ពី​ខែ​មុន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រុម Trend Micro ដែល​មាន​មូលដ្ឋាន​នៅ​ជប៉ុន បាន​និយាយ​ថា ក្រុម Pawn Storm ដែល​មាន​ទំនាក់​ទំនង​នឹង​ការ​វាយ​ប្រហារ​ធំៗ​នៅ​បណ្ដា​ប្រទេស​លោក​ខាង​លិច បាន​ប្រើ​ប្រាស់​បច្ចេកទេស​បោក​បញ្ឆោត ដើម្បី​ព្យាយាម​លួច​ព័ត៌មាន​ផ្ទាល់​ខ្លួន​ពី​លោក ម៉ាក្រុន និង​សមាជិក​នៃ​ក្រុម​យុទ្ធនាការ​របស់​លោក។

ក្រុម Pawn Storm ក៏​ត្រូវ​បាន​គេ​ជឿ​ផង​ដែរ​ថា ស្ថិត​នៅ​ពី​ក្រោយ​នៃ​ការ​វាយ​ប្រហារ​ទៅ​លើ​គណៈកម្មាធិការ​ជាតិ​ប្រជាធិបតេយ្យ​អាមេរិក កាល​ពី​ឆ្នាំ​មុន  ប៉ុន្តែ សំដៅ​បំផ្លាញ​យុទ្ធនាការ​ឃោសនា​របស់​អ្នកស្រី ហ៊ីលឡារី គ្លីនតុន។

ក្រុម​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​ទំនាក់​ទំនង​នឹង​ទីភ្នាក់ងារ​សន្តិសុខ​រុស្ស៊ី ហើយ​ក្រុង​មូស្គូ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​អ្នក​គាំ​ទ្រ​បេក្ខនារី​ប្រធានាធិបតី​បារាំង អ្នកស្រី ម៉ារីន ឡឺ ប៉ែន ដែល​ជា​គូ​ប្រជែង​តំណែង​ប្រធានាធិបតី​នឹង​លោក ម៉ាក្រុន។ អ្នកស្រី ឡឺ ប៉ែន ធ្លាប់​ជួប​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ទៅ​កាន់​ទីក្រុង​មូស្គូ នៅ​មុន​ការ​បោះ​ឆ្នោត។

លោក ម៉ាក្រុន និង​អ្នកស្រី ឡឺ ប៉ែន គឺ​ជា​បេក្ខជន​ពីរ​នាក់​ចុង​ក្រោយ​សម្រាប់​ការ​បោះ​ឆ្នោត​ជុំ​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា​ខាង​មុខ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជុំ​ទី​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ