របាយការណ៍៖ រដ្ឋាភិបាលកម្ពុជាកំពុងរិតត្បិតសារព័ត៌មានឯករាជ្យកាន់តែខ្លាំង

របាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានពំ្រដែន (Reporters without Borders) បង្ហាញថារដ្ឋាភិបាលកម្ពុជាបានព្យាយាមរិតត្បិតសារព័ត៌មានឯករាជ្យកាន់តែខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។

របាយការណ៍របស់អ្នករាយការណ៍គ្មានពំ្រដែនស្ដីពី«សន្ទស្សន៍សេរីភាពសារព័ត៌មាន»  ចេញផ្សាយថ្ងៃពុធទី២៦ខែមេសាឆ្នាំ២០១៧ បានចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជាថា កាន់តែអាក្រក់ ដោយអង្គការនេះរកឃើញថា កម្ពុជាបានធ្លាក់ចុះ៤ចំណាត់ថ្នាក់ ពីលេខ១២៨នៅឆ្នាំ២០១៦ មកលេខ១៣២នៅឆ្នាំ២០១៧។

បើតាមរបាយការណ៍នេះ អ្នករាយការណ៍គ្មានពំ្រដែនសង្កេតឃើញថាចាប់ពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជាបានរិតត្បិតសេរីភាពសារព័ត៌មានឯករាជ្យកាន់តែខ្លាំងតាមរយៈការចោទអ្នកសារព័ត៌មានទាំងនោះពីបទ «បរិហារកេរ្ដិ៍» និងញុះញង់បង្ខូចកេរ្ដិ៍ឈ្មោះរដ្ឋាភិបាលជាដើម។

អ្នករាយការណ៍គ្មានពំ្រដែនអះអាងថា ការគាបសង្កត់លើបណ្ដាញសារព័ត៌មានឯករាជ្យនៅកម្ពុជាមានសភាពកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីមានករណីឃាតកម្មបាញ់សម្លាប់អ្នកវិភាគបញ្ហាសង្គមលោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

បើតាមរបាយការណ៍ដដែលនេះ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកមានប្រទេសចំនួន២ទទួលបានចំណាត់ថ្នាក់អាក្រក់ជាងគេខាងរិតត្បិតសេរីភាពសារព័ត៌មាន គឺចិនជាប់លេខ១៧៦ និងវៀតណាមជាប់លេខ១៧៥។ ចំណែកហ្វីលីពីនជាប់លេខ១២៧ ប៉ាគីស្ថានលេខ១៣៩ កូរ៉េខាងជើងលេខ១៨០ និងឡាវលេខ១៧០។ចំពោះតំបន់ដែលមានចំណត់ថ្នាក់ល្អជាងគេនៅឆ្នាំ២០១៧ គឺសហភាពអឺរ៉ុប និងបាល់កង់(លេខ១) អាមេរិក(លេខ២) និងតំបន់អាហ្វ្រិក(លេខ៣)។

បើប្រៀបធៀបនឹងឆ្នាំ២០១៦ កម្ពុជាឈរនៅលេខរៀង១២៨ ពោលគឺល្អជាងប្រទេសឥណ្ឌូនេស៊ីដែលទទួលចំណាត់ថ្នាក់១៣០ ថៃ(១៣៦) មីយ៉ាន់ម៉ា(១៤៣) ហ្វីលីពីន(១៣៨) ម៉ាឡេស៊ី(១៤៦) សិង្ហបុរី (១៥៤) និងព្រុយនេ(១៥៥) ឡាវ(១៧៣) និងវៀតណាម(១៧៥)។ ចំណែកប្រទេសដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេនៅឆ្នាំ២០១៦ មានប្រទេសហ្វាំងឡង់ ហូឡង់ និងន័រវ៉េ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ